ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងរុករករ៉ែមាសមួយកន្លែងទៀត នៅតំបន់មេមត់ ខេត្តត្បូងឃ្មុំ
15, Sep 2021 , 7:59 pm        
រូបភាព
លោក  អ៊ឹង ឌីប៉ូឡា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ
លោក អ៊ឹង ឌីប៉ូឡា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ
ភ្នំពេញ៖ កម្ពុជា នឹងចុះរុករករ៉ែមាសមួយកន្លែងទៀត នៅតំបន់មេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយ ក្រុមហ៊ុនហ៊ុន  រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ។ គម្រោងរុករករ៉ែមាសនៅក្នុងតំបន់មេមត់ ធ្វើឡើបន្ទាប់ពី ក្រុមហ៊ុននេះ បានបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងនៅកម្ពុជា ក្នុងតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានរយៈពេល៤ខែមកនេះ។

 
ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្រ្តាលី ទទួលបានអាជ្ញាធរបណ្ណស្វែងរករ៉ែលោហៈ ពីក្រសួងរ៉ែ និងថាមពលក្នុងរយៈពេល៣ឆ្នាំ(២៧មករា ឆ្នាំ២០២១ ដល់២៧មករា ឆ្នាំ២០២៤) ដើម្បីសិក្សាស្រាវជ្រាវរ៉ែលោហៈ នៅលើផ្ទៃដីជាង១០៧គីឡូម៉ែត្រក្រឡា នៅក្នុងតំបន់មេមត់ ដែលស្ថិតនៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បើតាម លោក  អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ដំណាក់កាលដំបូងនេះ ក្រុមហ៊ុនចុះពិនិត្យទីតាំងនៃដែនអាជ្ញាបណ្ណរបស់ខ្លួន ជាមួយក្រុមការងាររុករក និងក្រុមការងារបរិស្ថាន ព្រមទាំងជួបអាជ្ញាធរមូលដ្ឋាន  ដើម្បីណែនាំ និងផ្សព្វផ្សាយអំពីផែនការសម្រាប់ការងារស្វែងរុករករ៉ែមាស នៅតំបន់មេមត់។ 
 
លោក  ឌីប៉ូឡា បានប្រាប់សារព័ត៌មានThmeyThmeyតាមប្រព័ន្ធតេលេក្រាម នាព្រឹកថ្ងៃទី១៥កញ្ញានេះ ថា ក្រុមហ៊ុននេះ នឹងចាប់ផ្តើមសកម្មភាពរុករករ៉ែមាស នៅក្នុងតំបន់មេមត់នេះ ក្រោយទទួលបានការឯកភាពពីក្រសួងបរិស្ថាន លើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA)។  
 



នៅក្នុងតំបន់មេមត់ នៃខេត្តត្បូងឃ្មុំ ដែលក្រុមហ៊ុន Renaissance Minerals កំពុងសិក្សាស្រាវជ្រាវនេះ គឺអាចមានខនិជកម្មរ៉ែដែលអាចពាក់ព័ន្ធនឹងការកកើតរ៉ែមាសប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោក ឌីប៉ូឡា ដោយបានបន្ថែមដូច្នេះ៖«  យើងត្រូវសិក្សាលម្អិតបន្តទៀត ដើម្បីកំណត់ពីទំហំជម្រករ៉ែនោះ  និងឈានទៅដល់ការវាយតម្លៃ ថា ជាតំបន់ដែលមានសក្កានុពលពិតប្រាកដ»។ 
 
បច្ចុប្បន្ន ក្រសួងរ៉ែនិងថាមពល មិនទាន់អាចវាយតម្លៃពីបរិមាណរ៉ែមាស ដែលក្រុមហ៊ុនអាចទាញយកបាននៅឡើយទេ។ អគ្គនាយកធនធានរ៉ែរូបនេះ បានអះអាងដូច្នេះ៖« ដើម្បីកំណត់ពីបរិមាណស្តុករ៉ែមួយឱ្យបានច្បាស់លាស់ គឺវាត្រូវការទាមទារនូវរយៈពេល សមត្ថភាពផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ»។ 
 
សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន Renaissance Minerals កំពុងប្រតិបត្តិការលើ អាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងនៅកម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ គិតត្រឹមថ្ងៃទី១៣កញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុននេះ ចម្រាញ់រ៉ែមាស  បានចំនួន៣៨ដុំ ដែលស្មើនឹងជាង៤២៥គីឡូក្រាម។ លោក  អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ថា ក្នុងចំណោមរ៉ែមាស ដែលចម្រាញ់បាននេះ គឺមាន ២១៦.២៨គីឡូក្រាម  ត្រូវបានក្រុមហ៊ុននាំចេញដើម្បីបន្សុទ្ធជាមាសទឹក ៩៩,៩៩ភាគរយ នៅប្រទេសអូស្រា្តលី៕ 
 

Tag:
 បរិស្ថាន
  ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com