ជាតិ
សង្គមជាតិ
ហេតុអ្វីបានជាពលរដ្ឋមានបញ្ហា តែងតែរត់រកសម្ដេច ហ៊ុន សែន ឲ្យជួយដោះស្រាយ?
17, Sep 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ហេតុអ្វីបានជាពលរដ្ឋមានបញ្ហា តែងតែរត់រកសម្ដេច ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហារបស់ពួកគេ?

 
អ្នកមានបញ្ហាដីធ្លី អ្នកមានទំនាស់ផលប្រយោជន៍ជាមួយអ្នកមានអំណាច រួមទាំងសកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងនយោបាយ សុទ្ធតែសុំការអន្តរាគមន៍ពីសម្ដេច ហ៊ុន សែន ដើម្បីជួយដោះស្រាយឬដោះលែង។ លោក សេង សារី អ្នកវិភាគឯករាជ្យ បាននិយាយថា មូលហេតុដែលពលរដ្ឋសុំអន្តរាគមន៍ពីមេដឹកនាំ ដោយសារពួកគេមិនអាចរកភាពយុត្តិធម៌បានពីប្រព័ន្ធតុលាការ នៅពេលពេលមានវិវាទជាមួយអ្នកមានអំណាច។
 
លោក សេង សារី បាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាម កាលពីថ្ងៃទី១៦ កញ្ញា  មួយថ្ងៃមុនសម្ដេច ហ៊ុន សែន ចេញបញ្ជាឱ្យតាមចាប់ខ្លួននោះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «បញ្ហាដែលកើតឡើងនាំឲ្យពលរដ្ឋរត់ទៅសម្ដេចឲ្យជួយ គឺដោយសារសម្ដេច។ សម្ដេច ដែលតែងតែមិនខ្វល់ពីការពង្រឹងទៅលើប្រព័ន្ធយុត្តិធម៌របស់ប្រទេសជាតិ ហើយបង្កើតនូវឥទ្ធិពលខ្លួនឯងទៅប្រព័ន្ធយុត្តិធម៌ ដើម្បីឲ្យគេរត់រកខ្លួន, ហើយឲ្យគេសរសើរខ្លួន ថាខ្លួនជាអ្នកដឹកនាំដែលមានចិត្តយុត្តិធម៌ក្នុងចិត្ត»។ 


 សេង សារី អ្នកវិភាគសង្គមនយោបាយ(រូបពីទំព័រហ្វេសប៊ុករបស់លោក សេង សារី)

សង្គមស៊ីវិលដែលធ្វើការលើសិទ្ធិមនុស្ស ក៏មើលឃើញដូចលោក សេង សារី ដែរ។ លោក ស៊ឹង សែនករុណា មន្រី្តផ្នែកស៊ើបអង្កេតនិងសិទ្ធិមនុស្សនៃសមាគមអាហុក(ADHOC) យល់ថា
អ្នកធ្វើការនៅប្រព័ន្ធយុត្តិធម៌កម្ពុជា មិនបានអនុវត្តតួនាទីឲ្យបានត្រឹមត្រូវឡើយ ព្រោះអ្នកទាំងនោះ មិនហ៊ានសម្រេចអ្វីនោះទេ ដោយសារភ័យខ្លាចបាត់ផលប្រយោជន៍និងតួនាទីខ្លួន ។ បើតាមលោក ករុណា រាល់ការចេញបញ្ជាពីប្រមុខរដ្ឋាភិបាលម្ដងៗ គឺបញ្ហាទាំងនោះ តែងតែបញ្ចប់ដោយភាពយុត្តិធម៌។
 
«ពួកគេយល់ថា មានតែនាយករដ្ឋមន្រី្តទេ ដែលមានឥទ្ធិពល ដោះស្រាយបញ្ហានៅដំណាក់កាលចុងក្រោយជាមួយក្រុមអ្នកមានឥទ្ធិពលក្នុងសង្គម។ អ៊ីចឹង ទើបពេលចេញសេចក្ដីសម្រេចណាមួយពីរដ្ឋាភិបាល ទើបសំណុំរឿងត្រូវបញ្ចប់ ហើយអ្នកមានលុយអំណាចទាំងនោះ ក៏មិនហ៊ានជាមួយនាយករដ្ឋមន្រី្ត»។ នេះបើតាមលោក ស៊ឹង សែនករុណា ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ។  
លោក ស៊ឹង សែនករុណា (រូបពីទំព័រហ្វេសប៊ុករបស់លោក ករុណា) 

ពាក់ព័ន្ធចំណុចនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា យល់ថា ការសុំអន្តរាគមន៍ពីសម្ដេច ហ៊ុន សែន នេះ គឺពលរដ្ឋទាំងនោះ ធ្វើឡើងតាមការនឹកឃើញ។ លោក ម៉ាលីន បាននិយាយបែបនេះវិញថា ពលរដ្ឋទាំងនោះ មានអ្នកនៅពីក្រោយខ្នងញុះញង់ឲ្យធ្វើបែបនេះ។ 
 
លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធ WhatsApp ដូច្នេះ៖ «ពលរដ្ឋយើងមួយចំនួន ដែលមិនសូវយល់ដឹងផ្នែកច្បាប់ គួបផ្សំការបំផុសបំផុល ការញុះញង់ ការជំរុញពីក្រោយខ្នងទៀតទៅ គាត់ចេះតែទៅរកផ្លូវនេះ ទៅរកផ្លូវនោះ តាមការញុះញង់ពីក្រោយ។ វាជារឿងធម្មតា! ប៉ុន្តែយន្តការរបស់រដ្ឋគេកំពុងធ្វើការរបស់គេតាមដែនសមត្ថកិច្ច»។ 

ទន្ទឹមនឹងនេះ លោក ជិន ម៉ាលីន ក៏បានបញ្ជាក់ថា រដ្ឋមានយន្តការច្បាប់ច្រើន សម្រាប់ដោះស្រាយវិវាទដល់មហាជន។ យន្តការទាំងនោះ រួមមានយន្តការថ្នាក់មូលដ្ឋាន,​ យន្តការនៃប្រព័ន្ធតុលាការ និងយន្តការដោះស្រាយតាមស្ថាប័នជំនាញនីមួយៗ សម្រាប់ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ។ 
 
យ៉ាងណាក៏ដោយ លោក សេង សារី យល់ខុសពីលោក ជិន ម៉ាលីន ទាំងស្រុង។ លោកអះអាងថា អ្វីដែលត្រូវដោះស្រាយ គឺត្រូវកែប្រែផ្នត់គំនិតរបស់មេដឹកនាំ។ «ដើម្បីពង្រឹងនិងកែប្រែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឲ្យពលរដ្ឋរត់ទៅរកប្រព័ន្ធយុត្តិធម៌វិញ លុះត្រាតែអ្នកនយោបាយហ្នឹង ធានានូវឯករាជ្យភាពនៃប្រព័ន្ធតុលាការ។ ប្រសិនបើអ្នកនយោបាយព្យាយាមទៅបំពានអំណាចផ្សេងៗហើយគឺពិបាក។ បច្ចុប្បន្នអំណាចនីតិប្រតិបត្តិក៏ខ្លួនឯង អំណាចនីតិបញ្ញត្តិក៏ខ្លួនឯង អំណាចតុលាការក៏ខ្លួនឯង…»។ នេះបើតាមអ្នកវិភាគសង្គម និងនយោបាយ ។ 

ចំណុចនេះ លោក ស៊ឹង សែនករុណា ក៏លើកឡើងដែរថា ការគោរពនីតិរដ្ឋ ឲ្យអំណាចទៅតុលាការឯករាជ្យភាព និងមានវិជ្ជាជីវៈ ដោយមិនមានបក្ខពួក ជាពិសេសគ្មានការលូកដៃពីអ្នកនយោបាយនោះ ទើបប្រព័ន្ធច្បាប់ប្រសើរឡើងវិញ។ 
 
លើសពីនេះ ត្រូវមានការត្រួតពិនិត្យលើអ្នកអនុវត្តច្បាប់ ដើម្បីពិន័យឬដាក់ទោស។ ការធ្វើបែបនេះ ទើបឲ្យពលរដ្ឋងាកទៅដោះស្រាយតាមផ្លូវច្បាប់វិញ។ នេះបើតាមមន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សអាដហុក។
 
កន្លងមកសម្ដេច ហ៊ុន សែន ធ្លាប់បានបកស្រាយថា សម្ដេចមិនជ្រៀតជ្រែកអំណាចតុលាការទេ។ ប៉ុន្តែសម្ដេច បានពន្យល់ថា ប្រព័ន្ធតុលាការកម្ពុជា អាចឱ្យនីតិប្រតិបត្តិ ក្ដាប់ផ្នែកនយោបាយព្រហ្មទណ្ឌ តាមរយៈការដាក់ព្រះរាជអាជ្ញាឱ្យនៅក្រោមក្រសួងយុត្តិធម៌ ដែលជាស្ថាប័នចំណុះឱ្យរដ្ឋាភិបាល។ ត្រង់ចំណុចនេះសម្ដេច ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាល មានសិទ្ធិនិយាយ និងបញ្ជាឱ្យដោះលែងក្នុងដំណាក់កាលបទចោទនេះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com