ជាតិ
សង្គមជាតិ
ថៅកែ សុំឲ្យបន្ថយប្រាក់ខែកម្មករ៨,៦ដុល្លារ ក្នុងឆ្នាំ២០២២
14, Sep 2021 , 8:59 pm        
រូបភាព
កម្មករកាត់ដេរសម្លៀកបំពាក់នៃរោងចក្រមួយក្នុងរាជភ្នំពេញ បានចេញពិសាអាហារ ពេលម៉ោងសម្រាកថ្ងៃត្រង់ (រូប ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP  កាលពីឆ្នាំ២០១៤)
កម្មករកាត់ដេរសម្លៀកបំពាក់នៃរោងចក្រមួយក្នុងរាជភ្នំពេញ បានចេញពិសាអាហារ ពេលម៉ោងសម្រាកថ្ងៃត្រង់ (រូប ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីឆ្នាំ២០១៤)
ភាគីនិយោជក (ថៅកែ) បានសុំឲ្យបន្ថយប្រាក់ខែកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតផលស្បែកជើងពី១៩២ដុល្លារ មកនៅត្រឹម១៨៣,៤ដុល្លារ (បន្ថយ៨,៦ដុល្លារ) សម្រាប់ឆ្នាំ២០២២។ ការស្នើសុំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការដំឡើងប្រាក់ខែជូនកម្មករនិយោជិត។

 
ការស្នើសុំរបស់ភាគីនិយោជក គឺផ្ទុយឆ្ងាយមែនទែនពីការស្នើសុំរបស់មេសហជីព ដែលតំណាងឲ្យកម្មករនិយោជិត។ មេសហជីព ស្នើឲ្យបន្ថែមប្រាក់ខែជូនកម្មករនិយោជិតពី១៩២ដុល្លារ ទៅ២១៤,២ដុល្លារ (បន្ថែម២២,២ដុល្លារ) ក្នុងឆ្នាំ២០២២។ ១៩២ដុល្លារ គឺជាប្រាក់ខែរបស់កម្មករនិយោជិត ក្នុងឆ្នាំ២០២១នេះ។ 
 
លោក អាត់ ធន់ មេសហជីពម្នាក់នៅកម្ពុជា មានប្រសាសន៍ថា និយោជក គួរតែដំឡើងប្រាក់ខែជូនកម្មករនិយោជិតឲ្យបានសមរម្យ ពីព្រោះថា ទីផ្សារនៅកម្ពុជាបច្ចុប្បន្ន ហាក់មានសភាពល្អឡើងវិញហើយ។ លោក មើលឃើញថា បើមិនដំឡើងប្រាក់ខែឲ្យបានសមរម្យទេ កម្មករនិយោជក នឹងជួបការលំបាកលើជីវភាពកាន់តែខ្លាំង។ 
 
មេសហជីពរូបនេះ ដែលបានចូលរួមទាមទារឲ្យដំឡើងប្រាក់ខែជូនកម្មករនិយោជិតដែរនោះ បានថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ថា៖«យ៉ាងហោចណាស់ ដំឡើងប្រាក់ខែជូនពួកគាត់ឲ្យបានសមរម្យជាងឆ្នាំមុនៗ»។ 
 
ការដំឡើងប្រាក់ខែជូនកម្មករនិយោជិតប៉ុន្មានដុល្លារ ឬត្រូវបន្ថយចុះនោះ មិនទាន់ចេញលទ្ធផលឡើយ។ ភាគទីទាំង៣ គឺតំណាងរដ្ឋាភិបាល តំណាងនិយោជក និង មេសហជីពតំណាងកម្មករនិយោជិត ត្រូវជួបពិភាក្សាគ្នា២ដងទៀត ក្នុងខែកញ្ញា ឆ្នាំ២០២១នេះ មុននឹងឈានទៅធ្វើសម្រេចរួមគ្នាចុងក្រោយពីបញ្ហាប្រាកខែកម្មករនិយោជិត ក្នុងឆ្នាំ២០២២។ នៅដើមខែកញ្ញានេះ ភាគីទាំង៣ បានជួបពិភាក្សាគ្នាលើកទី១រួចមកហើយ។
 
កាលពីឆ្នាំ២០២០ ក៏ភាគីនិយោជក សុំឲ្យបន្ថយប្រាក់ខែកម្មករនិយោជិតដែរ គឺសុំឲ្យបន្ថយជាង១០ដុល្លារ។ តែប្រាក់ខែកម្មករនិយោជិត មិនត្រូវបានកាត់បន្ថយតាមការស្នើសុំរបស់ភាគីនិយោជកនោះទេ។ កាលនោះ ប្រាក់ខែកម្មករនិយោជិត ត្រូវបានដំឡើង២ដុល្លារបន្ថែម គឺពី១៩០ដុល្លារ ក្នុងឆ្នាំ២០២០ ឡើងទៅ១៩២ដុល្លារ ក្នុងឆ្នាំ២០២១៕  
 
 

Tag:
 កម្មករ
  វិស័យសម្លៀកបំពាក់
  វិស័យស្បែកជើង
  អាត់ ធន់
© រក្សាសិទ្ធិដោយ thmeythmey.com