កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd, Chelsea, Liverpool និង Man City ប្រដេញគ្នានៅ Top 4 ឯ Arsenal គេចផុតតំបន់កាត់ចោល
13, Sep 2021 , 10:07 am        
រូបភាព
Manchester United រួមជាមួយ Chelsea, Liverpool និងម្ចាស់ការពារតំណែងជើងឯក Manchester City ប្រដេញពិន្ទុគ្នាក្នុងតំបន់ Top 4 ក្រោយពួកគេឈ្នះរៀងខ្លួនក្នុងជំនួបលីគ Premier League សប្តាហ៍ទី៤។


Man United ដែលមានវត្តមាន Cristiano Ronaldo ជាលើកដំបូង យកឈ្នះ Newcastle United ៣-១ និងឡើងទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសវិញ។ ៤ប្រកួតដំបូងសម្រាប់រដូវកាលថ្មី ២០២១-២២ បិសាចក្រហម មិនទាន់ស្គាល់ចាញ់ឡើយ ដោយឈ្នះ៣ និងស្នើ១ប្រកួត មាន១០ពិន្ទុ។
 
Chelsea និង Liverpool ក៏ដូចគ្នា ពួកគេមិនទាន់បរាជ័យនៅឡើយទេ។ តាមរយៈការឈ្នះការប្រកួតលើកចុងក្រោយលើក្រុម Aston Villa ក្នុងលទ្ធផល ៣-០ តោខៀវបានឡើងទៅឈរលេខរៀងទី២ក្នុងតារាង Premier League ដោយរកបាន១០ពិន្ទុ។
 
ហង្សក្រហមក៏រកបាន១០ពិន្ទុផងដែរ ក្រោយឈ្នះ Leeds United ៣-០ នៅជំនួបទី៤របស់ពួកគេ។ Liverpool ស្ថិតនៅចំណាត់ថ្នាក់ទី៣ តាមពីក្រោយដោយ Man City ដែលមាន៩ពិន្ទុ។ ក្រុមមេឃខៀវដែលម្ចាស់ការពារជើងឯកបានយកឈ្នះ Leicester City ១-០ នៅសប្តាហ៍ទី៤។
 
Tottenham Hotspur បានធ្លាក់ពីកំពូលតារាងទៅចំណាត់ថ្នាក់ទី៦វិញ ក្រោយចាញ់ Crystal Palace ៣-០។ ឆ្លងកាត់ការប្រកួត៣លើក មាន់ខ្នាយមាសឈ្នះ៣ចាញ់១មាន៩ពិន្ទុ ស្មើក្រុមលេខ៥ Brighton & Hove Albion ដែរ។
 
Arsenal ដែលបង្ហាញខ្លួនមិនបានល្អនៅ៣ប្រកួតដំបូងបានគេចផុតពីតំបន់ត្រូវកាត់ចោល ក្រោយឈ្នះ Norwich City ១-០។ Burnley Newcastle United និង Norwich City ស្ថិតនៅតំបន់គ្រោះថ្នាក់៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com