អត្ថបទពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅសារព័ត៌មាន AP Times
11, Sep 2021 , 3:50 pm        
រូបភាព
 ▲លោក ខៀវ កាញារីទ្ធ ប្រគល់លិខិតថ្លែងអំណរគុណជូន AP Times (រូបភាព AP Times)
▲លោក ខៀវ កាញារីទ្ធ ប្រគល់លិខិតថ្លែងអំណរគុណជូន AP Times (រូបភាព AP Times)
តបតាមការអញ្ជើញរបស់លោក លៀវ លីអូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន East Alliance International Culture Media លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានបំពេញទស្សនកិច្ចនៅអង្គភាពសារព័ត៌មាន អាស៊ី ប៉ាស៊ីហ្វិក ថែមស៍ (AP Times) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ AP Times រួមមានលោកអគ្គនាយក Li Tao លោកអគ្គនាយករង Chen Yuchun លោកនិពន្ធនាយក Zhao Yao និងលោកនិពន្ធនាយករង ទៀ សូផាត ជាដើម។

គណៈប្រតិភូក្រសួងព័ត៌មានរួមមានរដ្ឋលេខាធិការលោកកឹម គុណវឌ្ឍន៍ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុលោក លី វ៉ាន់ហុង អគ្គនាយកព័ត៌មាននិងសោតទស្សន៍លោក ផុស សុវណ្ណ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាលោក ឃឹម វុទ្ធី អនុរដ្ឋលេខាធិការលោក ឆាយ សុផល នាយករងខុទ្ទកាល័យលោក ប៉ោ ពុទ្ធារិទ្ធ អគ្គនាយករងព័ត៌មាននិងសោតទស្សន៍លោក អ៊ុក កំពូល។


 ▲លោក Li Tao ស្វាគមន៍ការអញ្ជើញមកដល់របស់លោក ខៀវ កាញារីទ្ធ (រូបភាព ក្រសួងព័ត៌មាន)
ក្រោមការអមដំណើររបស់ថ្នាក់ដឹកនាំ AP Times លោក ខៀវ កាញារីទ្ធ និងគណៈប្រតិភូបានទស្សនកិច្ចក្រុមហ៊ុននិងសមិទ្ធិផលនានារបស់ AP Times ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បុគ្គលិកនិងសហការីក្រុមហ៊ុនទាំងអស់។


 ▲ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនស្វាគមន៍ការអញ្ជើញមកដល់របស់លោក ខៀវ កាញារីទ្ធ (រូបភាព ក្រសួងព័ត៌មាន)


 

 ▲លោក ខៀវ កាញារីទ្ធ ទស្សនកិច្ចការិយាល័យរបស់ AP Times (រូបភាព AP Times)

សារថ្លែងអំណរគុណរបស់លោក លៀវ លីអូ ជូនចំពោះលោក ខៀវ កាញារីទ្ធ
ក្នុងអំឡុងពិធីជួបសំណេះសំណាលទ្វេភាគីរវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោក Li Tao អគ្គនាយក AP Times លោក លៀវ លីអូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន East Alliance International Culture Media បានផ្ញើសារពីទីក្រុងឌូបៃតាមរយៈវីដេអូ ដើម្បីថ្លែងអំណរគុណចំពោះវត្តមានលោក ខៀវ កាញារីទ្ធ និងគណៈប្រតិភូក្រសួងព័ត៌មានដែលបានផ្តល់កិត្តិយសមកបំពេញទស្សនកិច្ចនៅ AP Times។


 ▲ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក លៀវ លីអូ ផ្ញើសារជូនលោក ខៀវ កាញារីទ្ធ តាមវីដេអូ (រូបភាព AP Times)

លោក លៀវ លីអូ បានមានប្រសាសន៍ថា ដោយសារតែរូបលោកកំពុងតែស្ថិតនៅទីក្រុងឌូបៃ ដូច្នេះអាចត្រឹមតែថ្លែងអំណរគុណតាមរយៈវីដេអូនេះតែប៉ុណ្ណោះ ហើយលោកក៏សុំការយោគយល់និងអធ្យាស្រ័យពីលោករដ្ឋមន្ត្រីផងដែរ។ លោកថ្លែងថា AP Times នឹងធ្វើការផ្សាយដោយផ្តោតលើខ្លឹមសារស៊ីជម្រៅពីគោលនយោបាយអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគនៅកម្ពុជា ដើម្បីចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ធ្វើយ៉ាងណាដើម្បីឱ្យ AP Times ក្លាយជាច្រកមួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយភាសាចិននៅកម្ពុជាឆ្ពោះទៅកាន់ពិភពលោក។
 
លោកបានថ្លែងទៀតថា បន្ទាប់ពីធ្វើការរៀបចំយ៉ាងមមាញឹករយៈពេលប៉ុន្មានខែមកនេះ AP Times នឹងធ្វើការចេញផ្សាយជាផ្លូវការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីអបអរសាទរថ្ងៃខួបកំណើតលោក ខៀវ កាញារីទ្ធ ផ្ទាល់តែម្តង។ លោកបានថ្លែងអំណរគុណក្រសួងព័ត៌មានយ៉ាងជ្រាលជ្រៅដែលបានគាំទ្រ AP Times ព្រមទាំងបានផ្តល់ការណែនាំនិងយកចិត្តទុកដាក់យ៉ាងកក់ក្តៅចំពោះសារព័ត៌មានទាំងអស់នៅក្នុងប្រទេសកម្ពុជា រួមទាំងសារព័ត៌មានភាសាចិនផងដែរ។
 
លោកជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោមការណែនាំដ៏ត្រឹមត្រូវរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន វិស័យសារព័ត៌មាននៅកម្ពុជាប្រាកដជានឹងបន្តរីកចម្រើនជាលំដាប់ ហើយ AP Times ក៏នឹងនាំមកនូវការអភិវឌ្ឍប្រកបដោយភាពចាស់ទុំ ដោយមិនឱ្យឯកឧត្តមរដ្ឋមន្ត្រីខកបំណងឡើយ។


 ▲លោក ខៀវ កាញារីទ្ធ សំណេះសំណាលជាមួយលោក Li Tao (រូបភាព ក្រសួងព័ត៌មាន)


 ▲លោក ខៀវ កាញារីទ្ធ វាយតម្លៃខ្ពស់ចំពោះ AP Times (រូបភាព AP Times)

លោក Li Tao អគ្គនាយក AP Times បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះវត្តមានលោក ខៀវ កាញារីទ្ធ និងគណៈប្រតិភូក្រសួងព័ត៌មានទាំងអស់ដែលបានផ្តល់កិត្តិយសមកបំពេញទស្សនកិច្ចនៅ AP Times និងបានផ្តល់ជាអនុសាសន៍ដល់ AP Times ដើម្បីអភិវឌ្ឍខ្លួននាពេលអនាគត។


 ▲លោក ខៀវ កាញារីទ្ធ និងលោក Li Tao (រូបភាព AP Times)

លោក Li Tao បានមានប្រសាសន៍ថា AP Times នឹងធ្វើការផ្សាយដោយផ្តោតលើខ្លឹមសារសំខាន់ៗទាក់ទងនឹងគោលនយោបាយអភិវឌ្ឍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ អប់រំ ទេសចរណ៍ និង វប្បធម៌។ល។ ដើម្បីចូលរួមចំណែកជំរុញការអភិវឌ្ឍលើគ្រប់វិស័យនៅសកម្ពុជា។
 
លោក ខៀវ កាញារីទ្ធ បានអបអរសាទរចំពោះការចេញផ្សាយរបស់សារព័ត៌មានភាសាចិន AP Times ដែលនឹងក្លាយជាសមាជិកដ៏សំខាន់មួយក្នុងវិស័យព័ត៌មាននៅកម្ពុជា។
ក្រសួងព័ត៌មានផ្តល់លិខិតអបអរសាទរចំពោះ AP Times
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ខៀវ កាញារីទ្ធ ក៏បានផ្តល់លិខិតអបអរសាទររបស់ក្រសួងព័ត៌មានជូនចំពោះការចេញផ្សាយរបស់ AP Times ផងដែរ។


 ▲លោក ខៀវ កាញារីទ្ធ ប្រគល់លិខិតអបអរសាទរជូន AP Times (រូបភាព ក្រសួងព័ត៌មាន)

តាមខ្លឹមសារនៃលិខិតអបអរសាទរនេះ លោក ខៀវ កាញារីទ្ធ បានថ្លែងថា AP Times គឺជាសារព័ត៌មានភាសាចិនមួយដ៏ធំនៅប្រទេសកម្ពុជាដែលប្រមូលផ្តុំទៅដោយអ្នកជំនាញនិងធនធានមនុស្សផ្នែកសារព័ត៌មានជាច្រើន ដែលសុទ្ធសឹងជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយអភិវឌ្ឍ AP Times ឱ្យមានការរីកចម្រើនក្នុងពេលអនាគត ដើម្បីចូលរួមជំរុញនិងអភិវឌ្ឍវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ក្រសួងព័ត៌មានសង្ឃឹមនិងជឿជាក់ថា AP Times នឹងអភិវឌ្ឍខ្លួនឱ្យក្លាយជាសារព័ត៌មានមួយប្រកបដោយសក្តានុពលនិងគុណភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកផ្សព្វផ្សាយអំពីវឌ្ឍនភាពសង្គម ក៏ដូចជាគោលនយោបាយអភិវឌ្ឍជាតិ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វិនិយោគ ទេសចរណ៍ និង វប្បធម៌ជាដើម ដើម្បីបម្រើផលប្រយោជន៍ជាតិនិងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
 
ក្នុងឱកាសនេះផងដែរ អង្គភាពសារព័ត៌មាន AP Times បានឧបត្ថម្ភអង្ករ ៥ តោនជូនក្រសួងព័ត៌មាន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩និងជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារកូវីដ១៩និងគ្រោះធម្មជាតិ។


 

 ▲AP Times ឧបត្ថម្ភអង្ករ ៥ តោនជូនក្រសួងព័ត៌មាន (រូបភាព ក្រសួងព័ត៌មាន)


 ▲លោក ខៀវ កាញារីទ្ធ ប្រគល់លិខិតថ្លែងអំណរគុណជូន AP Times (រូបភាព AP Times)


 ▲លោក ខៀវ កាញារីទ្ធ ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ AP Times (រូបភាព AP Times)


▲លោក ខៀវ កាញារីទ្ធ ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនិងបុគ្គលិក AP Times (រូបភាព AP Times)
 
គួររម្លឹកថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអនុញ្ញាតឱ្យគណៈប្រតិភូ AP Times ដែលដឹកនាំដោយលោក Li Tao អគ្គនាយក AP Times ចូលជួយសម្តែងការគួរសម ព្រមទាំងបានផ្តល់កិច្ចសម្ភាសន៍ពិសេសដល់ AP Times ផងដែរ។ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ប្រាប់ AP Times ថា គ្រប់សារព័ត៌មានទាំងអស់នៅកម្ពុជាសុទ្ធតែជាតួអង្គសំខាន់ក្នុងការជួយផ្សព្វផ្សាយអំពីវឌ្ឍនភាពកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនបរទេសចូលមកកម្ពុជា ដែលជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។
 
AP Times មានអាសយដ្ឋាននៅរាជធានីភ្នំពេញប្រទេសកម្ពុជា គឺជាវេទិកានៃបណ្តុំផ្សព្វផ្សាយដែលគ្របដណ្តប់លើតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានវេទិកាផ្សព្វផ្សាយតាមរយៈ APP ប្រព័ន្ធផ្សព្វផ្សាយបែបទំនើបតាមរយៈបណ្តាញសង្គម និង ការបោះពុម្ពផ្សាយជាលក្ខណៈពិសេស ដោយផ្តោតសំខាន់ទៅលើការផ្សាយព័ត៌មានបែបស៊ីជម្រៅ ម៉ឺងម៉ាត់ សត្យានុម័ត និង ការពិតជាក់ស្តែង។ AP Times នឹងអភិវឌ្ឍខ្លួនឱ្យក្លាយជាកម្លាំងថ្មីដ៏សំខាន់មួយនៃប្រព័ន្ធផ្សព្វផ្សាយភាសាចិននៅកម្ពុជា៕

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com