ជាតិ
កូនកេងកងតូច៣ក្បាលស្ដារនីតិសម្បទាជោគជ័យ តែមិនទាន់អាចលែងចូលព្រៃធម្មជាតិវិញ
17, Sep 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កូនកេងកងតូចចំនួន៣ក្បាល ដែលមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ទទួលទៅស្ដារនីតិសម្បទាជោគជ័យ ក្រោយទទួលបានការមើលថែជាង៣ខែ ចន្លោះខែមិថុនាដល់ខែកញ្ញា ។



លោក ទ្រី ស៊ីថេង បានបញ្ជាក់ថា កូនកេងកងទាំង៣ក្បាលនេះ មានសុខភាពល្អ និងមានសមត្ថភាព អាចរកចំណីដោយខ្លួនឯងវិញហើយ ប៉ុន្ដែក្រុមការងារមិនទាន់អាចកំណត់កាលបរិច្ឆេទ លែងចូលព្រៃធម្មជាតិនៅឡើយទេ។
 
ប្រធានបុគ្គលិកថែរក្សានិងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានថ្លែងថា « ខ្ញុំសង្កេតឃើញថា សុខភាពរបស់វា ប្រែមកធម្មតា ហើយក៏រៀងធំទ្រើសជាងមុន ល្មមអាចហើរ និងរកស៊ីបានដោយខ្លួនឯង»។ 


 រូបភាព អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ 

ជុំវិញដំណើរការនៃការលែងសត្វទាំងនេះ ចូលទៅព្រៃធម្មជាតិវិញ ក្រុមការងារត្រូវសិក្សា និងរកតំបន់ណាមួយច្បាស់សិន ទើបអាចលែងវាបាន។ នេះបើតាមលោក ស៊ីថេង ។
 
លោកបន្ថែមថា ៖«ពលរដ្ឋគ្រប់រូប ស្រឡាញ់សត្វព្រៃយ៉ាងណាក្តី សូមមេត្តាកុំចាប់ ឬទិញយកមកចិញ្ចឹមនៅតាមស្រុកភូមិ ព្រោះសកម្មភាពបែបនេះជារឿងខុសច្បាប់ និងអាចធ្វើឱ្យវត្តមានសត្វព្រៃថយចុះ និងជាហេតុផលមួយបង្អាក់ ក្នុងការបន្តពូជតាមធម្មជាតិរបស់ពួកវាផងដែរ»។ 
 
បច្ចុប្បន្នមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មានសត្វកំពុងស្ដារនីតិសម្បទា ប្រមាណ៥៧ប្រភេទ ស្មើនឹង ៤៤៤ក្បាល៕
 
 


 រូបភាព អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ 
 

Tag:
 កេងកងតូច
  ភ្នំតាម៉ៅ
  ស្ដារនីតិសម្បទា
© រក្សាសិទ្ធិដោយ thmeythmey.com