ជាតិ
ពលរដ្ឋនៅភ្នំពេញនឹងរងការពិន័យ បើចោលសំរាមរឹងនៅមាត់លូ ប្រឡាយ អាងស្តុកទឹក ឬទីសាធារណៈ
17, Sep 2021 , 7:59 pm        
រូបភាព
 ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ត្រូវទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវ ទៅតាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលសំរាម តាមការជាក់ស្តែង។ ចំពោះអ្នកដែលចោលសំរាមប្រភេទសំណល់រឹង  នៅមាត់អណ្តូងលូ ប្រឡាយ តាមទីសាធារណៈ និងតាមអាងស្តុកទឹក ឬដុតសំរាមសំណល់រឹងនោះ នឹងត្រូងរងការផាកពិន័យទៅតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ។ លើសពីនេះ អ្នកបំពាននឹងការណែនាំ នឹងប្រឈមបិទការធ្វើអាជីវកម្ម  និងត្រូវប្តឹងទៅតុលាការ ផងដែរ។ ការផាកពិន័យ នឹងចាប់អនុវត្តពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១ តទៅ។

 
នាថ្ងៃទី១៦កញ្ញា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ ដើម្បីឱ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លោក បានណែនាំដល់ពលរដ្ឋអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញ សំរាម សំណល់រឹង។ ក្នុងនោះ លោក ឃួង ស្រេង ប្រាប់ពលរដ្ឋថាសំរាម  និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រិតចេញទឹកដាក់ចូលទៅប្រព័ន្ធលូឱ្យនបានត្រឹមត្រូវ។ ពលរដ្ឋ ត្រូវញែកសំរាម និងសំណក់រឹង ជា២ប្រភេទ គឺសំរាមស្ងួត និងសើម ដោយសំរាមស្ងួតត្រូវដាក់ក្នុងថង់ពណ៌ស និងសំរាមសើម ត្រូវដាក់ក្នុងថង់ពណ៌ខ្មៅ។
 
សំរាមសើមមានដូចជា សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា...។ រីឯ សំរាមស្ងួត មាន ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទិក ហ្វូម ជ័រ ដែក កំប៉ុង ដប ជាដើម។ បើតាមលោក ឃួង ស្រេង ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលបានដាក់ក្នុងថង់ ដែលបានកំណត់ទាំង២ប្រភេទនេះតែប៉ុណ្ណោះ ទៅតាមកម្មវិធីដាច់ដោយឡែកពីគ្នា។ អភិបាលរាជធានីភ្នំពេញរូបនេះ បានអះអាងដូច្នេះ៖ «ការដាក់សំរាម សំណល់រឹង ក្នុងថង់ពណ៌ផ្សេងក្រៅពីពណ៌ខ្មៅ និងពណ៌ស ក្រុមហ៊ុននឹងមិនប្រមូលឡើយ»។
 
ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានហាមពលរដ្ឋមិនឱ្យវេចខ្ចប់សំណល់ ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំជាមួយនឹងសំរាមសើម និងស្ងួតនោះទេ។ «[ពលរដ្ឋ] ត្រូវទុកដាក់សំណល់ដែលមានគ្រោះថ្នាក់ទាំងនេះ ចូលក្នុងធុងសំរាម ឬប្រអប់ដោយឡែកឱ្យបានត្រឹមត្រូវ នោះក្រុមហ៊ុន នឹងប្រមូលជារៀងរាល់អាទិត្យ»។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង ដោយបន្តថា៖ « ក្នុងករណី[ពលរដ្ឋ]ទុកដាក់ខុសពីការណែនាំនេះ ក្រុមការងារផាកពិន័យ និងធ្វើកំណត់ហេតុអំពើខុសឆ្គងលើកទី១។ បើនៅខុសឆ្គងទៀត នឹងទទួលរងការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងប្តឹងទៅតុលាការ តាមកំហុសជាក់ស្តែង»។ 
 
ថង់សំរាមសំណល់រឹង ត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ និងមិនត្រូវរហែកឡើយ។ សម្រាប់ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់អាគារស្នាក់នៅ ភោជនីយដ្ឋាន កន្លែងកម្សាន្ត សាលារៀន មន្ទីរពេទ្យ លំនៅឋានក្នុង បុរី សហគ្រាស រោងចក្រ សិប្បកម្ម អគារក្រសួង ស្ថាប័នរដ្ឋ មានកាតព្វកិច្ចដាក់ធុងសំរាមដោយខ្លួនឯង។ ចំណែកនៅតាមវត្តអារាម ព្រះវិហារ អាជីវកម្មលក់ដូរចល័ត ផ្ទះស្នាក់នៅទូទៅ និងផ្សារក្រមួន...អាចមានប្រើប្រាស់ធុងសំរាមដែលខ្លួនមានស្រាប់ ឬធុងសំរាមផ្តល់ដោយប្រតិបត្តិករថ្មី ដែលអាចត្រូវបានរៀបចំដាក់ពង្រាយ ជាពិសេសនៅតាមតំបន់ផ្ទះល្វែងខ្ពស់ៗ។ នេះបើអភិបាលរាជធានីភ្នំពេញ។  
 
លោក ឃួង ស្រេង បានបន្តណែនាំដល់ពលរដ្ឋឱ្យទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវ ទៅតាមទីកន្លែងដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលសំរាមតាមការជាក់ស្តែង ហើយហាមដាច់ខាតចោលសំរាម សំណល់រឹង នៅមាត់អណ្តូងលូ ប្រឡាយ តាមទីសាធារណៈ និងតាមអាងស្តុកទឹក និងហាមដុតសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ជាកំហិត។ លោកបានបញ្ជាក់នៅសេចក្តីណែនាំរបស់ខ្លួនដូច្នេះ៖ « ក្នុងករណី[ពលរដ្ឋ] មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងអនុវត្តវិធានការរដ្ឋបាល និងវិធានការនានាតាមការចាំបាច់ដទៃទៀត ដូចជាការបិទអាជីវកម្មជាបណ្តោះអាសន្ន ...។ល។»។
 
សាលារាជធានីភ្នំពេញ ក៏បានកំណត់នូវកម្មវិធីបញ្ចេញសំរាមសំណល់រឹង។ ក្នុងនោះសម្រាប់សំរាមសើម ខណ្ឌចំនួន៥ រួមមាន៖ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ដែលមានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាមជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ ដល់ម៉ោង ៥ទៀបភ្លឺ។  ដូច្នេះ ម៉ោងដែលពលរដ្ឋអាចបញ្ចេញសំរាមមានតែ៣ម៉ោងទេ គឺពីម៉ោង៦យប់ ដល់ម៉ោង៩យប់ប៉ុណ្ណោះ។ 
 
ចំណែកឯ ខណ្ឌចំនួន៩ទៀត ដែលមាន ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ក្រុមហ៊ុននឹង ប្រមូល និងដឹកជញ្ជូនតាមប្រភេទផ្លូវ គឺផ្លូវជាតិ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ វេលាម៉ោង ៩យប់។ ដូច្នេះ ការបញ្ចេញសំរាមត្រូវចាប់ផ្តើមចន្លោះពីម៉ោង៦យប់ រហូតដល់ម៉ោង ៩យប់។  ឯផ្លូវធំ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ គឺពេលថ្ងៃ វេលាម៉ោង ៨ព្រឹក ឬ ពេលយប់ វេលាម៉ោង ៩ ហើយផ្លូវរណប ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ ២ថ្ងៃម្តង ។   លោក ឃួង ស្រេង បានសង្កត់ធ្ងន់ដូច្នេះ៖« ការបញ្ចេញសំរាមខុសពីម៉ោងនេះ នឹងទទួលការផាកពិន័យ»។
 
សំរាម សំណល់រឹងស្ងួត ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូន ២ដងក្នុងមួយ១សប្តាហ៍ គឺនៅរៀងរាល់ថ្ងៃចន្ទ និងថ្ងៃសុក្រ។ ក្នុងករណីពលរដ្ឋខកខានមិនបានបញ្ចេញសំរាម សំណល់រឹងតាមម៉ោងពេលកំណត់ (ពេលថ្ងៃត្រឹមម៉ោង ៨ព្រឹកនិងពេលយប់ ត្រឹមម៉ោង ៩យប់) ត្រូវរង់ចាំបញ្ចេញនៅវេនក្រោយ ដោយមិនត្រូវយកសំរាមនេះមកទុក គ្មានសណ្តាប់ធ្នាប់ឡើយ៕ 
 
 
 

Tag:
 សំរាម
  ឃួង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com