ពីនេះ ពីនោះ
កាលិក មានន័យថា របស់ដែលកើតឡើង​តាម​កាល វត្ថុដែល​ប្រើ​ប្រាស់បានតាម​កាល​វេលា
15, Sep 2021 , 7:29 am        
រូបភាព
កាលិក ដែលជាភាសាបាលី មានន័យថា របស់ដែលកើតឡើងតាមកាល, វត្ថុដែលប្រើប្រាស់បានតាមកាលវេលា ។ តាមវចនានុក្រម​សម្តេច​ព្រះសង្ឃរាជ ជួន ណាត កាលិកមាន ៤ យ៉ាងគឺ យាវកាលិក, យាមកាលិក, សត្តាហកាលិក, យាវជីវិក។

 
ខាងក្រោមនេះ ជាការពន្យល់ពាក្យ​បន្ថែមទាក់ទងនឹងកាលិក ដែលជាពាក្យ​សម្រាប់ប្រើ​ក្នុងន័យព្រះពុទ្ធសាសនា (ព.វិ.ពុ.)៖
 
១. «យាវកាលិក» មានន័យថា ដែលគួរប្រកបការបានតែត្រឹមពីព្រឹកទល់នឹងថ្ងៃត្រង់; ភោជនដែលពួកបព្វជិតឬឧបាសកអ្នកសមាទានឧបោសថសីល ត្រូវបរិភោគបានតែត្រឹមពីព្រឹកទៅទល់នឹងថ្ងៃត្រង់។
 
២. «យាមកាលិក» មានន័យថា ដែលប្រព្រឹត្តទៅ បានតែត្រឹមមួយថ្ងៃមួយយប់; ទឹកដែលគួរភិក្ខុពុទ្ធសាសនិកទទួលប្រគេនហើយទុកដោយខ្លួនឯង ឆាន់បានកំណត់មួយថ្ងៃមួយយប់។ អដ្ឋបានជាយាមកាលិកសម្រាប់ពួកភិក្ខុក្នុងពុទ្ធសាសនា ។
 
៣. «សត្តាហកាលិក» គឺ ភេសជ្ជៈដែលភិក្ខុទទួលប្រគេនហើយត្រូវទុកខ្លួនឯង ឆាន់បានយ៉ាងយូរត្រឹម ៧ ថ្ងៃ ( ព. វិ. ពុ. ) ។ សត្តាហកិច្ច, សប្ដាហក្រឹត្យ ឬ សត្តាហករណីយកិច្ច កិច្ចធុរៈដែលភិក្ខុ-សាមណេរ អ្នកកំពុងនៅចាំវស្សា ត្រូវអធិដ្ឋានចិត្តកំណត់ថ្ងៃហើយចេញទៅនៅក្រៅអាវាសបានយ៉ាងយូរត្រឹម៦យប់។
 
៤. «យាវជីវិក» ដែលប្រព្រឹត្តទៅបានដរាបដល់អស់ជីវិត; ថ្នាំបំបាត់រោគដែលភិក្ខុពុទ្ធសាសនិកទទួលប្រគេនហើយ ទុកដាក់ដោយខ្លួនឯងឆាន់បានដរាបទាល់តែប្រើប្រាស់អស់។
 
ក្រៅពីនេះវចនានុក្រម ក៏បាន​ពន្យល់ពាក្យពាក់ព័ន្ធផ្សេងទៀតផងដែរ ដោយក្នុងនោះមាន «កាលិកបត្រ» ដែលជា សារពត៌មាន, ទស្សនាវដ្តី ឬ សៀវភៅដែលផ្សាយចេញតាមកំណត់កាលទៀងទាត់ ។ រីឯ «តាវកាលិក» ជាវត្ថុដែលប្រព្រឹត្តទៅបានតែក្នុងកាលប៉ុណ្ណោះ, របស់ដែលកើតឡើងឬដែលប្រើប្រាស់បានក្នុងកាលដ៏ខ្លីឬក៏ក្នុងកាលមានកម្រឹត; របស់ខ្ចីគេ។ 
 
ពាក្យមួយទៀត គឺ «ធូមកាលិក» មានន័យថា ដែលប្រព្រឹត្តទៅឬដែលឋិតនៅ, ដែលមានត្រឹមតែផ្សែងភ្លើងប៉ុណ្ណោះ; ឱវាទត្រឹមតែផ្សែងភ្លើង, មានអត្ថន័យថា ឱវាទល្អរបស់គ្រូឬរបស់មាតាបិតាកាលបើគេរំលាយសពអ្នកមានគុណទាំងនោះរួចហើយ, ក្រោយពីនោះមក ឱវាទល្អនោះក៏អស់ ហាក់ដូចជាហើរបាត់ទៅជាមួយនឹងផ្សែងភ្លើង ពីព្រោះសិស្សនិងបុត្រធីតាទាំងឡាយ ពុំប្រតិបត្តិតាម។ សិស្សគណនិងបុត្រធីតាទាំងឡាយគួរកុំញ៉ាំងឱវាទល្អរបស់គ្រូ និងមាតាបិតាទាំងឡាយឲ្យជាធូមកាលិកឡើយ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com