ជាតិ
សង្គមជាតិ
អគ្គមេបញ្ជាការ វង្ស ពិសេន៖«កងទ័ព ត្រូវហ៊ានលះបង់គ្រប់យ៉ាង ដើម្បីជាតិមាតុភូមិ»
14, Sep 2021 , 7:59 pm        
រូបភាព
លោក វង្ស ពិសេន ស្ថិតក្នុងអង្គប្រជុំមួយ កាលពីខែមេសា ឆ្នាំ២០២១ (រូបពីអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ)
លោក វង្ស ពិសេន ស្ថិតក្នុងអង្គប្រជុំមួយ កាលពីខែមេសា ឆ្នាំ២០២១ (រូបពីអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ)
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីណែនាំមួយ ទៅកាន់គ្រប់បណ្តាកងទ័ព ស្តីពីការអនុវត្តកាតព្វកិច្ចរបស់កងទ័ពក្នុងការបង់ពន្ធរថយន្តជូនរដ្ឋ។ មិនត្រឹមតែកាតព្វកិច្ចបង់ពន្ធជូនរដ្ឋនោះទេ ច្បាប់វិន័យរបស់កងទ័ព ក៏លោក បានលើកឡើងដែរ។



តាមរយៈសេចក្តីណែនាំ ចេញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក វង្ស ពិសេន ប្រាប់ទៅមេដឹកនាំកងទ័ពតាមបណ្តាស្ថាប័ននីមួយៗ យ៉ាងដូច្នេះថា៖«[ត្រូវ] អប់រំយោធិនថ្នាក់ក្រោមឲ្យយល់ និងចូលរួមរំលែកការលំបាករបស់រាជរដ្ឋាភិបាលក្នុងការប្រមូលថវិកាជាតិ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ឲ្យហ៊ានលះបង់គ្រប់យ៉ាង ដើម្បីជាតិមាតុភូមិ និងស្មោះត្រង់ដាច់ខាតឥតងាករេ ចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។ 
 
លោកអគ្គមេបញ្ជាការ ថែមទាំងបានក្រើនរម្លឹកកងទ័ព ឲ្យគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់លក្ខន្តិកៈរបស់កងទ័ព ហើយជាពិសេសត្រូវគោរពឋានុក្រមកងទ័ព ត្រូវបំពេញភារកិច្ចដោយម្ចាស់ការ និង ត្រូវទទួលខុសត្រូវខ្ពស់ចំពោះរដ្ឋាភិបាល។
 
ចំពោះកងទ័ព ដែលមិនទាន់បង់ពន្ធលើការនាំចូលរថយន្ត លោក បានដាស់តឿនឲ្យប្រញប់ទៅបង់ពន្ធជូនរដ្ឋ តាមសេចក្តីជូនដំណឹងរបស់អគ្គនាយដ្ឋានគយ ហើយកងទ័ពណា ដែលបាននាំចូលរថយន្តចង្កូតស្តាំ ត្រូវរួសរាន់យករថយន្តនោះ ទៅកែដាក់ចង្កូតឆ្វេងវិញ។ ជាមួយគ្នានេះ លោក បញ្ជាឲ្យកងទ័ព បញ្ឈប់ការស្នើសុំបណ្ណខេមរភូមិន្ទ (ខ.ម.) យកទៅបំពាក់លើរថយន្តឯកជន។ 
 
ការប្រើប្រាស់រថយន្តដោយខុសច្បាប់ ការយករថយន្ត ដែលមានផ្លាកខេមរភូមិន្ទ ការជួលរថយន្ត ដែលមានផ្លាកខេមរភូមិន្ទ និង ការលក់រថយន្ត ដែលមានផ្លាកខេមរភូមិន្ទ ក៏លោកនាយឧត្តមសេនីយ៍រូបនេះ បញ្ជាឲ្យបញ្ឈប់ដែរ។ លោក ព្រមានថា៖«បើរកឃើញថា មានហេតុការណ៍ខាងលើនេះ កើតឡើង យោធិននោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»៕ 
 

Tag:
 វង្ស ពិសេន
  កងទ័ព
  វិន័យ
  បង់ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com