ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក វ៉ាង យី៖ ការលំបាករបស់ប្រជាជនកម្ពុជា ជាការលំបាករបស់ប្រជាជនចិន
13, Sep 2021 , 5:11 pm        
រូបភាព
លោក វ៉ាង យី ថ្លែងក្នុងពិធីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ដល់រដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ រូបពី AFP
លោក វ៉ាង យី ថ្លែងក្នុងពិធីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ដល់រដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ រូបពី AFP
មុនចាកចេញពីកម្ពុជា លោក វ៉ាង យី ជូនពាក្យមួយឃ្លាថា ការលំបាករបស់ប្រជាជនកម្ពុជា ក៏ដូចជាការលំបាករបស់ប្រជាជនចិនដែរ។ ចំណែកសម្តេច ហ៊ុន សែន អះអាងថា មិត្តភាពកម្ពុជា-ចិន គ្មានពេលណារង្គោះរង្គើឡើយ ទោះរងសម្ពាធពីខាងណាក៏ដោយ។

 
 
ភាគីកម្ពុជា និងភាគីចិន បន្តប្រើពាក្យសម្តីដូចលើកមុនៗ ដែលពាក្យសម្តីទាំងនោះ គឺបញ្ជាក់ពីការរាប់អានគ្នាយ៉ាងជ្រាលជ្រៅ និងភាពស្មោះត្រង់ទៅវិញទៅមក។ វត្តមាន២ថ្ងៃរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិននៅកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២១នេះ បានបង្កើតរូបភាព១ថ្មីទៀត ដែលបង្ហាញពីការពង្រឹងមិត្តភាពកម្ពុជា-ចិនកាន់តែខ្លាំង។ 
 
ស្ថិតក្នុងពិធីទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ពីលោក វ៉ាង យី ដែលតំណាងឲ្យរដ្ឋាភិបាលចិន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកពាក្យ «កម្ពុជា-ចិន ជាមិត្តដែកថែប» ដែលបង្កើតឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ 
 
មេដឹកនាំកម្ពុជា ថ្លែងថា៖«ឯកឧត្តមប្រធានាធិបតី​ បានបន្ថែមពាក្យ គឺមិត្តដែកថែប។ ចំណុច ដែលខ្ញុំយល់ដឹងអំពីន័យនេះ គឺការជឿទុកចិត្តគ្នាខាងនយោបាយពិតប្រាកដ ដែលគ្មានពេលណារង្គោះរង្គើរវាងភាគីទាំង២នោះទេ ទោះបីជាទទួលសម្ពាធពីអ្នកនេះ ទទួលសម្ពាធពីអ្នកនោះ ប៉ុន្តែយើង មិនបានដោយរោយទៅតាមការគំរាម មិនដោយរោយទៅតាមការលួងលោមរបស់អ្នកណាទាំងអស់»។ 
 
លោក វ៉ាង យី លើកឡើងថា កម្ពុជា-ចិន កំពុងកសាងសហគមន៍វាសនារួមជាមួយគ្នា។ លោក បន្ថែមថា ចិន នឹងបន្តជួយកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កម្ពុជា។ លោក បង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងមានការរីកចម្រើនថែមទៀត។
 
អ្នកបកប្រែ បានបកប្រែប្រសាសន៍របស់លោក វ៉ាង យី ថា៖«ចំណងមិត្តភាពកម្ពុជា-ចិន ប្រៀបដូចជាផ្ការំដួល ដែលបានឆ្លាក់ជាប់នឹងជញ្ជាំងពហុកីឡដ្ឋានជាតិមរតកតេជោ»។ 
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលេចពីប្រវត្តិសាស្រ្តថា កម្ពុជា-ចិន មានទំនាក់ទំនងជាមួយគ្នារាប់សតវត្សរ៍មកហើយ មិនមែនទើបតែមាននាពេលបច្ចុប្បន្ននោះទេ។ ប៉ុន្តែ សម្តេច គូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានពង្រឹងយ៉ាងខ្លាំងក្លាដោយសម្តេចព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា និងអតីតមេដឹកនាំចិនក្នុងជំនាន់ព្រះអង្គ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ជូនពរឲ្យចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ។  

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា សរសេរលើទំព័រហ្វេសប៊ុកថា៖«ភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី គឺជាចំណុចប្រវត្តិសាស្រ្តសំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជា-ចិន»។
 
ក្រោយបញ្ចប់កម្មវិធីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ លោក វ៉ាង យី និងសម្តេច ហ៊ុន សែន បានទៅជួបពិភាក្សាគ្នានៅវិមានសន្តិភាព។ 
 
ក្នុងជំនួបផ្ទាល់មុខនោះ លោក វ៉ាង យី បានជូនពាក្យទៅសម្តេច ហ៊ុន សែន ថា៖«ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន។ យើង នឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឲ្យបានកាន់តែច្រើន»។ 
 
ពាក្យរបស់លោក វ៉ាង យី ត្រូវបានស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី។   
 
មេដឹកនាំកម្ពុជា និងប្រមុខការទូតចិន មិនត្រឹមតែប្រើពាក្យសម្តី ដែលបង្ហាញពីការឲ្យតម្លៃខ្ពស់លើចំណងមិត្តភាពនៃប្រទេសទាំង២នោះទេ តែនៅបានបញ្ចេញកាយវិកាយយ៉ាងស្និទ្ធស្នាលជាមួយគ្នាថែមទៀត។ ក្នុងចំណោមរូបថត ដែលថតនៅវិមានសន្តិភាព មានរូបថតខ្លះ គឺសម្តេច ហ៊ុន សែន និង លោក វ៉ាង យី បានឈរប្រកៀកគ្នា ហើយដាក់ដៃខ្វែងគ្នា។ រូបភាពបែបនេះ ហាក់បង្ហាញថា អ្នកទាំង២ ឲ្យតម្លៃមិត្តភាពខ្ពស់ ជាងការបារម្ភពីជំងឺកូវីដ-១៩ទៅទៀត។ 


សម្តេច ហ៊ុន សែន (ស្តាំដៃ) និងលោក វ៉ាង យី ជួបពិភាក្សាគ្នា នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ដដែល ក្រោយចេញពីពិធីប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ជូនរដ្ឋាភិបាលកម្ពុជា។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន 
 
ឥរិយាបថរបស់ប្រមុខការទូតចិន ឬមេដឹកនាំចិនផ្សេងទៀត ជាមួយមេដឹកនាំប្រទេសដទៃ ឲ្យដូចជាមួយមេដឹកនាំកម្ពុជា អាចនិយាយបានថា គេ កម្របានឃើញ ក្នុងស្ថានភាពដែលម្នាក់ៗ ត្រូវប្រុងប្រយ័ត្នរៀងខ្លួននឹងជំងឺកូវីដ-១៩ ហើយក៏អាចនិយាយបានថា ឥរិយាបថរបស់មេដឹកនាំកម្ពុជា ជាមួយមេដឹកនាំប្រទេសដទៃ ឲ្យដូចជាមួយមេដឹកនាំចិន ក៏គេ កម្របានឃើញដូចគ្នា៕
 

Tag:
 កម្ពុជា-ចិន
  ហ៊ុន សែន
  វ៉ាង យី
  មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com