អន្តរជាតិ
បក្សកាន់អំណាចជប៉ុនចាប់ផ្ដើមការប្រជែងតំណែងប្រធានបក្ស, លោក កូណូ មានភាគរយខ្ពស់
17, Sep 2021 , 10:29 pm        
រូបភាព
លោក កូណូ តារ៉ូ មានភាគរយខ្ពស់ក្នុងការប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី។ រូបថត AFP
លោក កូណូ តារ៉ូ មានភាគរយខ្ពស់ក្នុងការប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី។ រូបថត AFP
បេក្ខជនដែលចូលប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន ចាប់ផ្ដើមយុទ្ធនាការស្វែងរកការគាំទ្រហើយនៅថ្ងៃទី១៧ ខែកញ្ញា ។ រដ្ឋមន្រ្តីទទួលបន្ទុកវ៉ាក់សាំង កូណូ តារ៉ូ ហាក់មានប្រៀបជាងបេក្ខជនផ្សេងក្នុងការបន្តតំណែងពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ ។

 
លោក កូណូ តារ៉ូ ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនដែលឈរឈ្មោះសម្រាប់ប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) បន្តពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ ដែលនឹងលាលែងពីតំណែង។ ឡើងជាប្រធានបក្ស LDP ឥស្សរជនម្នាក់នោះ ក៏នឹងធានាបានកៅអីនាយករដ្ឋមន្ត្រីផងដែរ ព្រោះបក្ស LDP មានសំឡេងភាគច្រើនក្នុងសភាស្រាប់។
 
មុនការបោះឆ្នោតជ្រើសរើសប្រធានបក្ស ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែកញ្ញា បេក្ខជនានា បានចាប់ផ្ដើមយុទ្ធនាការរកសំឡេងឆ្នោតពីសមាជិកសភា និងសមាជិកបក្សនៅតាមមូលដ្ឋាន ដែលមានសិទ្ធិបោះឆ្នោត។ លោក កូណូ ត្រូវប្រជែងជាមួយបេក្ខជនធំៗបីនាក់មានអតីតរដ្ឋមន្ត្រីការបរទេស ហ្វូមីអូ គីស៊ីដា, អតីតរដ្ឋមន្រ្តីមហាផ្ទៃ សាណេ តាកាអ៊ិឈិ និងអតីតរដ្ឋមន្រ្តីសមភាពយេនឌ័រ សេកូ ណូដា ។
 
អតីតរដ្ឋមន្ត្រីការពារជាតិ ស៊ីកេរឹ អ៊ីស៊ីបា ដែលត្រូវបានមើលឃើញថា ជាបេក្ខជនសំខាន់មួយដែរនេះ បែរជាប្រកាសគាំទ្រលោក កូណូ ទៅវិញ ដែលធ្វើឱ្យលោក កូណូ មានឱកាសកាន់តែខ្ពស់ក្នុងការដណ្ដើមកៅអីប្រធានបក្ស។
 
មានវ័យ៥៨ឆ្នាំ លោក កូណូ នឹងអាចក្លាយជានាយករដ្ឋមន្រ្តីវ័យក្មេងរបស់ជប៉ុនទៀតផង។ ជាអតីតរដ្ឋមន្រ្តីការបរទេស និងការពារជាតិផងនោះ លោក កូណូ មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមមហាជនជប៉ុន ដោយក្នុងការស្ទង់មតិកន្លងមក លោក តែងទទួលសំឡេងច្រើនជាងបេក្ខជនដទៃ។ 
 
នៅយប់ថ្ងៃទី១៦ ខែកញ្ញា អតីតនាយករដ្ឋមន្រ្តី អាបេ ស៊ិនហ្សូ បានប្រកាសគាំទ្រលោកស្រី សាណេ ក្នុងការប្រជែងតំណែងកៅអីប្រធានបក្ស។ លោកស្រី សាណេ មានទំនាក់ទំនងជិតស្និទ្ធនឹងលោក អាបេ ហើយស្ថិតក្នុងក្រុមអភិរក្សនិយមរបស់បក្ស LDP ដូចលោក អាបេ ផងដែរ។
 
បើគ្មានបេក្ខជនណាឈ្នះសំឡេងដាច់ក្នុងការបោះឆ្នោតជុំដំបូង ការបោះឆ្នោតជុំទីពីរត្រូវរៀបចំ ដោយដំណាក់កាលនេះគ្មានវត្តមានមន្រ្តីថ្នាក់មូលដ្ឋានឡើយ។ លោក គីស៊ីដា មានសង្ឃឹមខ្ពស់ក្នុងដំណាក់កាលនេះ៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com