ជាតិ
វ៉ាក់សាំង«ស៊ីណូវ៉ាក់» ចំនួន៦លានដូសទៀត នឹងមកកម្ពុជានាចុងខែកញ្ញានេះ
17, Sep 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ចំនួន៦លានដូសទៀត នឹងមកដល់កម្ពុជា នាចុងខែកញ្ញា ឆ្នាំ២០២១។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំង៦លានដូសនោះ មាន ៣លានដូស នឹងមកដល់កម្ពុជា នាថ្ងៃទី២៤កញ្ញា រីឯ៣លានដូស នឹងមកដល់ នាថ្ងៃទី២៦ឬ២៧កញ្ញា។

 
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន៦លានដូស ដែលត្រៀមមកដល់កម្ពុជា នាចុងខែកញ្ញានេះ បានពីកម្ពុជាបញ្ជទិញដោយផ្ទាល់ពីក្រុមហ៊ុន ខណៈលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានសន្យាផ្តល់វ៉ាក់សាំងឱ្យកម្ពុជា ចំនួន៣លានដូសទៀត ផងដែរ។ 
 
នៅក្នុងសន្តិសីទសារព័ត៌មានស្តីពី«យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុពី៦-១២ឆ្នាំ» នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៧កញ្ញា   សម្តេច ហ៊ុន សែន សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ៖« ស៊ីណូវ៉ាក់នឹងមកដល់[កម្ពុជា] សរុបនាពេលខាងមុខនេះ ចំនួន៩លានដូសថែមទៀត»។
 
បើតាម សម្តេច ហ៊ុន សែន ក្នុងចំណោមវ៉ាក់សាំងទាំង៩លានដូសនោះ  មាន៣លានដូស នឹងមកដល់កម្ពុជា នាថ្ងៃទី២៤កញ្ញា, ៣លានដូសទៀតមកដល់ថ្ងៃទី២៦ ឬទី២៧ កញ្ញា។   ដោយឡែក វ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូស ដែលប្រមុខការបរទេសចិន លោក វ៉ាង យី សន្យាផ្តល់ឱ្យកម្ពុជានោះ សម្តច មិនទាន់ដឹងពេលវេលាច្បាស់លាស់ឡើយ។ 
 
មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង២០លានដូស ដែលកំពុងចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងដែលកម្ពុជាកំពុងផ្តល់ជូនពលរដ្ឋនោះ មានវ៉ាក់សាំងរបស់ស៊ីណូហ្វាម, ស៊ីណូវ៉ាក់, អាស្ត្រាហ្សេនី និងចនសុន&ចនសុន៕
 

Tag:
 វ៉ាក់សាំង
  Sinovac
© រក្សាសិទ្ធិដោយ thmeythmey.com