ជាតិ
លោក តេង ច័ន្ទណាត ឡើងជាស្នងការខេត្តសៀមរាបជំនួសលោក ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍
13, Sep 2021 , 11:21 am        
រូបភាព
លោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាបថ្មី។ រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
លោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាបថ្មី។ រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
សៀមរាប៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា នៅសាលាប្រជុំសាលាខេត្តសៀមរាប បានរៀបចំពិធីផ្ទេរតំណែងស្នងការខេត្តថ្មី ដោយលោក តេង ច័ន្ទណាត ស្នងការរងទទួលបន្ទុកផែននគរបាលចរាចរណ៍ ឡើងជាស្នងការថ្មីជំនួសលោក ទិត្យ ណារ៉ុង ដែលដល់អាយុចូលនិវត្តន៍។

 
ក្នុងពិធីតែងតាំង និងផ្លាស់ប្ដូរមុខតំណែងស្នងការខេត្តនេះ មានការចូលរួមពីលោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនតូចប៉ុណ្ណោះ ដោយគោរពតាមវិធានការសុខាភិបាល។ អ្នកសារព័ត៌មានមិនអនុញ្ញាតឱ្យចូលរួមចូលយកព័ត៌មានទូលំទូលាយក្នុងពិធីនេះទេ។
 
លោក តេង ច័ន្ទណាត ឡើងជាស្នងការរងទទួលបន្ទុកផែននគរបាលចរាចរណ៍នាអំឡុងឆ្នាំ ២០១៥ និងជាស្នងការថ្មីដែលមានវ័យក្មេងផងដែរ។ លោកមានអាយុជាង៤០ឆ្នាំ។ លោកត្រូវបានក្រសួងមហាផ្ទៃដែលមានសម្ដេច ស ខេង ប្រកាសតែងតាំងជាស្នងការខេត្ត នៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០២១។ 
 
គេមិនទាន់ដឹងថា លោក ទិត្យ ណារ៉ុង នឹងត្រូវទៅកាន់តួនាទីអ្វីនោះទេ ក្រោយពេលដល់អាយុចូលនិវត្តន៍។ គេនៅចាំថា លោកឡើងជាស្នងការខេត្តជំនួស លោក ហ៊ូ វ៉ាន់នី ជាស្នងការមុននៅដើមខែ កក្កដា ឆ្នាំ២០១៧៕

© រក្សាសិទ្ធិដោយ thmeythmey.com