អន្តរជាតិ
លោក បៃឌិន នឹងជួបនាយករដ្ឋមន្រ្តីអូស្រ្តាលី ជប៉ុន និងឥណ្ឌាដោយផ្ទាល់នៅថ្ងៃទី២៤ កញ្ញា
14, Sep 2021 , 8:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងដឹកនាំកិច្ចប្រជុំនៃយន្តការកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad) ដោយផ្ទាល់ជាលើកដំបូង ដោយមានមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុនចូលរួមដោយផ្ទាល់នៅសប្តាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់អាម៉េរិកនៅថ្ងៃទី១៣ ខែកញ្ញា។


កិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំង៤ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ (Quad) នឹងត្រូវធ្វើឡើងនៅសេតវិមាននៅថ្ងៃទី ២៤ ខែកញ្ញា។ នាយករដ្ឋមន្រ្តីអូស្រ្តាលី​​ ស្កុ​ត ម៉ូ​រី​សុន, នាយករដ្ឋមន្រ្តីឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី និងលោក ស៊ូហ្កា យូស៊ីហ៊ីដេ នាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានគេរំពឹងថា នឹងទៅដល់ទឹកដីអាម៉េរិកនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កមុនចូលរួមកិច្ចប្រជុំចតុភាគីនេះ។
 
«ការដឹកនាំកិច្ចប្រជុំ Quad ដែលមានការចូលពីមេដឹកនាំទាំង៤​ បានបង្ហាញពីឆន្ទៈរបស់រដ្ឋបាលបៃឌិន-ហារីស ក្នុងការចូលរួមនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងការរៀបចំកិច្ចសហការពហុភាគីថ្មីដើម្បីដោះស្រាយបញ្ហាប្រឈមនៅសតវត្សរ៍ទី ២១»។ មន្រ្តីរដ្ឋបាលជាន់ខ្ពស់ដដែលបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។
 
មន្រ្តីជាន់ខ្ពស់អាម៉េរិករូបនេះ បាននិយាយថា មេដឹកនាំទាំង៤នឹង ផ្តោតលើការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការដោះស្រាយវិបត្តិអាកាសធាតុ ភាពជាដៃគូលើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន និងការជំរុញឱ្យមានសេរីភាពក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិកដោយគ្មានការគំរាមពីប្រទេសនានា​។
 
កាលពីខែមីនា មេដឹកនាំប្រទេស Quad បានជួបប្រជុំប្រព័ន្ធអនឡាញឡើងម្តងរួចហើយ ដោយមានបំណងបង្កើនកិច្ចសហប្រតិបត្តិការទប់ទល់នឹងការកើនឡើងនៃអំណាច និងមហិច្ឆតារបស់ចិន។ កាលនោះ មេដឹកនាំទាំង៤ក៏បានសន្យាធ្វើការយ៉ាងជិតស្និទ្ធលើបញ្ហាកូវីដ-១៩ អាកាសធាតុ និងធានាសេរីភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈប្រឈមនឹងបញ្ហាជាច្រើនទល់នឹងក្រុងប៉េកាំង៕
 

Tag:
 អាម៉េរិក
  អូស្ត្រាលី
  ជប៉ុន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com