Simone Biles កីឡាការិនីកាយសម្ព័ន្ធអូឡាំពិកអាមេរិក បានសម្រក់ទឹកភ្នែកចំពោះមុខអ្នកច្បាប់ ដោយរៀបរាប់ថា ការិយាល័យស៊ើបអង្កេត (FBI) រួមជាមួយស្ថាប័នកាយសម្ព័ន្ធ និងមន្រ្តីអូឡាំពិកអាមេរិក មិនអាចបញ្ឈប់ការបំពានផ្លូវភេទដែលនាង និងអត្តពលិករាប់រយនាក់ផ្សេងបានរងគ្រោះ។ ទាំង Biles និងអ្នករួមអាជីពផ្សេងទៀតធ្លាប់រងការបំពានផ្លូវភេទពីអតីតវេជ្ជបណ្ឌិតអាមេរិក Larry Nassar។
Biles ជាម្ចាស់មេដាយមាសអូឡាំពិកចំនួន៤ និងសំរឹទ្ធិ១ វិញ្ញាសាកីឡាកាយសម្ព័ន្ធជាលក្ខណៈទោល និងក្រុម នៅក្រុងរីយ៉ូ ឆ្នាំ ២០១៦។ ប៉ុន្តែនៅតូក្យូ ឆ្នាំ២០២០ នាងទទួលបានតែមេដាយប្រាក់១ប៉ុណ្ណោះ ក្រោយសម្រេចចិត្តដកខ្លួនចេញពីការប្រកួតនៅពាក់កណ្តាលទី ដោយសារបញ្ហាផ្លូវអារម្មណ៍។ បញ្ហាអារម្មណ៍របស់ Biles ត្រូវបានគេជឿជាក់ថា បណ្តាលមកពីករណីបំពានផ្លូវភេទកន្លងមក។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកញ្ញា Biles បានឈរចំពោះមុខគណៈកម្មាធិការយុត្តិធម៌ព្រឹទ្ធសភាអាមេរិករួមជាមួយអ្នកហាត់កាយសម្ព័ន្ធ McKayla Maroney, Aly Raisman និង Maggie Nichols ដែលរងការបំពានដូចគ្នា។ នាងបានប្រាប់អ្នកច្បាប់ទាំនោះថា៖ «ខ្ញុំសូមដៀលមនុស្សដូចជា Larry Nassar ហើយខ្ញុំរិះគន់ប្រព័ន្ធទាំងមូលដែលបើកដំណើរការ និងប្រព្រឹត្តអំពើរំលោភបំពានរបស់ Nassar»។
កីឡាការិនីកាយសម្ព័ន្ធអូឡាំពិកអាមេរិកទាំង៤រូបដែលរងគ្រោះដោយការរំលោភផ្លូវភេទ
Biles ដែលបានលើកមុខមាត់អាមេរិកតាមរយៈកីឡាអូឡាំពិក ថែមទាំងថ្កោទោសចំពោះស្ថាប័នកីឡាកាយសម្ព័ន្ធអាមេរិក និងគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកអាមេរិកដែលមិនអាចធ្វើអ្វីបានជុំវិញករណីដ៏អាម៉ាស់នេះ ខណៈ FBI ហាក់ប្រងើយកន្តើយ។
កីឡាការិនីវ័យ២៤ឆ្នាំរូបនេះ ថែមទាំងហ៊ាននិយាយចំៗចំពោះភាពអសកម្មរបស់មន្ត្រីអាមេរិកពាក់ព័ន្ធករណីរបស់ Nassar ដែលអាចធ្វើឱ្យបុរសរូបនេះបន្តអំពើអាក្រក់ ដើរធ្វើបាបជនរងគ្រោះជាច្រើនឆ្នាំទៅមុនទៀត មុនពេលត្រូវបានចាប់ខ្លួន។
លោក Chris Wray នាយក FBI មិនបានដោះសារទេចំពោះការលើកឡើងរបស់ Biles។ លោកសារភាពថា ការិយាល័យលោកបានបណ្តេញភ្នាក់ងារម្នាក់ដែលបានក្លែងបន្លំព័ត៌មានលម្អិតជុំវិញករណីខាងលើនៅក្នុងបទសម្ភាសរបស់ Maroney កាលពីឆ្នាំ ២០១៥។
អតីតវេជ្ជបណ្ឌិតអាមេរិក Larry Nassar ដែលជាជនបង្ក
លោក Wray បន្ថែមថា នៅលើភពផែនដីនេះគ្មានអ្នកណាអាចទទួលយកបាននូវអំពើដ៏ស្មោកគ្រោកបែបនេះបានឡើយ។
Maroney ដែលស្ថិតក្នុងចំណោមជនរងគ្រោះដូច Biles ក៏បាននិយាយចំពោះមុខអ្នកច្បាប់អាមេរិកដែរថា ក្នុងឆ្នាំ ២០១៥ នាងបានចំណាយពេលបីម៉ោងតាមទូរសព្ទប្រាប់ FBI អំពីរឿងរ៉ាវរំលោភបំពានផ្លូវភេទពីអតីតវេជ្ជបណ្ឌិត Nassar។ ដោយប្រើសំឡេងខ្លាំងៗ នាងថានាងបានស៊ូទ្រាំអំឡុងការប្រកួតអូឡាំពិកនៅទីក្រុងឡុងដ៍ ដោយសារតែជនពេស្យាចារ Nassar នេះ។
Nassar វ័យ៥៨ឆ្នាំ ជាអតីតពេទ្យប្រចាំក្រុមកាយសម្ព័ន្ធនារីអាមេរិក និងជាអតីតបុគ្គលិកនៃសាកលវិទ្យាល័យ Michigan State ផងដែរនោះ ត្រូវបានគេរកឃើញថាមានពិរុទ្ធ៣ករណីផ្សេងគ្នា ដោយមួយករណីអាចឱ្យជនពេស្យាចាររូបនេះជាប់ពន្ធនាគាររហូត ១៧៥ ឆ្នាំ៕