កីឡាអន្តរជាតិ
អន្តរជាតិ
CONCACAF ស្នើឱ្យប្រយ័ត្នពីផែនការរៀប World Cup ពីរឆ្នាំម្តង ដែលគាំទ្រដោយអតីតគ្រូ Arsenal
14, Sep 2021 , 7:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប ហៅកាត់ថា (CONCACAF) អំពាវនាវឱ្យប្រទេសសមាជិកទាំងអស់ប្រុងប្រយ័ត្នចំពោះគម្រោងផែនការផ្លាស់ប្តូរការរៀបចំការប្រកួត FIFA World Cup រៀងរាល់២ឆ្នាំម្តង ដែលគាំទ្រដោយលោក Arsene Wenger។ អតីតអ្នកចាត់ការ Arsenal រូបនេះ បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។


ក្រុមអ្នកគាំទ្រមកពីទូទាំងពិភពលោក ប្រឆាំងនឹងគម្រោងផ្លាស់ប្តូរការរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup ផ្នែកបុរស់រៀងរាល់២ឆ្នាំម្តង។ ពួកគេថែមទាំងទទូចឱ្យ FIFA បោះបង់ផែនការនេះចោលវិញ ដោយរក្សាកម្មវិធី៤ឆ្នាំម្តងដដែល។
 
លោក Wenger អតីតអ្នកចាត់ការក្រុម Arsenal ដែលបច្ចុប្បន្នជាប្រធានផ្នែកអភិវឌ្ឍន៍របស់ FIFA ជាអ្នកស្នើ និងផ្តល់គំនិតឱ្យការប្រកួត FIFA World Cup ក្លាយជាព្រឹត្តិការណ៍ដែលធ្វើឡើង២ឆ្នាំម្តងវិញ។ គម្រោងនេះ ក៏មានការគាំទ្រពីជនល្បីៗមួយចំនួនក្នុងវិស័យកីឡាបាល់ទាត់ផងដែរ។
 
ស្របពេលបុរសសញ្ជាតិបារាំរូបនេះ កំពុងស្វះស្វែងរៀបចំកាលវិភាគថ្មីសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក អង្គការអ្នកគាំទ្រជាតិចំនួន ៥៨ មកពីទូទាំងសហព័ន្ធកីឡាបាល់ទាត់ទាំង៦ទ្វីប បានដិសេធ។ ពួកគេមិនពេញចិត្តគម្រោងនេះឡើយ និងអះអាងក្នុងសេចក្តីថ្លែងការណ៍រួមមួយថា អ្នកគាំទ្រភាគច្រើនលើសលប់ប្រឆាំងនឹងគម្រោងផ្លាស់ប្តូររយៈពេលប្រកួត World Cup ពី៤ឆ្នាំ ទៅ២ឆ្នាំនេះ ហើយថែមទាំងអំពាវនាវឱ្យ FIFA លុបផែនការនេះចោលវិញទៀតផង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
ក្នុងចំណោមសហព័ន្ធទាំង៦ CONMEBOL បានបង្ហាញក្តីខ្វាយខ្វល់ខ្លាំងជាងគេជុំវិញគម្រោងផ្តាល់ប្តូរនេះ។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីបនេះ ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការប្រកួត World Cup ដែលធ្វើឡើងពីរឆ្នាំម្តង។
 
«កិច្ចប្រជុំរវាងមន្រ្តី FIFA និងសហព័ន្ធផ្សេងៗ និងដាច់ដោយឡែកជាមួយសមាជិក CONCACAF នឹងប្រព្រឹត្តទៅនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ»។ នេះជាការបញ្ជាក់របស់ CONCACAF មុនសង្កត់ធ្ងន់ថាកិច្ចប្រជុំនោះពួកគេនឹងសុំឱ្យ FIFA បញ្ចប់គម្រោង និងស្នើឱ្យសមាជិកក្រោមការគ្រប់គ្រងរបស់ FIFA ទាំងអស់ត្រូវប្រយ័ត្នជុំវិញគំនិតផ្តួចផ្តើមឱ្យមានការផ្លាស់ប្តូររបស់លោក Wenger។ 
 
CONCACAF បន្ថែមថា ពួកគេគោរពចំពោះការធ្វើឱ្យមានការរីកចម្រើនក្នុងវិស័យកីឡាបាល់ទាត់ ប៉ុន្តែប្រឆាំងដាច់ខាតចំពោះគម្រោងដែលនឹងធ្វើឱ្យ World Cup ដែលមានទម្លាប់ធ្វើ៤ឆ្នាំម្តងជាប្រពៃណីជិតមួយសតវត្សរ៍ហើយនោះ ប្តូរទៅធ្វើ២ឆ្នាំម្តងវិញ៕
 

Tag:
 World Cup
  Arsene Wenger
  CONCACAF
© រក្សាសិទ្ធិដោយ thmeythmey.com