ជាតិ
កូវីដ-១៩ ធ្វើឲ្យយុវតីជនបទខ្លះ សម្រេចចិត្តមិនបន្តការសិក្សានៅមហាវិទ្យាល័យ
17, Sep 2021 , 8:59 am        
រូបភាព
(ឆ្វេង) អ្នកនាង អេង ណារីន និង អ្នកនាង ថាន សុភ័ក្រ
(ឆ្វេង) អ្នកនាង អេង ណារីន និង អ្នកនាង ថាន សុភ័ក្រ
ដោយ៖ អ៊ុន វឌ្ឍនា
 
ឧត្តរមានជ័យ៖ បញ្ហាជំងឺកូវីដ-១៩ បានបង្ខំឱ្យយុវតីមួយចំនួននៅជនបទ សម្រេចចិត្តបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី១១ ទី១២ ឬក្រោយចប់ទី១២។ ទន្ទឹមនឹងការឈប់រៀននេះ យុវតីខ្លះទៀត សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍។

 
នារីវ័យក្មេងពីរនាក់ គឺអ្នកនាង អេង ណារីន និងអ្នកនាង ថាន សុភ័ក្រ  ដែលរស់នៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានសម្រេចបោះបង់ត្រឹមកម្រិតវិទ្យាល័យ និងបានរៀបអាពាហ៍ពិពាហ៍។ 
 
អ្នកនាង អេង ណារីន បានបញ្ចប់ការសិក្សានៅថ្នាក់ពី១២ នៅក្នុងឆ្នាំ២០២០ ហើយអ្នកនាង បានសម្រេចចិត្តមិនបន្តការសិក្សានៅសាកលវិទ្យាល័យ ឬរៀនជំនាញអ្វីឡើយ។ ការសម្រេចមិនបន្តការសិក្សា គឺដោយសារអ្នកនាងត្រូវមើលការខុសត្រូវអាជីវកម្មរបស់គ្រួសារ ហើយអ្នកនាង ក៏បានរៀបអាពាហ៍ពិពាហ៍ កាលពីដើមឆ្នាំ២០២១។
 
ស្រ្តីវ័យ២០ឆ្នាំរូបនេះ និយាយថា៖«ខ្ញុំចូលចិត្តការលក់ដូរ និងប្រកបអាជីវកម្មតាំងពីតូចមកម៉្លេះ ណាមួយ ខ្ញុំត្រូវជួយបន្តអាជីកម្មរបស់គ្រួសារ ដែលខ្ញុំមិនអាចចេញទៅរៀនទីឆ្ងាយបានទេ»។ អ្នកនាង បន្តថា៖«មុននឹងបញ្ចប់ថ្នាក់ទី១២ ខ្ញុំពិបាកណាស់ក្នុងការរៀនតាមអនឡាញម្ដងៗ ព្រោះរៀនពីចម្ងាយចាប់មេរៀនមិនសូវទាន់ ណាមួយភ័យនឹងការប្រឡងទៀត ហើយពេលខ្លះត្រូវលក់បណ្ដើររៀនបណ្ដើរក៏មាន »។  
 
បើតាម ណារីន ការសម្រេចចិត្តរៀបការភ្លាមៗក្រោយបញ្ចប់ការសិក្សានៅត្រឹមថ្នាក់ទី១២នេះ គឺ ដោយសារអ្នកនាង ចង់មានដៃគូជីវិតដែលយល់ចិត្តគ្នា និងរួមគ្នាបង្កើតមុខរបរផ្ទាល់ខ្លួន ដោយមិនពឹងផ្អែកទាំងស្រុងលើទ្រព្យសម្បត្តិ និងអាជីវកម្មរបស់ឪពុកម្ដាយទាំងសងខាងឡើយ។ 
 
អ្នកនាង រៀបរាប់ថា៖«កាលពីមុនធ្លាប់តែស្ថិតក្រោមការមើលថែរបស់ឪពុកម្ដាយ មិនសូវហត់ និងមិនសូវគិតច្រើននោះទេ។ តែពេលនេះត្រូវលក់ដូរពេញមួយថ្ងៃ គិតគូរទាំងចំណូលនិងចំណាយ ហើយក្រៅពីលក់ ត្រូវធ្វើការងារផ្ទះផ្សេងៗផងដែរ»។ អ្នកនាង បន្ថែមថា៖«ការលក់ដូរសាច់ជ្រូក គឺមិនងាយស្រួលនោះទេ ព្រោះកន្លែងលក់នៅឆ្ងាយពីផ្ទះ ហើយក្រោកទៅលក់តាំងពីម៉ោង៤ព្រឹកជាប្រចាំ។ ពេលលក់អស់ មកផ្ទះក៏មិនទំនេរដែរ ព្រោះត្រូវបោកគក់ ធ្វើម្ហូប និង សម្អាតផ្ទះរហូតដល់ម៉ោង ១១យប់ទើបបានសម្រាក»។ 
 
អ្នកនាង ថាន សុភ័ក្រ បានសម្រេចចិត្តឈប់រៀននៅត្រឹមថ្នាក់ទី១១។ ក្រោយពីឈប់រៀន សុភ័ក្រ បានចូលធ្វើការជាបុគ្គលិកដូរលុយនៅហាងមាសមួយកន្លែង នៅខេត្តឧត្តរមានជ័យ។ ស្ត្រីវ័យ២០ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖«ដំបូងមិនទាន់ចូលធ្វើការ ខ្ញុំធ្លាប់គិតថាចង់រៀនបន្ត។  តែពេលបានធ្វើការបានមួយរយៈមក បានចាប់អារម្មណ៍ការងារនោះ ហើយសម្រេចចិត្តបានឈប់រៀន និងបន្តធ្វើការងារនេះរហូតមកដល់ពេលបច្ចុប្បន្ន»។
 
បន្ទាប់ពីឈប់រៀនជិតពីរឆ្នាំ សុភ័ក្រ បានរៀបអាពាហ៍ពិពាហ៍កាលពីចុងឆ្នាំ២០២០។ សម្រាប់ផែនការគ្រួសារទៅថ្ងៃមុខ អ្នកនាង សុភ័ក្រ ចង់បើកអាជីវកម្មវេរលុយ-ដូរលុយមួយកន្លែង ព្រោះវាជាការងារដែលចូលចិត្ត និងមានជំនាញស្រាប់។  
 
អ្នកស្រី សេង រាសី នាយិកាអង្គការសីលការ មើលឃើញថា ការបោះបង់ចោលការសិក្សាត្រឹមកម្រិតវិទ្យាល័យរបស់នារីខាងលើ នឹងធ្វើឱ្យវត្តមានស្រ្តីក្នុងវិស័យសង្គមសាធារណៈ-ឯកជន ឬសង្គមស៊ីវិល នឹងមានចំនួនតិច។ អ្នកស្រី ថ្លែងថា បើទោះបីស្ត្រីទាំងនោះ បានបន្តការងារ ឬមុខរបររបស់ពួកគេក៏ដោយ ប៉ុន្តែមានមុខងារមួយចំនួនធំត្រូវការការចូលរួមរបស់ស្រ្តីជាមួយការអប់រំក្នុងកម្រិតណាមួយខ្ពស់ ។ 
 
អ្នកស្រី សេង រាសី មានប្រសាសន៍ថាដូច្នេះថា៖«ការអប់រំ និង ការចូលរួមអភិវឌ្ឍសង្គម គឺមានការផ្សារភ្ជាប់គ្នា»។  បើតាមអ្នកស្រី សេង រាសី នៅពេលស្រ្តីមានចំនួនតិច ក្នុងភាពជាអ្នកដឹកនាំ នោះនឹងមានកង្វះការចូលរួមរបស់ស្រី្ត។ ត្រង់ចំណុចនេះ អ្នកស្រី បានបញ្ជាក់ថា ការអនុវត្តសិទ្ធិ ក្នុងការចូលរួមផ្សេងៗរបស់ពួកគាត់ត្រូវបានបាត់បង់ក្នុងកម្រិតណាមួយ។ ម្យ៉ាងទៀត នៅពេល ស្រ្តីទៅធ្វើអ្វីផ្សេង ដោយមិនបានចូលរួមសម្រេចចិត្ត វាអាចប៉ះពាល់ដល់គោលនយោបាយ និងការសម្រេចចិត្តផ្សេងៗ។
 
នាយិកាអង្គការសីលការ បង្ហាញការយល់ឃើញដូច្នេះថា៖«នៅពេលស្រ្តីរៀនមិនបានខ្ពស់ គាត់មិនមានសិទ្ធិចូលរួមចំណែកនោះទេ គ្រាន់តែកម្រិតនៃការចូលរួមសម្រេចចិត្តក្នុងវិស័យផ្សេងៗនៅមានកម្រិតដោយសារតួអង្គស្រ្តីមានចំនួនតិច។ តួនាទីមួយចំនួននៅក្នុងសង្គម  ដូចជាកម្រិតប្រធានអង្គភាពណាមួយជាដើម ត្រូវមានចំណេះជំនាញមួយចំនួនច្បាស់លាស់»។ អ្នកស្រី រាសី  សង្កត់ធ្ងន់បែបនេះថា៖«បើស្រ្តីគាត់មិនមានជំនាញទាំងអស់នោះទេ ដូចនេះ ការឈោងទៅយកអាជីពនោះក៏មិនសូវមានដែរ។ ណាមួយមុខតំណែងទាំងអស់នោះ ជាមុខតំណែងសម្រេចចិត្ត ដែលវាជះឥទ្ធិពលច្រើនទៅលើគោលនយោបាយនៃការអនុវត្តរបស់អង្គភាព នៃការសម្រេចចិត្តនៅកន្លែងការងាររបស់គាត់ ដែលមានន័យថា សក្ដានុពលអនុវត្តមានការបាត់បង់»៕
 
 
 

Tag:
 យុវតី
  សិស្ស
  ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com