អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសហូឡង់ លាលែងពីតំណែងដោយសារចាត់ចែងបញ្ហាអាហ្វហ្កានីស្ថានមិនបានល្អ
17, Sep 2021 , 10:33 am        
រូបភាព
លោកស្រី Sigrid Kaag លាលែងពីតំណែងរដ្ឋមន្រ្តីការបរទេសហូឡង់។ រូបថត AFP
លោកស្រី Sigrid Kaag លាលែងពីតំណែងរដ្ឋមន្រ្តីការបរទេសហូឡង់។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសហូឡង់ Sigrid Kaag បានលាលែងពីតំណែងនៅថ្ងៃទី១៦ ខែកញ្ញា បន្ទាប់ពីសភាថ្កោលទោសរដ្ឋាភិបាលចំពោះការដោះស្រាយការជម្លៀសមនុស្សពីអាហ្វហ្កានីស្ថានមិនបានល្អ។ លោកស្រី Kaag ចាត់ទុកការលាលែងពីតំណែងនេះ ជាការបង្ហាញការទទួលខុសត្រូវ។

 
ហូឡង់ស្ថិតក្នុងចំណោមប្រទេសដែលជម្លៀសប្រជាជនខ្លួន និងប្រជាជនអាហ្វហ្កានីស្ថានដែលជួយកងទ័ពខ្លួន នៅពេលដែលក្រុមតាលីបង់ឡើងកាន់អំណាចយ៉ាងរហ័ស។ រដ្ឋាភិបាលហូឡង់ រងការរិះគន់ខ្លាំងចំពោះស្ថានការណ៍ជម្លៀសបែបប្រថុចញ៉ុចបែបនេះ។ នៅថ្ងៃទី១៦ ខែកញ្ញា សភាហូឡង់ បានអនុម័តសំណើថ្កោលទោសរដ្ឋាភិបាលដែលមិនអាចជម្លៀសពលរដ្ឋអាហ្វហ្កានីស្ថានបាន និងការខកខានទទួលព័ត៌មានទាក់ទងការក្ដាប់អំណាចរបស់ក្រុមតាលីបង់។
 
ប្រមុខការទូតហូឡង់ Sigrid Kaag ដែលត្រូវបានថ្កោលទោសដែរនោះ បានសម្រេចចិត្តលាលែងពីតំណែងភ្លាមៗផងដែរ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ លោកស្រី Kaag និយាយថា សភាចាត់ទុកសកម្មភាពរដ្ឋាភិបាលលើវិបត្តិអាហ្វហ្កានីស្ថានជាការមិនទទួលខុសត្រូវ ហើយលោកស្រីទទួលយកការថ្កោលទោសបែបនេះក្នុងនាមជារដ្ឋមន្រ្តីជាមួយការទទួលខុសត្រូវ។
 
«តាមទស្សនៈរបស់ខ្ញុំលើប្រជាធិបតេយ្យ និងវប្បធម៌របស់រដ្ឋាភិបាល រដ្ឋមន្ត្រីម្នាក់គួរចាកចេញ បើគោលនយោបាយត្រូវបានបដិសេធ។ ដូច្នេះ ខ្ញុំដាក់ពាក្យលាលែងជារដ្ឋមន្រ្តីការបរទេសថ្វាយមហាក្សត្រ។» លោកស្រី Kaag បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន។ មហាក្សត្រហូឡង់ មានព្រះនាម Willem-Alexander ។
 
ទោះជាយ៉ាងណា លោកស្រី Kaag នឹងបន្តដឹកនាំបក្សឆ្វេងនិយម D66 ដែលស្ថិតក្នុងការចរចាបង្កើតរដ្ឋាភិបាលជាមួយនាយករដ្ឋមន្រ្តី Mark Rutte ក្រោយការបោះឆ្នោតខែមីនា។ លោក Rutte អះអាងថា​ការចាកចេញរបស់លោកស្រី Kaag ជាការបាត់បង់ដ៏ធំធេង។
 
ហូឡង់ ជម្លៀសមនុស្សបានជាង១៥០០នាក់ទាំងពលរដ្ឋហូឡង់ ទាំងពលរដ្ឋអាហ្វហ្កានីស្ថានដែលមានសិទ្ធិនៅប៉ុន្មានថ្ងៃចុងក្រោយមុនអាម៉េរិកដកទ័ព។ ប៉ុន្តែប្រជាជនអាហ្វហ្កានីស្ថានជាច្រើនទៀតរួមទាំងអ្នកបកប្រែ២២នាក់ផង មិនទាន់ជម្លៀសបាននៅឡើយ៕
 
 

Tag:
 ហូឡង់
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com