ជាតិ
សេដ្ឋកិច្ច
លោក វ៉ាង យី ៖ ចិននឹងនាំចូលផលិតផលកសិកម្មពីកម្ពុជា ឱ្យកាន់តែច្រើន
13, Sep 2021 , 10:45 am        
រូបភាព
លោក  វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១២កញ្ញា ឆ្នាំ២០២១
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១២កញ្ញា ឆ្នាំ២០២១
ភ្នំពេញ៖ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីកម្ពុជាឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករ។ នេះជាអះអាងរបស់លោក វ៉ាង យី  ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅចំពោះមុខ សម្តេច ហ៊ុន សែន។​ ការលើកឡើងរបស់លោក វ៉ាង យី នេះ ក៏ស្របនឹងពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ត្រូវបានរដ្ឋសភា​កម្ពុជា ​អនុម័ត​ជាឯកច្ឆន្ទ កាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០២១។



 
នាជំនួបពិភាក្សាការងារជាមួយលោក វ៉ាង យី នៅវិមានសន្តិភាព នាពីល្ងាចថ្ងៃទី១២កញ្ញា  សម្តេច ហ៊ុន សែន បានលើកឡើងពីបញ្ហានាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិនដោយត្រង់ ដោយនៅក្នុងនោះ សម្តេច ក៏បានលើកពីដំណាំមៀនប៉ៃលិន(តាង៉ែន)ផងដែរ។ 
 
សម្តេច បន្តមានប្រសាសន៍ដូច្នេះ៖ « ចិនកំពុងបើកទូលា​យទីផ្សារហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន(CCFTA) នឹងចូលជាធរមាននៅពេលខាងមុខ [នោះ] យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន»។
 
ជាមួយនឹងគ្នានេះ លោក វ៉ាង យី បាននិយាយថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន។  លោក បានបញ្ជាក់ដូច្នេះ៖ «ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា»។
 
បច្ចុប្បន្ន កម្ពុជា​បាននាំចេញផលិតផលកសិកម្មមួយចំនួន ទៅកាន់ទីផ្សារប្រទេសចិន ដោយផ្ទាល់ ដោយក្នុងមាន អង្ករ, ចេក និងស្វាយកែវរមៀត ជាដើម។ ចំពោះផលិតផលកសិកម្មនានារបស់កម្ពុជា ដែលមានសក្កានុពលនាំចេញទៅកាន់ទៅចិននោះ មានមៀន ប៉ៃលិន ទឹកមាត់ត្រចៀកកាំ ម្រេច ផ្លែស្រកានាគ និងដូងក្រអូប ប័រ គ្រាប់ស្វាយចន្ទី...៕


 

Tag:
 កសិកម្ម
  លោក វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com