ជាតិ
វិចិត្រករ រៀម មុនីស៊ីឡុង ប្រកាសលក់គំនូរតម្លៃ១៥០០ដុល្លារ ដើម្បីយកប្រាក់ទៅជួយសាលាខ្វះខាតនៅជនបទ
12, Sep 2021 , 2:07 pm        
រូបភាព
សៀមរាប៖ វិចិត្រករ រៀម មុនីស៊ីឡុង បានធ្វើឱ្យមហាជនស្គាល់តាមរយៈការច្នៃសំរាមជាផ្ទាំងគំនូរ និងរូបសិល្បៈផ្សេងៗគួរឱ្យចាប់អារម្មណ៍។ ថ្មីៗនេះ លោកបានប្រកាសពីការដាក់លក់ផ្ទាំងគំនូរមួយ ក្នុងតម្លៃ ១៥០០ដុល្លារ ដើម្បីយកប្រាក់ទៅជួយសាលាមួយ នៅទីជនបទ ដែលកំពុងខ្វះខាត។

 
លោក រៀម មុនីស៊ីឡុង បានប្រកាសលក់គំនូរមួយផ្ទាំងក្រោមអត្ថន័យទាក់ទងនឹង «ការឡើងកម្ដៅភពផែនដី» ដើម្បីរកថវិកាជួយសាលាអនុវិទ្យាល័យឬស្សីលក ស្ថិតក្នុងភូមិ-ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្ន សាលានេះកំពុងខ្វះថវិកាចាក់ដីនៅបរិវេណសាលា។ 
 
វិចិត្រករ រៀម មុនីស៊ីឡុង ប្រាប់ថា៖« ដោយសារខាងសាលាខ្វះខាតថវិកាចាក់ដី ព្រោះវិទ្យាល័យបង្កើតថ្មី ឃើញក៏ចង់ជួយ គិតថាគ្មានអីជួយ ក៏គូរគំនូរលក់ដល់អ្នកដែលស្រឡាញ់គំនូរ ការជួយទិញគំនូរដូចបានជួយសាលាដូច្នោះដែរ»។
 


នេះជាលើកទី១ហើយសម្រាប់វិចិត្រក្ររូបនេះ ដែលប្រកាសលក់គំនូរដើម្បីរកថវិកាជួយសាលាក្រីក្រនៅទីជនបទ។ លោក មុនីស៊ីឡុង ពន្យល់ថា ថវិកាដែលទទួលបានលោកនឹងបែងចែកជា៣ចំណែក ដោយ៧០ភាគរយជួយដល់សាលា ១០ភាគរយទៀត សម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋនៅឃុំកំពង់ឃ្លាំងដែលកំពុងស្ថិតនៅតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាត ហើយ២០ភាគរយទៀត សម្រាប់ចំណាយលើសម្ភារគូរគំនូរ។ 
 
ចំពោះអត្ថន័យនៃគំនូរវិញ វិចិត្រករ មុនីស៊ីឡុង បកស្រាយថា វាទាក់ទងនឹងការបម្រែបម្រួលអាកាសធាតុ ដែលក្នុងនោះមានមនុស្សទួលសៀវភៅ កាន់ទុយោដើម្បីស្រោចស្រពកម្ពៅផែនដីដែលកំពុងក្ដៅខ្លាំង ហើយមានតែការរួមគ្នាប៉ុណ្ណោះ ទើបអាចជួយភពផែនដីវិញបាន តាមរយៈការដាំដើមឈើឡើងវិញ។ រូបនេះមានទំហំ ១០០cm X ១៥០cm។ 


ផ្ទាំងគំនូរដែលវិចិត្រករ រៀម មុនីស៊ីឡុង ប្រកាសលក់
 
សម្រាប់សាធារណជនដែលចាប់អារម្មណ៍ចង់ជាវគំនូរនេះ អាចទាក់ទងទៅវិចិត្រករលោក មុនីស៊ីឡុង បាន តាមរយៈលេខទូរសព្ទ ០៧៧ ៤៩ ២១ ៩៨ ឬទាក់ទងទៅកាន់នាយកសាលាអនុវិទ្យាល័យឬស្សីលក លោក យង់ លី តាមរយៈលេខទូរសព្ទ ០១១ ៣៣ ៧៥ ៧៥។ លោក មុនីស៊ីឡុង រំពឹងថា សាធារណជននឹងជួយគាំទ្រស្នាដៃសិល្បៈរបស់លោក ក៏ដូចជាសាលារៀនដែលកំពុងខ្វះខាតខាងលើ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងដល់ក្មេងៗជំនាន់ក្រោយទៀត៕
 

រូបភាពផ្តល់ដោយ លោក រៀម មុនីស៊ីឡុង


Tag:
 គំនូរ
  សប្បុរសធម៌
  រៀម មុន្នីស៊ីឡុង
© រក្សាសិទ្ធិដោយ thmeythmey.com