ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានផ្ដល់ផ្លែផ្កាច្រើនសម្រាប់កម្ពុជា-ចិន។ ក្រៅពីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោឱ្យកម្ពុជាហើយ ចិនក៏ផ្ដល់ជំនួយជាង២៧០លានដុល្លារ និងសន្យាឱ្យវ៉ាក់សាំង៣លានដូសទៀតដល់កម្ពុជាទៀតផង។
កម្ពុជា-ចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗ៦ចំណុច ដែលមានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ធ្វើជាអធិបតីភាព កាលពីថ្ងៃទី១២ កញ្ញា នាវិមានសន្តិភាព។ក្នុងនោះមានកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន១,៧៥០,០០០,០០០យ័នចិន (ប្រមាណ ២៧០លានដុល្លារអាមេរិក) ដល់រដ្ឋាភិបាលកម្ពុជា។ លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥លានដុល្លារអាមេរិក សម្រាប់ការងារបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ។
ភាគីទាំងពីរ ក៏បានហត្ថលេខាលើលិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីននៅកម្ពុជា។ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូរ រវាងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។ លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។ ចុងក្រោយ កិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង ។
ក្រៅពីនេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ក៏បានសន្យាផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា ចំនួន៣លានទៀតផង ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានប្រកាសក្រោយពិធីចុះហត្ថលេខាលើឯកសារទាំង៦នោះថា ជំនួយវ៉ាក់សាំង៣លានដូសទៀតពីរដ្ឋាភិបាលចិននេះ នឹងយកទៅប្រើប្រាស់សម្រាប់ចាក់ឱ្យពលរដ្ឋនូវដូសទី៣ ឬដូសជំរុញ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ក៏បានប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ឱ្យកម្ពុជាដែរ ក្រោយពីប្រើពេលជាង៨ឆ្នាំ សម្រាប់ការសាងសង់នេះ។
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដែលមានកញ្ចប់ថវិកាចំណាយសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ហើយថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
ពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា ដែលស្ថិតនៅសង្កាត់សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សំណង់អគារនេះ សាងសង់ឡើងក្រោម ទិសដៅបៃតង «Green Sport» ។ ក្នុងនោះសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ខណៈ៧០ភាគរយទៀត ជាតំបន់បៃតង ដោយមានដើមឈើ ស្មៅ និងទឹកជាដើម ។ ជាពិសេសការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។
កីឡដ្ឋានក៏មានរចនាសណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧបករណ៍ សម្ភារកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ, មានកន្លែងកម្សាន្តសម្រាប់កុមារ, សាលហាត់កីឡា និងមានច្រកសុវត្ថិភាពច្រើន សម្រាប់រំដោះមនុស្ស ៦ម៉ឺននាក់ ក្នុងរយៈពេលតែ ៧នាទីទឪតផង។ ពហុកីឡដ្ឋានជាតិទំនើបមួយនេះ ក៏ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ។
គួរបញ្ជាក់ថា ប្រមុខការទូតចិនរូបនេះ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើកហើយ ដោយនៅឆ្នាំ១៩៩៨ ក្នុងនាមជាជំនួយការរដ្ឋមន្ត្រីការបរទេស និងក្នុងតំណែងជារដ្ឋមន្ត្រី កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៦៕