ជាតិ
ដើមពោធិ៍មុខអង្គរវត្ត មានប្រវត្តិនិងសេចក្តីយ៉ាងណា?
13, Sep 2021 , 8:59 am        
រូបភាព
 ដើមពោធិ៍នៅជ្រុងខាងត្បូងមុខនាគស្ពានហាលអង្គរវត្ត
ដើមពោធិ៍នៅជ្រុងខាងត្បូងមុខនាគស្ពានហាលអង្គរវត្ត
សៀមរាប៖ ភ្ញៀវទេសចរដែលបានទៅទស្សនាប្រាសាទអង្គរវត្ត ច្បាស់ជាធ្លាប់ប្រទះភ្នែកនិងជ្រកម្លប់នឹងដើមពោធិ៍ដ៏ធំ មានម្លប់ត្រឈឹងត្រឈៃ ជាប់មុខនាគច្រកទ្បើងស្ពានហាល ជាក់ជាពុំខាន។ តាមប្រវត្តិ ដើមពោធិ៍នេះមានអាយុជិតរយឆ្នាំមកហើយ ដែលត្រូវបានចាត់ទុកជារុក្ខជាតិដ៏ចំណាស់មួយក្នុងតំបន់រមណីយដ្ឋានអង្គរ និងមានសារសំខាន់ចំពោះព្រះពុទ្ធសាសនា។

 
បើសួរពីកាលបរិច្ឆេទជាក់លាក់ គឺពុំមានឯកសារ ឬប្រភពណាដែលអាចបញ្ជាក់ច្បាស់ចំពោះប្រវត្តិនៃដើមពោធិ៍មុខអង្គរវត្តនេះបាននៅទ្បើយ។ តែមានការចងចាំតៗគ្នាមកថា ដើមពោធិ៍ដ៏ធំៗទាំងនោះ ទំនងជាបានដាំនៅអំឡុងទសវត្សរ៍ឆ្នាំ៥០នៃសតវត្សទី២០។
 
អ្នកស្រាវជ្រាវមួយរូបនៅខេត្តសៀមរាប លោក អ៊ឹម សុខរិទ្ធី លើកឡើងថា លោកពុំទាន់ប្រទះឃើញឯកសារសរសេរដែលមាននៅទ្បើយ ទាក់ទងនឹងពេលវេលាពិតប្រាកដនៃការដាំដើមពោធិ៍ធំៗនៅសងខាងមុខនាគ។ តែលោកបាននៅចាំតាមអ្វីដែលលោកបានដឹងនិយាយតៗគ្នាមកថា វាទំនងបានដាំនៅអំឡុងពេលមានការរៀបចំពិធីបុណ្យពាក់កណ្ដាលសាសនា នៃព្រះពុទ្ធសាសនា២៥០០ព្រះវស្សា។ លោកពន្យល់ថា ព្រះបរមរតនកោដ្ឋបាននាំយកពូជដើមពោធិ៍នោះមកពីប្រទេសស្រីលង្កា ដោយអមមកជាមួយនឹងព្រះសារីរិកធាតុ។


  ដើមពោធិ៍នៅជ្រុងខាងជើងមុខនាគស្ពានហាលអង្គរវត្ត

លោក សុខរិទ្ធី មានប្រសាសន៍ទៀតថា ក្រៅពីដើមពោធិ៍ធំៗចំនួន២ដើម ដែលគេដាំសងខាងមុខនាគ ក៏នៅមានដើមពោធិ៍ច្រើនដើមទៀត ត្រូវបានគេដាំជាបន្តបន្ទាប់នាអំឡុងឆ្នាំទស្សវត្សរ៍ទី៩០ តាមរយៈកម្មវិធីព្រះធម្មយាត្រាពុទ្ធសាសនា។
 
រីឯលោកស្ថាបត្យករម្នាក់ទៀត លោក ម៉ៅ សុខនី ក៏មានការសន្និដ្ឋានដូចលោក អ៊ឹម សុខរិទ្ធី ដែរ។ លោក សុខនី បានឃើញវត្តមានដើមពោធិ៍ខាងលើនេះក្នុងឯកសាររបស់បារាំង នាអំឡុងឆ្នាំ ៥០ និង៦០ អមជាមួយទិដ្ឋភាពមានប្រជាជនអង្គុយលក់ដូរក្រោមដើមពោធិ៍នេះ ដែលជាលក្ខណៈផ្សារក្រមួន។ លោកបន្ថែមថា ក្រោយមកនៅរវាងឆ្នាំ ១៩៩៤ ដល់១៩៩៦ ពេលលោកចុះកម្មសិក្សានៅអង្គរវត្ត ក៏ឃើញមានគេដាំបន្តបន្ទាប់ទៀតតាមកសិន្ធុអង្គរវត្ត តែឃើញមានដើមពោធិ៍២ដើមសងខាងមុខនាគប៉ុណ្ណោះដែលធំជាងគេ។
 
លោកបន្តថា៖« យើងមិនអាចស្មានបានទេ តែអាច (អាយុ) លើស១០០ឆ្នាំហើយ»។ 
 
ចំណែកបុគ្គលិកផ្នែកជួសជុលប្រាសាទលោក ក្រឹម ក្រួន ប្រាប់ថា លោកបានឃើញដើមពោធិ៍មុខអង្គរវត្តនេះច្បាស់ នៅឆ្នាំ១៩៧០។ អ្នកភូមិស្រះស្រង់រូបនេះ ពុំធ្លាប់បានដើរមកដល់ជ្រុងខាងលិចទេ គឺធ្លាប់ប្រទះអំឡុងជាភិក្ខុ និងដើរបិណ្ឌបាតមកដល់វត្តនៅអង្គរវត្តតែប៉ុណ្ណោះ។
 
មានវ័យជាង ៦០ឆ្នាំ លោក ក្រឹម ក្រួន មានប្រសាសន៍ថា៖« ពេលនោះ (ឆ្នាំ៧០) ប៉ុនហ្នឹងឯង តែមិនទាន់មានមែកច្រើន...ពីមុនចូលមកដល់ត្រឹមវត្ត មិនដែលមកផ្នែកខាងលិចទេ សម្បូរព្រៃ»។ 
 


 ដើមពោធិ៍នៅជ្រុងខាងជើងមុខនាគស្ពានហាលអង្គរវត្ត

ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិកាវត្តរាជបូណ៌វិញ ព្រះអង្គយល់ថា ដើមពោធិ៍ខាងលើ អាចដាំនៅរវាងសតវត្សរ៍ទី១៦ និង១៧មកម្ល៉េះ គឺនៅពេលដែលមានការដូរសាសនាពីសាសនាព្រហ្ម មកពុទ្ធសាសនា។ ព្រះអង្គមានសង្ឃដីកាបន្ថែមថា ដើមពោធិ៍ទាំងនោះត្រូវបានគេដាំតាំងពីសម័យគេរៀបចំឱ្យមានពុទ្ធសាសនា ដ្បិតដើមនេះជារុក្ខជាតិដែលអ្នកកាន់ពុទ្ធសាសនាគោរព។ 
 
ដ្បិតថា គេពិបាកកំណត់អាយុកាលនៃដើមពោធិ៍នៅអង្គរវត្តក៏ពិតមែន តែវត្តមានដើមឈើធំៗក្នុងឧទ្យានជាតិមួយនេះ ពិតជាមានតម្លៃវិសេសវិសាល និងលើកតម្លៃនៃប្រាង្គប្រាសាទ។ ដើមពោធិ៍នៅអង្គរវត្ត ពិតជាបង្ហាញយ៉ាងច្បាស់ នៃគុណតម្លៃទាក់ទងនឹងព្រះពុទ្ធសាសនាយ៉ាងជ្រាវជ្រៅ។
 
លោក អ៊ឹម សុខរិទ្ធី ពន្យល់ពីហេតុផលដែលគេដាំដើមពោធិ៍នៅអង្គរវត្តយ៉ាងដូច្នេះថា៖« ម៉េចគេយកដាំមុខអង្គរវត្ត ម៉េចក៏មិនដាំនៅប្រាសាទដទៃទៀត ដោយសារគេដឹងហើយ ប្រាសាទនេះក្រោយមកបានក្លាយជាវត្តដ៏ធំនៅក្នុងរាជធានី ដែលហៅថាអង្គរវត្ត។ ជាអារាមព្រះពុទ្ធសាសនាក្នុងរាជធានីអង្គរ នាសម័យក្រោយអង្គររៀងមក។ ចំពោះព្រះពុទ្ធសាសនាមានរតនវត្ថុជាទីសម្គាល់។ រតនវត្ថុតំណាងព្រះពុទ្ធសាសនាមានចំនួន៥ ដែលគ្រប់វត្តអារាមទាំងអស់តែងតែមានខ្លះឬគ្រប់ចំនួន។ ទី១គឺព្រះពុទ្ធបដិមា ទី២គឺព្រះចេតិយ ទី៣គម្ពីរព្រះត្រៃបីដក ទី៤ព្រះសារីរិកធាតុ និងទី៥ គឺដើមពោធិ៍នេះឯង។ ចំពោះអ្នកសិក្សាព្រះពុទ្ធសាសនា នោះនឹងដឹងច្បាស់ថាកាលដើមទ្បើយ គេមិនហ៊ានសាងព្រះពុទ្ធបដិមាទេ គឺត្រឹមសាងព្រះបាទ ឬដើមពោធិ៍ជារូបស្នងតែប៉ុណ្ណោះ»៕
 
 

Tag:
 ដើមពោធិ៍
  អង្គរវត្ត
  មុខនាគ
© រក្សាសិទ្ធិដោយ thmeythmey.com