COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ «ខ្ញុំមិនHack ចូលទេ ប៉ុន្តែនៅទីណាក៏មានមនុស្សខ្ញុំ»
17, Sep 2021 , 11:13 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានដឹងរឿងផ្ទៃក្នុងទាំងអស់ របស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើសកម្មភាពនៅក្រៅប្រទេស។ នោះក៏ព្រោះតែមានមនុស្សសម្ដេច នៅក្នុងក្រុមប្រឆាំងទាំងនោះ។


ប្រមុខរដ្ឋាភិបាល បានអះអាងថា រាល់កិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឆាំងចប់ភ្លាមៗ គឺវីដេអូប្រជុំនោះ ត្រូវបានគេបញ្ជូនមកសម្ដេចភ្លាមដែរ។ ដូច្នេះសម្ដេច អាចស្ដាប់បានគ្រប់រឿងផ្ទៃក្នុងរបស់ពួកគេ។ ថ្លែងក្នុងសន្និសីទកាសែតក្រោយកម្មវិធីចាក់វ៉ាក់សាំងឱ្យកុមារអាយុ៦ឆ្នាំ ទៅ១២ឆ្នាំ នាព្រឹកថ្ងៃទី១៧ កញ្ញា លោកនាយករដ្ឋមន្ត្រី បាននិយាយដូច្នេះថា៖«ខ្ញុំមិនHack ចូលទេ ប៉ុន្តែនៅទីណាក៏មានមនុស្សខ្ញុំ»។
 
សម្ដេច ហ៊ុន សែន បានអះអាងថា ខ្លួនបានស្ដាប់កិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមអតីតគណបក្សប្រឆាំងច្រើនមកហើយ សូម្បីតែពួកគេប្រជុំជាមួយក្រុមប្រតិភូអឺរ៉ុប និងបរទេសនានាក្តី។ បើតាមប្រមុខរដ្ឋាភិបាល វីដេអូកិច្ចប្រជុំផ្ទៃក្នុងក្រុមប្រឆាំងប្រមាណ៥០ឃ្លីប កំពុងនៅក្នុងដៃសម្ដេច។
 
«ខ្ញុំមិនHack ចូល(ស្ដាប់កិច្ចប្រជុំក្រុមប្រឆាំង)ទេ ហើយនេះមិនមែនជាបញ្ហាឯកជន សិទ្ធិឯកជនទេ តែនេះជារឿងបញ្ហាជាតិ »។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្រ្តី ដែលបានបន្ថែមថា សម្ដេចអាចចូលទៅស្ដាប់កិច្ចប្រជុំទាំងនោះ ក៏បានដែរ ដោយសារសម្ដេចមានទាំងលេខកូដ (Password ) សម្រាប់កម្មវិធីប្រជុំរបស់ក្រុមប្រឆាំងទាំងនោះ។ មូលហេតុដែលសម្ដេច មានលេខកូដ ចូលស្ដាប់កិច្ចប្រជុំក្រុមប្រឆាំងបាន ដោយសារតែមានមនុស្សសម្ដេច នៅផ្ទៃក្នុងពួកគេ បញ្ជូនមក។
 
ដោយសារតែអាចក្ដាប់ព័ត៌មានបាននេះ ទើបលោកនាយករដ្ឋមន្រ្តី ព្រមានទៅក្រុមប្រឆាំងកុំឱ្យធ្វើសកម្មភាពផ្ដេសផ្ដាស ដែលនាំឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិឡើយ។
 
កាលពីថ្ងៃទី១៦ កញ្ញា សម្ដេច ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកតបសារពលរដ្ឋថា សម្ដេចចូលស្ដាប់ និងនិយាយជាមួយលោក ឡុង រី មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយក្រុមការងារពួកគេ តាមប្រព័ន្ធZoom នោះ គឺមិនមែនជាសញ្ញាវិជ្ជមាន សម្រាប់ការបើកផ្លូវចរចានយោបាយឡើយ។ប្រមុខរដ្ឋាភិបាល បានបន្ថែមថា សម្ដេចចូលទៅនិយាយតាមប្រព័ន្ធZoom នោះ គឺចង់ផ្ញើសារទៅក្រុមប្រឆាំងឱ្យភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ ។
 
អមជាមួយសារទាំងនេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយដោយការចចារនោះទេ។ ប៉ុន្តែអ្វីដែលត្រូវធ្វើនោះ គឺអ្នកមានទោសត្រូវជាប់ពន្ធនាគារ២ភាគ៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស៕

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com