ជាតិ
សេដ្ឋកិច្ច
៨ខែ អគ្គនាយកដ្ឋាន​គយ ប្រមូលចំណូលចូលជាតិបានជាង១៥០០លានដុល្លារ
11, Sep 2021 , 4:00 pm        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ រូបថត៖ GDC
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ រូបថត៖ GDC
ភ្នំពេញ៖ កម្ពុជា​ទទួល​បាន​ចំណូល​ពី​ពន្ធគយ​ចំនួន ១ ៥២០លាន​ដុល្លារ​ ក្នុង​រយៈពេល៨​ខែ នៃឆ្នាំ ២០២១។ នេះជាការលើកឡើងរបស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដោយបានអះអាងថា ចំនួននេះ គឺ ស្មើ​នឹង​៦៤,២ ភាគរយ​នៃ​ផែនការ​កំណត់​ដោយ​ច្បាប់​ហិរញ្ញ​វត្ថុ។

 
តួលេខ​នេះ ត្រូវ​បាន​លោក​ លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «ការ​ប្រមូល​ពន្ធ​នាំ​ចូល លើយានយន្ត​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេងៗ និង​គ្មាន​ពន្ធ និង​អាករ​នាំ​ចូល» តាម​រយៈ​ប្រព័ន្ធ​អនឡាញ ​កាល​ពី​ថ្ងៃទី​១០ កញ្ញា លោក គុណ ញឹម បញ្ជាក់ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​ពន្ធ​អាករ​នាំ​ចេញ-នាំ​ចូល ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្ដរជាតិ​ដើម្បី​ចំណូល​ជាតិ។

អគ្គនាយកពន្ធគយរូបនេះ បានបន្ត ការ​នាំ​ចូល​រថយន្ត​គ្រឿង​ចក្រ​ម៉ូតូ​និង​យានយន្ត​មួយ​ចំនួន​ទៀត គឺជា​ប្រភព​ទំនិញ​ដែល​បាន​រួម​ចំណែក​ជំរុញ​កំណើន​ការ​ប្រមូល​ពន្ធ​គយ  ពិសេស​ការ​ប្រមូល​ពន្ធ​លើ​ការ​នាំចូល​រថយន្ត​ជ្រក​ក្រោម​ស្លាក ខ.ម និង ន.ប (ខេមរភូមិន្ទ និង នគរបាល)។
 
កាលពីឆ្នាំ ២០២០ ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូលឱ្យជាតិ​បានប្រមាណ២ ៤២០លាន​ដុល្លារ ដែលធ្លាក់​ចុះ ២៤,៨ ភាគរយ បើធៀប​នឹង​ឆ្នាំ២០១៩៕
 

Tag:
 ពន្ធគយ
  លោក គុណ ញឹម
© រក្សាសិទ្ធិដោយ thmeythmey.com