ជាតិ
សេដ្ឋកិច្ច
មន្ត្រីការទូតកម្ពុជា៖ កិច្ចប្រជុំASEM នឹងផ្ដល់ប្រយោជន៍ធំៗ៤ ដល់កម្ពុជា
16, Sep 2021 , 3:02 pm        
រូបភាព
 រូបតំណាង៖ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប កាលឆ្នាំ២០១៨​
រូបតំណាង៖ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប កាលឆ្នាំ២០១៨​
ភ្នំពេញ៖ កម្ពុជា បានសម្រេចរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣(ASEM 13)តាមប្រព័ន្ធ Video Conference ។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៥-២៦វិច្ឆិកា ឆ្នាំ២០២១។ បើតាមលោក លុយ ដាវីត ដែលជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  ការសម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប តាមប្រព័ន្ធអនឡាញ ដោយសារស្ថានភាពឆ្លងរាលដាលជំងឺកូវីដ-១៩។

 
បញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បានបង្ខំឱ្យរដ្ឋាភិបាលកម្ពុជា សម្រេចផ្លាស់ប្តូរពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)ដែលមានថ្នាក់ដឹកនាំចំនួន៥៣ប្រទេស-ស្ថាប័ន ចូលរួមដោយផ្ទាល់ ឬលក្ខណៈរូបវ័ន្តនោះ ទៅជាកិច្ចប្រជុំតាមប្រព័ន្ធអនឡាញវិញ។លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសបានអះអាងថា  ការរៀបចំកិច្ចប្រជុំកំពូលតាមអនឡាញនេះ ដើម្បីធានាសុវត្ថិភាពដល់ថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ។

 
បើតាមលោក លុយ ដាវីត ថ្វីត្បិតកិច្ចប្រជុំកំពូលនេះ នឹងប្រារព្ធតាមប្រព័ន្ធអនឡាញក៏ពិតមែន ប៉ុន្តែកម្ពុជា នៅតែអាចទាញយកអត្ថប្រយោជន៍ធំៗចំនួន៤ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលASEMទី១៣ នេះ។  លោក លុយ ដាវីត បានបញ្ជាក់នៅក្នុងវេទិកាពិភាក្សាសារព័ត៌មានតាមអនឡាញ(Zoom) ស្តី«ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣»  នាព្រឹកថ្ងៃទី១៦ កញ្ញា ថា  អត្ថប្រយោជន៍ធំៗទាំងនោះ រួមមាន៖ ទីមួយ. កម្ពុជា នឹងបានបង្ហាញពីភាពចាស់ទុំ នៃនយោបាយការទូតរបស់កម្ពុជា និងឱកាសសម្រាប់កម្ពុជាលើកកម្ពស់មុខមាត់ប្រទេសជាតិ ទៅលើឆាកអន្តរជាតិ។ ទីពីរ. កម្ពុជាទទួលបានឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយបណ្តាប្រទេស ដែលជាដៃគូ ASEM ទាំងអស់។ 
 
ទីបី. វត្តមានរបស់ថ្នាក់ដឹកនាំកំពូលមកពីប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូល ASEMនេះ នឹងបង្ហាញទៅពិភពលោកថា កម្ពុជា មានស្ថេរភាពនយោបាយមួយយ៉ាងពេញលេញ ដែលកំពុងដើរលើវិថីមួយយ៉ាងធំធេង ក្នុងការអភិវឌ្ឍប្រទេសជាតិ។ អត្ថប្រយោជន៍ទីបួន គឺកម្ពុជា មានឱកាសបង្ហាញពីអរិយធម៌ និងផ្សព្វផ្សាយវប្បធម៌ រួមទាំងការទាក់ទាញអ្នកវិនិយោគ  អ្នកទេសចរ មកកម្ពុជាបានកើនឡើងច្រើន សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។
  

លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស (រូបខាងលើផ្នែកខាងឆ្វេង)

សូមបញ្ជាក់ថា កិច្ចប្រជុំASEM នេះ នឹងមានមេដឹកនាំកំពូលៗមកពីអាស៊ី និងអឺរ៉ុប សរុបចំនួន៥៣ ប្រទេស និងស្ថាប័នចូលរួម។ ក្នុងនោះ មាន២១ប្រទេសមកពីតំបន់អាស៊ី និង៣០ប្រទេសមកពីអឺរ៉ុប ព្រមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។ ប្រទេសជាដៃគូASEMទាំងអស់ គឺតំណាងឱ្យ៦៥ភាគរយ នៃសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយនៃប្រជាជនពិភពលោក, ៥៥ភាគរយនៃពាណិជ្ជកម្មពិភពលោក និង៧៥ភាគរយនៃទេសចរណ៍ពិភពលោក។ 
 
កិច្ចប្រជុំកំពូលនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់សន្តិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តិទៅរៀងរាល់ពីរឆ្នាំម្តង ដោយប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះម្ដង ដែលប្រព្រឹត្តិទៅនៅក្នុងប្រទេសណាមួយជារដ្ឋសមាជិកនៅអឺរ៉ុប ហើយម្តងទៀតនៅអាស៊ី៕
 

Tag:
 កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប
  លោក លុយ ដាវីត
© រក្សាសិទ្ធិដោយ thmeythmey.com