កីឡាអន្តរជាតិ
អន្តរជាតិ
វ័យ៣៩ឆ្នាំ Zlatan ក្លាយជាកីឡាករបរទេសវ័យចំណាស់ស៊ុតចូលច្រើនជាងគេនៅ Serie A
× ក្រោយត្រឡប់ពីរបួសរយៈពេល៤ខែ Zlatan Ibrahimovic បានបន្តរកគ្រាប់បាល់បញ្ចូលទីជាថ្មី ដើម្បីជួយ AC Milan ឈ្នះ Lazio ២-០ នាការប្រកួត Serie A សប្តាហ៍ទី៣។ Ibrahimovic វ៉ាដាច់កំណត់ត្រារបស់ Bruno Alves ក្នុងនាមជាកីឡាករបរទេសចំណាស់ជាងគេដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅលីគកំពូលអ៊ីតាលី។
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតដែលសព្វថ្ងៃមានវ័យ ៣៩ ឆ្នាំ ស៊ុតគ្រាប់បាល់ទី២នៅនាទី៦៧ បន្ទាប់ពី Rafael Leao សម្រេចគ្រាប់បើកឆាកនៅចុងតង់ទី១ នៅជំនួបលីគកំពូលអ៊ីតាលីរដូវកាល២០២១-២២ សម្រាប់សប្តាហ៍ទី៣ នៅថ្ងៃទី១២ ខែកញ្ញា។ តាមរយៈជ័យជម្នះ ២-០ លើក្រុម Lazio នេះ បានជួយ AC Milan ទទួលបាន៩ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី២ ស្មើក្រុមកំពូលតារាង AS Roma។
អាយុ ៣៩ ឆ្នាំនិង ៣៤៤ ថ្ងៃ Ibrahimovic បានវ៉ាដាច់កំណត់ត្រារបស់ Bruno Alves ក្នុងនាមជាកីឡាករបរទេសវ័យចំណាស់ជាងគេ ដែលអាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេនៅ Serie A។
អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Barcelona, Inter Milan និង Juventus រូបនេះ បានអវត្តមានតាំងពីខែឧសភាដោយសាររបួសជង្គង់។ ត្រឡប់មកវិញនៅ៤ខែក្រោយ Ibrahimovic រកគ្រាប់ដំបូង និងជាគ្រាប់បាល់ក្នុង ២៤ រដូវកាលផ្សេងគ្នា ចាប់តាំងពីលីគស៊ុយអែតនារដូវកាល ១៩៩៨-៩៩ មក។
លោក Stefano Pioli អ្នកចាត់ការទូទៅ AC Milan សរសើរ Ibrahimovic មិនដាច់ពីមាត់ឡើង។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីអះអាងថា៖ « Ibrahimovic មិនដែលចាស់ឡើយ ហើយគាត់មានសេចក្តីជម្នះយ៉ាងខ្លាំងនៅក្នុងខ្លួនគាត់។ គាត់ប្រកួតដើម្បីឈ្នះ។ គាត់ប្រឹងប្រែងហ្វឹកហាត់ដើម្បីបង្កើតសមត្ថភាព ទោះវ័យជ្រែហើយក្តី»៕
Tag:
Zlatan Ibrahimovic
AC Milan
© រក្សាសិទ្ធិដោយ thmeythmey.com