ជាតិ
ប្រវត្តិរូបសង្ខេបរបស់លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី
12, Sep 2021 , 8:29 pm        
រូបភាព
មរណភាពរបស់រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី លោក ហ្សាការីយ៉ា អាដាម បានធ្វើឱ្យមានការក្តីសោកសៅជាខ្លាំង ក្នុងសហគមន៍អ៊ីស្លាមកម្ពុជា។ សារព័ត៌មានថ្មីៗ សូមជូនប្រវត្តិរូបសង្ខេបរបស់លោក ដែលក្រុមគ្រួសាររបស់លោកបានផ្តល់ឱ្យ ដើម្បីរំលឹកពីគុណបំណាច់របស់លោកសម្រាប់សហគមន៍អ៊ីស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិ។

 
មានកំណើតនៅភូមិខ្ពប២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម លោក ហ្សាការីយ៉ា អាដាម កើតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៥១ ក្នុងត្រកូលគ្រួសារកសិករ។ លោកមានបងប្អូន២នាក់ ប្អូនប្រុសមានឈ្មោះ អាដាម រស្មី កើតនៅឆ្នាំ ១៩៥៦។ 
 


លោក ហ្សាការីយ៉ា មានភរិយាឈ្មោះ ហ្សៃណូប យូសុះ អាយុ៦៦ឆ្នាំ និងមានកូន៨នាក់ ប្រុស៣ ស្រី៥នាក់។ លោកបានបាត់មុខពីឆាកនយោបាយ និងការងារសហគមន៍ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានជំងឺប្រចាំកាយ ដោយសម្ងំព្យាបាលជំងឺនៅគេហដ្ឋានក្នុងគេហដ្ឋាននៅរាជធានីភ្នំពេញ និងចុងក្រោយបានចាកចេញទៅព្យាបាលជំងឺនៅប្រទេសម៉ាឡេស៊ី និងទទួលមរណភាពនៅថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២១ ក្នុងអាយុ ៧០ឆ្នាំ។ 
 
 
ប្រវត្តិសិក្សា និងការងារ
 
លោកទទួលការសិក្សានៅត្រឹមមធ្យមសិក្សាបត្រភាគ១សង្គមចាស់ និងបរិញ្ញាបត្ររដ្ឋបាលសាធារណៈនៅសង្គមថ្មី។ លោក ហ្សាការីយ៉ា ចេះភាសាអង់គ្លេស បារាំង ម៉ាឡេ និងអារ៉ាប់។ 
 
ចន្លោះឆ្នាំ ១៩៧០ ដល់១៩៧៥ លោកជាសិស្ស ជាគ្រូបង្រៀនសាសនា និងជាទាហានៅសម័យសាធារណរដ្ឋខ្មែរ។ ចូលដល់សម័យខ្មែរក្រហម លោកត្រូវគេជម្លៀសឱ្យទៅនៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដល់ឆ្នាំ១៩៧៩ ដល់ ១៩៨៣ ក្លាយជាគ្រូបង្រៀនស្ម័គ្រចិត្តសាលាជាតិ និងគ្រូបង្រៀនផ្នែកសាសនាអ៊ីស្លាម នៅស្រុកកំណើត។ លុះឆ្នាំ១៩៨៣-១៩៨៤ លោកក្លាយជាគ្រូបង្រៀនក្របខណ្ឌរដ្ឋនៅសាលាបឋមសិក្សាខ្ពប២ ដែលជាស្រុកកំណើតលោក។   
 
ធ្លាប់ជាលេខាធិការបូកសរុបនៅវិទ្យាល័យក្រូចឆ្មារ រវាងឆ្នាំ ១៩៨៤ ដល់១៩៩២។ ដល់ឆ្នាំ១៩៩២ លោកបានចាកចេញពីស្រុកកំណើត មករាជធានីភ្នំពេញ ដោយបម្រើការងារនៅក្រុមហ៊ុន ហ្សាសាន់គ្រុប។ លោកបានក្លាយជាភូឈូយទី១ ចាងហ្វាងអ៊ីស្លាមកម្ពុជា នៅឆ្នាំ១៩៩៤ ហើយនៅឆ្នាំនោះដដែលលោកបានរៀបចំការបកប្រែគម្ពីអាល់គួរអាន (គម្ពីសាសនាអ៊ីស្លាម) ពីភាសាអារ៉ាប់ ទៅជាភាសាខ្មែរ និងបានបញ្ចប់នៅឆ្នាំ ២០០៦។ 
 



ក្រៅពីកិច្ចការងារខាងលើ លោក ហ្សាការីយ៉ា អាដាម ក៏មានតួនាទីជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍អ៊ីស្លាមកម្ពុជា ចាប់ពីឆ្នាំ ១៩៩៤ រហូតដល់ទទួលមរណភាព។ ហើយក្នុងតំណែងមួយទៀត ជាអនុប្រធានគណៈចលនាសាសនិកអ៊ីស្លាមរបស់គណៈបក្សប្រជាជនកម្ពុជា ពីឆ្នាំ១៩៩៨ មក។ 
 
ចំពោះការងារក្នុងជួររាជរដ្ឋាភិបាល លោកធ្លាប់ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ពីឆ្នាំ១៩៩៨ ដល់២០០៣ និងពី២០០៣ ដល់២០០៨ ជារដ្ឋលេខាធិការនៅក្រសួងដដែល។ ធ្លាប់ជាតំណាងរាស្រ្ដមណ្ឌលកណ្ដាលនៅអាណត្តិទី៤ និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនៅអាណត្តិទី៥ និងទី៦។ 
 
បន្ថែមពីនេះ ក៏ធ្លាប់ជាអគ្គលេខាធិការមជ្ឈមណ្ឌលអ៊ីស្លាម នៅឆ្នាំ២០០៣ ដល់២០២១ និងជាប្រធានគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយវិទ្យុសម្លេងអ៊ីស្លាមកម្ពុជា នៅឆ្នាំ២០០៦ ដល់២០០៨។ ពីឆ្នាំ២០០៨ លោកក្លាយជាចាងហ្វាងរងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាមកម្ពុជា។ល។ ក្រៅពីនេះ ក្នុងការបំពេញការងាររបស់ខ្លួន លោក ហ្សាការីយ៉ា អាដាម ទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីរាជរដ្ឋាភិបាលផងដែរ។
 


រមណភាពរបស់លោក ត្រូវបានប្រមុខរាជរដ្ឋាភិ និងថ្នាក់ដឹកនាំសហគមន៍អ៊ីស្លាម ចាត់ទុកថាជាការបាត់បង់ធនធានមនុស្សដ៏កម្រ និងមានសេចក្ដីអាឡោះអាល័យជាខ្លាំង។ តួយ៉ាង លោក អូស្មាន ហាស្សាន់ ដែលជាមេដឹកនាំកំពូលនៃសហគមន៍អ៊ីស្លាមកម្ពុជាបានសរសេរក្នុងហ្វេសប៊ុករបស់លោកថា៖« ខ្ញុំនៅតែអាឡោះអាល័យ សោកស្ដាយ ហើយចងចាំរហូតនូវគំនិតវិរៈភាពដ៏ល្អប្រពៃ និងស្នាដៃជាច្រើនដែលឯកឧត្តមបានបន្សល់ទុក។ ឯកឧត្តម ជារៀមច្បង ជាទីប្រឹក្សា ជាសេនាធិការ ជាសហការី ជាមិត្តភក្ដិ ជាជំនួយការ ជាដៃគូ ជាគ្រូ...ដែលខ្ញុំគោរពស្រឡាញ់ ទោះរាល់ការងារខ្ញុំជាប្រធានរបស់ឯកឧត្តម»។
 
រីឯប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ក្នុងសាររំលែកទុក្ខ បានសរសេរថា៖« ការបាត់បង់ឯកឧត្តម ហ្សាការីយ៉ា អាដាម គឺជាការបាត់បង់នូវមន្រ្តីដ៏ជំនាញមួយរូបរបស់រាជរដ្ឋាភិបាល ហើយក៏ជាការបាត់បង់នូវស្វាមីនិងបិតាប្រកបដោយព្រហ្មវិហារធម៌ ហើយជាពិសេសទៅទៀតគឺជាការបាត់បង់សមាជិកដ៏សំខាន់មួយរូបនៃគ្រួសារខ្មែរឥស្លាមទាំងមូល»៕
 



 
 

Tag:
 ហ្សាការីយ៉ា អាដាម
© រក្សាសិទ្ធិដោយ thmeythmey.com