COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ សិស្សដែលមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះបញ្ហាសុខភាព អាចចូលរៀនបានធម្មតា
16, Sep 2021 , 4:47 pm        
រូបភាព
ភ្នំពេញ៖ សិស្សដែលមានបញ្ហាសុខភាព ហើយមិនអាចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នោះ ពួកគេអាចចូលរៀនបានធម្មតា ដូចសិស្សដទៃទៀតដែរ។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។


យុវជនម្នាក់ ដែលអះអាងថា ខ្លួនជាសិស្សនោះ បានបង្ហោះសារចូលទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដើម្បីសួរពីការចូលរៀនវិញ។ រូបគេបានអះអាងថា ខ្លួនមានបញ្ហាសុខភាព ដែលមិនអាចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បាន ដូច្នេះតើនឹងត្រូវអនុញ្ញាតឱ្យចូលរៀនដែរទេ?
 
ឆ្លើយតបនឹងការសួរនាំរបស់យុវជននោះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា រូបគេអាចចូលរៀន ដូចសិស្សដទៃបានធម្មតា។ តាមរយៈហ្វេសប៊ុកខ្លួន ប្រមុខរដ្ឋាភិបាល ដែលយល់ពីបញ្ហាសុខភាពនេះ បានសរសេរដូច្នេះថា៖«នៅតែអាចចូលរៀនបាន ព្រោះមនុស្សមួយចំនួន មិនអាចចាក់បានទេ ទោះចង់ចាក់ក៏ពេទ្យមិនចាក់ឱ្យដែរ ខ្លាចមានប្រតិកម្ម»។
 
កន្លងមកក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដែលមានជំងឺផ្សេងៗប្រចាំកាយ មិនអាចទទួលវ៉ាក់សាំងកូវីដ-១៩នេះបានទេ។ ប្រភេទជំងឺនោះរួមមាន អ្នកមានបញ្ហាអាឡែហ្ស៊ីផ្សេងៗ ,អ្នកដែលមានបញ្ហាដង្ហើម, រលាកសរសៃឈាម អ្នកចេញកន្ទាលត្រអាក, អ្នកជំងឺរុំាំរ៉ៃ ,អ្នកជំងឺឆ្កួតជ្រូក ,ជំងឺរលាកស្រោមខួរ ,ជំងឺសរសៃប្រសាទ, ជំងឺតំណពូជ ,អ្នកមានសុខភាពខ្សោយ ,អ្នកកើតជំងឺអេដស៍ ,អ្នកមហារីកកូនកណ្តុរ ,អ្នកជំងឺឈាមស, អ្នកជំងឺបេះដូងសរសៃឈាមធ្ងន់ធ្ងរ ,ជំងឺថ្លើម ,ជំងឺតម្រងនោម និងជំងឺដុះដុំសាច់ធ្ងន់ធ្ងរ។ ជាពិសេសអ្នកដែលមានប្រវត្តិប្រតិកម្មក្រោយពីបានចាក់វ៉ាក់សាំងផ្សេងៗ។
 
គិតត្រឹមថ្ងៃទី១៦ កញ្ញានេះ មានពលរដ្ឋជាង៧ម៉ឺននាក់ មិនអាចចាក់វ៉ាក់សាំងបានដែរ ដោយសារបញ្ហាសុខភាព ។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាល។
 
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអនុញ្ញាតឱ្យសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ បានចូលរៀនដោយផ្ទាល់នៅក្នុងថ្នាក់ឡើងវិញ ក្រោយការបិទទ្វារអស់ប្រមាណ៦ខែ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ នេះជាដំណើរការដំណាក់កាលដំបូងសម្រាប់សាលាដែលអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP)។ 
 
រដ្ឋាភិបាល សម្រេចជ្រើសរើសតែសាលាណា ដែលអនុវត្តលក្ខខណ្ឌរបស់ក្រសួងអប់រំ អនុវត្តបាននូវវិធានសុខាភិបាល និងគោរពនូវសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ។ សាលារៀន បើកឡើងវិញ កាលពីថ្ងៃទី១៥ កញ្ញា មានចំនួន១៤២ ក្នុងនោះមានសាលារដ្ឋ ៦២ និង សាលាឯកជន ៨០កន្លែង។ ចំពោះសិស្សដែលត្រូវចូលរៀនក្នុងផ្ទាល់នោះ គឺក្រសួងអប់រំ កំណត់មិនឱ្យលើស១៥នាក់ឡើយ។ ដូច្នេះសិស្សទាំងនោះ គឺត្រូវផ្លាស់ប្ដូរគ្នាសិក្សា ។ បានន័យថា សិស្ស១៥នាក់ ត្រូវរៀននៅថ្នាក់ផ្ទាល់ ហើយសិស្សផ្សេងទៀត រៀនតាមអនឡាញ ក្នុងមួយសប្ដាហ៍ម្ដង។
 
ដោយឡែក មុនពេលបើកសាលា លោកគ្រូ-អ្នកគ្រូ ចំនួន ១០៤៤៣នាក់ បានទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងបានរកឃើញអ្នកវិជ្ជមានចំនួន ២៤នាក់ មានម្នាក់មិនទាន់ចាក់វ៉ាក់សាំង ព្រោះបញ្ហាសុខភាព។
 
គិតត្រឹមថ្ងៃទី១៦ កញ្ញា កម្ពុជា បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យពលរដ្ឋជាង១១លាននាក់ហើយ ស្មើនឹង៩៧,៨៨ភាគរយ នៃផែនការយ៉ាងតិច១០លាននាក់។ ដោយក្នុងនោះ ពលរដ្ឋជាង៩លាននាក់ បានចាក់ដូសទី២ និងជិត៨ម៉ឺននាក់ បានឈានទៅចាក់ដូសទី៣ ឬដូសជំរុញ។ 
 
បច្ចុប្បន្ន កម្ពុជាមានអ្នកអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១០២ ១៣៦នាក់ ក្នុងនោះករណីនាំចូល ១៧ ៤២៨នាក់។ ចំណែកអ្នកជាសះស្បើយ៩៥ ៨១០នាក់ និងអ្នកស្លាប់ ២ ០៧៨នាក់៕

Tag:
 
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com