ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្ម សុំចិន ឱ្យជួយពន្លឿនការចុះពិធីសារលើមុខដំណាំផ្សេងៗ ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជា
13, Sep 2021 , 8:59 pm        
រូបភាព
 លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន ក្នុងប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិនលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ(SPS) នាព្រឹកថ្ងៃទី១៣កញ្ញា ឆ្នាំ២០២១។ រូបថត៖ ហ្វេសប៊ុក Sakhon Veng
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន ក្នុងប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិនលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ(SPS) នាព្រឹកថ្ងៃទី១៣កញ្ញា ឆ្នាំ២០២១។ រូបថត៖ ហ្វេសប៊ុក Sakhon Veng
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំ លោក Wang Lingjun ដែលជាអនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យជួយពន្លឿនការចុះពិធីសារលើមុខដំណាំផ្សេងៗ ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យកាន់តែច្រើន។  ការស្នើសុំរបស់រដ្ឋមន្ត្រីកសិកម្មរូបនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ(SPS) នាព្រឹកថ្ងៃទី១៣កញ្ញា។

 
 
ការប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិនលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ(SPS) នាព្រឹកថ្ងៃទី១៣កញ្ញានេះ គឺផ្តោតទៅលើពិធីសារធ្វើឱ្យប្រសើរឡើងនូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) រួមបញ្ចូលកម្មវិធីការងារនាពេលអនាគតរបស់ខ្លួន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអាស៊ាន-ចិន។
 
បើតាមលោក វេង សាខុន អង្គប្រជុំខាងលើ បានអនុម័តផែនការសកម្មភាពអាស៊ាន-ចិន ស្តីពីអនាម័យ និងភូតគាមអនាម័យ (SPS) សម្រាប់ឆ្នាំ២០២២-២០២៣  មានចំនួន៥ចំណុច។ ក្នុងនោះ ១.  ការបង្កើតប្រព័ន្ធព័ត៌មានជូនដំណឹង និងប្រព័ន្ធទំនាក់ទំនង ២. ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ភាគីពាក់ព័ន្ធ ៣. រៀបចំការបណ្តុះបណ្តាល, សិក្ខាសាលា, សន្និសីទ និងសកម្មភាពស្រដៀងគ្នាសម្រាប់ការកាត់បន្ថយគម្លាតការអភិវឌ្ឍនៅក្នុងអាស៊ាន និងប្រទេសចិន។ ៤.ការសិក្សាស្រាវជ្រាវរួមគ្នា និង៥. ការបង្កើតយន្តការសម្រាប់ពិគ្រោះយោបល់។ 
 
នៅក្នុងកិច្ចប្រជុំដដែលនេះ លោក វេង សាខុន បានស្នើសុំលោកWang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួយពង្រីក និងពន្លឿនការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនឱ្យកាន់តែច្រើន។  បើតាមរដ្ឋមន្ត្រីកសិកម្មរូបនេះ ការស្នើភាគីចិនឱ្យជួយពន្លឿនការចុះពិធីសារលើមុខដំណាំផ្សេងៗនេះ គឺ ដើម្បីឆ្លើយតបទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។
 
កាលពីថ្ងៃទី១២កញ្ញា ឆ្នាំ២០២១ លោក វ៉ាង យី បានអះអាង ចំពោះមុខសម្តេច ហ៊ុនសែន ថា ប្រទេសចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ លោក យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បាននិយាយដូច្នេះ៖ «ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា»។ 
 
បន្ទាប់ពីបាននាំចេញផ្លែស្វាយទៅទីផ្សារចិនហើយនោះ កម្ពុជាក៏មានផលិតផលកសិកម្មចំនួន៧មុខទៀតដែលជាដំណាំអាទិភាព និងសក្កានុពលខ្ពស់ សម្រាប់នាំចេញជាបន្តបន្ទាប់។ ដំណាំទាំង៧មុខនោះ មានផ្លែមៀនប៉ៃលិន ម្រេច  ទុរេន ដូងក្រអូប ស្រការនាគ ខ្នុរ និងគ្រាប់ពោតក្រហម ដែលក្រសួងកសិកម្មបានបញ្ជូនឯកសារពាក់ព័ន្ធនានា ផ្ញើទៅអគ្គរដ្ឋបាលគយនៃប្រទេសចិនរួចរាល់អស់ហើយ ដោយនៅតែរង់ចាំមន្ត្រីបច្ចេកទេសផ្នែកភូតគាមអនាម័យ និងអនាម័យភាគីចិន មកត្រួតពិនិត្យបច្ចេកទេសដាំដុះ វេចខ្ចប់ រក្សាទុក នៅកម្ពុជាប៉ុណ្ណោះ៕ 
 

Tag:
 កសិកម្ម
  លោក វេង សាខុន
  SPS
© រក្សាសិទ្ធិដោយ thmeythmey.com