ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងពី ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅថ្ងៃទី ១៦-២២ ខែមករា ក្នុងខេត្តព្រះសីហនុ។ វេទិកាទេសចរណ៍នេះ នឹងនាំយក អ្នកជំនាញទេសចរណ៍មកពីបណ្ដា ប្រទេសក្នុងតំបន់អាស៊ានឱ្យមកកម្ពុជា។ វេទិកានេះ ជាឱកាសរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយ ផលិតផល និងសក្តានុពលទេសចរណ៍ ជាពិសេសតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ ដល់ទីផ្សារទេសចរណ៍អាស៊ាន ដើម្បីជំរុញទេសចរអន្តរជាតិឱ្យមកកម្សាន្តនៅកម្ពុជា។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នឹងរៀបចំឡើងក្រោមប្រធានបទ អាស៊ាន «សហគមន៍សន្តិភាព និងវាសនាតែមួយ» ឆ្ពោះទៅរកការស្ដារ និងបើកឡើងវិញនូវវិស័យទេសចរណ៍ក្នុងតំបន់ ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។ វេទិកានេះ នឹងមានការចូលរួមពីអ្នកជំនាញទេសចរណ៍ ក្នុងតំបន់អាស៊ាន ព្រមទាំងប្រទេសចំនួន៣ផ្សេងទៀត គឺ ជប៉ុន កូរ៉េខាងត្បូង និងចិន។
ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅកម្ពុជានេះ នឹងមិនមានការរៀបចំធំ ដូចបណ្ដាប្រទេសកន្លងមកទេ ដោយសារជំងឺកូវីដ-១៩ ដូច្នេះការរៀបចំត្រូវផ្ដោត លើវិធានសុវត្ថិភាពជាចម្បង។ ដ្បិតការរៀបចំតូច ប៉ុន្តែវាផ្ដល់ឱកាសឱ្យកម្ពុជា បង្ហាញពីភាពរួចរាល់ក្នុងការស្ដារសេដ្ឋកិច្ច និងវិស័យទេសចរណ៍។ នេះបើតាមលោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍។
លោក តុប សុភ័ក បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមបណ្ដាញសង្គមតេឡេក្រាមដូច្នេះថា៖ «ការរៀបចំវេទិកាទេសចរណ៍អាស៊ាន ជាឱកាសមួយក្នុងការបង្ហាញ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍សំខាន់ក្នុងប្រទេសកម្ពុជា។ ហើយវាក៏ជាការប្រកាសនៃការបើក ឡើងវិញ នៃទេសចរណ៍កម្ពុជាដែរ»។ រដ្ឋលេខាធិការរូបនេះ បន្ថែមថា កម្ពុជាកំពុងពង្រឹងផលិតផលទេសចរណ៍ ក៏ដូចជា ពង្រឹងសេវាកម្មឱ្យបានល្អប្រសើរ ដើម្បីស្រូបទាញទេសចរ និងអ្នកវិនិយោគឱ្យមកកម្ពុជា។
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍។ រូបថត ហ្វេសប៊ុកលោកផ្ទាល់
ជាមួយគ្នានេះ ការរៀបចំវេទិកាទេសចរណ៍អាស៊ាន ខិតជិតមកដល់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏កំពុងរៀបចំកែលម្អផលិតផលទេសចរណ៍ក្នុងខេត្ត ដើម្បីឱ្យមានភាពទាក់ទាញ។ បន្ថែមពីនេះ អាជីវករទេសចរណ៍ នៅខេត្តព្រះសីហនុក៏កំពុងវិលត្រឡប់មករៀបចំអាជីវកម្មរបស់ខ្លួនបណ្ដើរៗផងដែរ។
បើតាមលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ការរៀបចំវេទិកាទេសចរណ៍អាស៊ាន គឺជាការបង្ហាញដល់ពិភពលោកថា កម្ពុជាជាតំបន់មានសុវត្ថិភាព និងសក្ដានុពលឆ្នេរយ៉ាងស្រស់ស្អាត។ លោកបញ្ជាក់ដូច្នេះថា ៖ «ការរៀបចំវេទិកានេះ ជាឱកាសសម្រាប់កម្ពុជា បង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ ខេត្តតំបន់ឆ្នេរ ជាពិសេសខេត្តព្រះសីហនុ ដល់ក្រុមហ៊ុនទេសចរណ៍ ដែលទិញ-លក់ កញ្ចប់ទេសចរណ៍។ សារព័ត៌មានល្បីៗដែលចូលរួមក៏ នឹងផ្សព្វផ្សាយពីតំបន់ឆ្នេររបស់ យើងទៅកាន់ទីផ្សារអន្តរជាតិ»។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ រូបថតហ្វេសប៊ុកមហាផ្ទៃ
ងាកទៅវិស័យឯកជនឯណោះវិញ ក៏បង្ហាញការសាទរ ដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះដែរ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ទោះការរៀបចំវេទិកាទេសចរណ៍អាស៊ានក្នុងឆ្នាំ២០២២ មានសភាពតូចពិតមែន តែវាផ្ដល់ផលចំណេញច្រើនដល់កម្ពុជា។
លោកស្រីសង្កត់ធ្ងន់ដូច្នេះថា៖ «ការរៀបចំតូចមែន ប៉ុន្តែមានន័យថាកម្ពុជា ទូងស្គរប្រកាសប្រាប់ពិភពលោកថា កម្ពុជាត្រៀមខ្លួនរួចរាល់នឹងទទួលភ្ញៀវទេសចរអន្តរជាតិ និងបង្ហាញពីសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធឆ្នេរ ។ ខណៈកម្ពុជាមិនមានថវិកាច្រើនក្នុងការផ្សព្វផ្សាយពីការបើកឡើងវិញដូចប្រទេសជិតខាង តែការរៀបចំវេទិកាទេសចរណ៍អាស៊ាន នឹងជួយផ្សាយពីកម្ពុជា មានន័យថាកម្ពុជាទូងស្គរតិច ប៉ុន្តែមានសំឡេងខ្លាំង»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ រូបថត
ទន្ទឹមនឹងនេះ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានអញ្ជើញសមាគមទីភ្នាក់ងារទេសចរណ៍បរទេសដើម្បីចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាននេះដែរ ដើម្បីឱ្យគេបានឃើញពីផលិតផលទេសចរណ៍កម្ពុជា សម្រាប់ការរៀបចំកញ្ចប់ទេសចរណ៍បន្ថែម នៅពេលកម្ពុជាបើកទទួលភ្ញៀវអន្តរជាតិវិញ។
មិនខុសគ្នាប៉ុន្មាន លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា ក៏រីករាយ ចំពោះការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ក្នុងប្រទេសកម្ពុជាផងដែរ។ លោកលើកឡើងថា វេទិកានេះ នឹង ជួយជំរុញអាជីវកម្មទេសចរណ៍ក្នុងប្រទេសឱ្យមានសកម្មភាពឡើងវិញ ជាពិសេសខេត្តព្រះសីហនុផ្ទាល់តែម្ដង។
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា។ រូបថត ហ្វេសប៊ុកលោកផ្ទាល់
«មិនមែនតែសណ្ឋាគារទេ ដែលនឹងអាចងើបឡើងវិញ តែវិស័យទេសចរណ៍តែម្ដង ព្រោះពេលអ្នកចូលរួមក្នុងវេទិកានេះមក គេមិនមែនគ្រាន់តែមកប្រជុំ និងស្នាក់នៅសណ្ឋាគារប៉ុណ្ណោះទេ តែគេក៏ដើរមើលទីក្រុងដែរ។ ម្យ៉ាងអ្នកសារព័ត៌មាន និងអ្នកជំនាញទេសចរណ៍មកពីបណ្ដាប្រទេសនានាគេក៏ចូលរួមផ្សព្វផ្សាយបន្តគ្នា ដែលអាចធ្វើឱ្យបរទេសចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍របស់គេដែរ»។ នេះជាការបញ្ជាក់របស់លោក ឌិន សុមេធារិទ្ធ។
ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ប្រមាណ៦ពាន់ទីតាំងបានបិទទ្វារ។ រហូតមកដល់ខែកក្កដា និងសីហានេះ អាជីវកម្មមួយចំនួនបានបើកដំណើរការវិញ។
ជាមួយគ្នានេះដែរ ការផ្សព្វផ្សាយពីការរៀបចំវេទិកាទេសចរណ៍អាស៊ាន បានធ្វើឱ្យ ម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុបានវិលត្រឡប់មករកអាជីវកម្មរបស់ខ្លួនវិញខ្លះៗ។ បន្ថែមពីនេះ អ្នកកំពុងដំណើរការអាជីវកម្ម ក៏កំពុងពង្រឹងសេវាកម្ម និងបង្កើតផលិតផលទេសចរណ៍បន្ថែម ត្រៀមបង្ហាញពីសក្តានុពលរបស់ខ្លួនផងដែរ៕