អន្តរជាតិ
នាវាមុជទឹក៖ អាម៉េរិកព្យាយាមសម្រាលបញ្ហាជាមួយបារាំង ឯអូស្ត្រាលីថាគ្មានអ្វីត្រូវសុំទោសទេ រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន (ស្ដាំ) និងរដ្ឋមន្រ្តីការបរទេសអូស្ត្រាលី ម៉ារីស ផេន (ឆ្វេង) នាសន្និសីទសារព័ត៌មានរួមគ្នា។ រូបថត AFP
× បារាំង ពិតខឹងសម្បារខ្លាំងចំពោះការបាត់បង់ឱកាសរកស៊ីរាប់ពាន់លានដុល្លារក្រោយអាម៉េរិកនិងអង់គ្លេសបានព្រមព្រៀងផ្ដល់បច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅដល់អូស្ត្រាលី។ ទំនងជានិយាយឱ្យបារាំងត្រជាក់ចិត្ត ប្រមុខការទូតអាម៉េរិកនៅថ្ងៃទី១៦ ខែកញ្ញាលើកឡើងថា បារាំងជាដៃគូដ៏សំខាន់មួយ។ រីឯអូស្ត្រាលីវិញមិនសោកស្ដាយដែលត្រូវលុបចោលកិច្ចព្រមព្រៀងជាមួយបារាំងឡើយ។
អាម៉េរិក អូស្ត្រាលី និងអង់គ្លេសបានបង្កើតភាពជាដៃគូសន្តិសុខសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលក្នុងនោះអូស្ត្រាលីនឹងទទួលបានបច្ចេកវិទ្យាផលិតនាវាមុជទឹកអាម៉េរិកដើរដោយថាមពលនុយក្លេអ៊ែរ។ ការណ៍នេះធ្វើឱ្យអូស្ត្រាលីនឹងលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់បារាំងដែលមានតម្លៃ៤០ពាន់លានដុល្លារ។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានរិះគន់អាម៉េរិក និងអូស្ត្រាលី។ លោក Le Drian និយាយចំៗថា អូស្ត្រាលីបានចាក់ខ្លួនពីក្រោយខ្នង។ លោកបន្ថែមថា ហើយការសម្រេចចិត្តយ៉ាងឃោរឃៅ និងឯកតោភាគីបែបនេះ គឺដូចអ្វីដែលអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានធ្វើដែរ។
ទំនងជានិយាយឱ្យបារាំងស្ងប់ចិត្ត ប្រមុខការទូតអាម៉េរិកលោក អាន់តូនី ប្លីងខិន លើកឡើងថា ទីក្រុងវ៉ាស៊ីនតោនចង់ស្វែងរកឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយបារាំងជាប្រទេសដ៏សំខាន់មួយក្នុងការធ្វើកិច្ចការនេះ។
«យើងសហការយ៉ាងជិតស្និទ្ធជាមួយបារាំងលើអាទិភាពរួមគ្នាជាច្រើននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប៉ុន្តែក៏នៅជុំវិញពិភពលោកផងដែរ។ យើងនឹងបន្តធ្វើដូច្នេះ។ យើងឱ្យតម្លៃជាមូលដ្ឋានលើទំនាក់ទំនងអាម៉េរិក-បារាំង»។ លោក ប្ល៊ីងខិន បានសង្កត់ធ្ងន់បែបនេះអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅថ្ងៃទី១៦ខែកញ្ញា បន្ទាប់ពីជំនួបរដ្ឋមន្ត្រីការបរទេសនិងការពារជាតិអាមេរិក-អូស្ត្រាលីក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
បើតាមប្រមុខការទូតអាម៉េរិករូបនេះ មន្រ្តីអាម៉េរិកបានទាក់ទងជាមួយភាគីបារាំងក្នុងរយៈពេល២៤ទៅ៤៨ម៉ោងចុងក្រោយដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងខាងលើមុនពេលប្រកាសជាផ្លូវការផងដែរ។
យ៉ាងណាមិញ មន្រ្តីបារាំងម្នាក់និយាយថា អាម៉េរិកមិនបានជូនដំណឹងដល់ពួកគេជាមុនទេរហូតដល់មន្ត្រីបារាំងបានឃើញរបាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងនេះ ហើយបានទាក់ទងទៅភាគីអាម៉េរិកនិងចោទសួរមូលហេតុនៃការសម្រេចចិត្តមួយនេះ។
ក្នុងសន្និសីទសារព័ត៌មានខាងលើដដែល រដ្ឋមន្ត្រីការពារជាតិអូស្ដ្រាលី លោក Peter Dutton មិនបាននិយាយឱ្យបារាំងស្ងប់ចិត្តនោះទេ។ រដ្ឋមន្ត្រីរូបនេះលើកឡើងថា លោកមិនសោកស្ដាយ និងមិនសុំទោសចំពោះទម្លាក់ចោលការព្រមព្រៀងជាមួយបារាំង ហើយងាកទៅជ្រើសយកការព្រមព្រៀងថ្មីជាមួយអាម៉េរិក និងអង់គ្លេសដែលមានភាពល្អប្រសើរជាង៕
Tag:
បារាំង
អាម៉េរិក
អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com