ជាតិ
សង្គមជាតិ
ខេត្តកំពតមានភ្ញៀវទេសចរកាន់តែច្រើន ក្រោយផ្លូវជាតិលេខ៣ស្រួលធ្វើដំណើរ
18, Sep 2021 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 
ខេត្តកំពត ត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរក្នុងស្រុក ក្នុងបរិបទកូវីដ-១៩។ ក្នុងខេត្តកំពត ស្ទើរតែគ្រប់ផ្នែកទៅហើយ ដែលសុទ្ធតែអាចទទួលភ្ញៀវទេសចរបាន។  ទឹកធ្លាក់ សមុទ្រ ភ្នំ និងផ្លែឈើ សុទ្ធតែសក្តានុពលសំខាន់ៗក្នុងខេត្តកំពត។ បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៣ ដែលសាងសង់ជិតរួចរាល់ ក៏ធ្វើឱ្យទេសចរកាន់តែសម្រុកទៅខេត្តនេះផងដែរ ព្រោះទេសចរពីភ្នំពេញ ចំណាយពេលជាង២ ម៉ោងប៉ុណ្ណោះសម្រាប់ការធ្វើដំណើរទៅកាន់ខេត្តកំពត។



សូមអញ្ជើញលោក អ្នកនាង ស្ដាប់បទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដូចតទៅ៖
ជឿន ស្រីណយ៖ ក្នុងរយៈពេល ៨ខែមកនេះ មិនទាន់មានខេត្តណាមួយ យកឈ្នះខេត្តកំពតបានទេ ចំពោះចំនួនភ្ញៀវទេសចរទៅកម្សាន្ត។ តើលោកអាចលើកឡើងបានទេថា ក្នុងខេត្តកំពតមានគោលដៅទេសចរណ៍សំខាន់ៗអ្វីខ្លះ?

លោក សយ ស៊ីណុល៖ ខេត្តកំពតមានគោលដៅទេសចរណ៍២១កន្លែង ក្នុងនោះមានសហគមន៍៤ ។ ក្នុងបរិបទកូវីដ-១៩នេះ យើងមិននិយាយពីទេសចរបរទេសទេ ហើយចំពោះទេសចរក្នុងស្រុកភាគច្រើនទៅកម្សាន្តនៅគោលដៅសំខាន់ៗ ២ គឺភ្នំបូកគោ និងតំបន់ទឹកឈូរ។ ក្រៅពីនេះមានសក្តានុពលផ្សេងទៀតដូចជាកន្លែងបោះតង់ តំបន់ស្រែអំបិល ចម្ការម្រេច និងតំបន់ភ្នំជាដើម។

ជឿន ស្រីណយ៖ ឃើញថាខេត្តកំពតមានគោលដៅទេសចរណ៍ច្រើនហើយ ប៉ុន្តែលោក អាចបញ្ជាក់បន្ថែមបានទេថា តើអ្វីជាភាពពិសេសរបស់ខេត្តកំពត ដែលធ្វើឱ្យទេសចរមិនជិនណាយក្នុងការដើរកម្សាន្ត?

សយ ស៊ីណុល៖ ទីមួយ ខេត្តកំពតនៅជិតភ្នំពេញ។ បើនិយាយពីការធ្វើដំណើរវិញទេសចរចំណាយពេលតិច ព្រោះផ្លូវជាតិលេខ៣ឥឡូវស្រួលធ្វើដំណើរ។ ភ្ញៀវចំណាយពេលប្រមាណ ២ម៉ោងគឺមកដល់កំពតហើយ។ ទីពីរ ភ្ញៀវទេសចរអាចមកកម្សាន្តនៅខេត្តកំពតទាំង២រដូវ មានន័យថា នៅរដូវប្រាំងក៏យើងមានកន្លែងដែលទេសចរទៅកម្សាន្ត ហើយរដូវវស្សាក៏យើងមានដែរគឺ ផ្លែទុរេនក្នុងខេត្តកំពតក៏បានជំរុញឱ្យទេសចរមកកម្សាន្តដែរ។ យើងដឹងហើយថា ទុរេននៅកំពតមានភាពល្បីល្បាញ ហើយគ្របដណ្ដប់ប្រមាណ២ខែឯណោះ គឺចន្លោះពីចុងខែឧសភា ដល់កក្កដា អ៊ីចឹងទោះរដូវភ្លៀងក៏ទេសចរមកដែរ ព្រោះភាពល្បីល្បាញនៃផ្លែទុរេន។ ទីបី ទេសចរណ៍នៅខេត្តកំពតនេះមានច្រើនប្រភេទ យើងមានទឹកធ្លាក់ ព្រៃភ្នំ ទីខ្ពស់ដូចភ្នំបូកគោ មានអាកាសធាតុបរិសុទ្ធ មានរូងភ្នំ ប្រាសាទ ការកម្សាន្តបែបឡើងភ្នំ ហើយយើងមានតំបន់សត្វក្រៀល។ យើងក៏មានព្រៃកោងកាង នៅសហគមន៍អេកូទេសចរណ៍កោងកាង។ បន្ថែមពីនេះយើងមានចម្ការម្រេច ជាតំបន់កសិ-ទេសចរណ៍ដែលមានភាពទាក់ទាញ ព្រោះក្រៅពីមានម្រេចហើយ នៅតំបន់នោះមានភាពអំណោយផល ទេសភាពស្អាត ។

ជឿន ស្រីណយ៖ ខេត្តកំពត មានសក្តានុពលគ្រប់ផ្នែក ដែលបានជំរុញទេសចរឱ្យទៅដើរកម្សាន្ត។ ជាមួយគ្នានេះដែរ តើមន្ទីរទេសចរណ៍ខេត្ត ក៏ដូចជាអាជ្ញាធរ មានផែនការយ៉ាងណា ដើម្បីបង្កើនផលិតផលទេសចរណ៍ ដើម្បីទាក់ទាញទេសចរបន្ថែមទៀត?

សយ ស៊ីណុល៖ យើងមានផែនការ ៥ឆ្នាំ ក្នុងការអភិវឌ្ឍទេសចរណ៍ គឺឆ្នាំ២០១៩-២០២៣។ ឥឡូវក្នុងបរិបទកូវីដ-១៩ យើងបានរុញផែនការចាស់របស់យើងទៅជាផែនការ បច្ចុប្បន្នកម្មវិញ គឺឆ្នាំ២០២១-២០២៥។ ក្នុងផែនការនេះគឺ យើងលើកឡើងយុទ្ធសាស្ត្រក្នុងការបង្កើនភាពទាក់ទាញលើ ផលិតផលដែលយើងមានស្រាប់ដូចជា ធនធានធម្មជាតិ និងវប្បធម៌។ យើងក៏បង្កើនផលិតផលបន្ថែម ដូចជា កន្លែងស្នាក់នៅ រីសត បានកកើតឡើងជាច្រើនទោះក្នុងបរិបទកូវីដក៏ដោយ។
យើងក៏មានផែនការបណ្ដុះបណ្ដាលដល់អ្នកបម្រើសេវាកម្ម ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ និងការប្រកួតប្រជែង។ យើងមានផលិតផលហើយ ដូច្នេះយើងក៏កំពុងជំរុញការផ្សព្វផ្សាយបន្ថែមទៀតដែរ។

ជឿន ស្រីណយ៖ លោកបានលើកឡើងពីកំណើនរីសត និងផលិតផលទេសចរណ៍។ តើគិតមកទល់ពេលនេះ ក្នុងខេត្តកំពតមានសេវាស្នាក់នៅប៉ុន្មាន ចំណែកសេវាម្ហូបអាហារយ៉ាងណាដែរ?

សយ ស៊ីណុល៖ ទោះកូវីដ-១៩មែន ប៉ុន្តែសំណង់ក្នុងខេត្ត និងតំបន់ផ្សេងៗមានការកើនឡើងយ៉ាងខ្លាំង។ សំណង់ខ្លះក៏សាងសង់រួចរាល់ ហើយសំណង់ខ្លះទៀតក៏កំពុងដំណើរការ។ ចំណែកសេវាម្ហូបអាហារក៏មានការកើនឡើងដែរ។ មកដល់ពេលនេះកន្លែងស្នាក់នៅមានប្រមាណ ៣០០មូលដ្ឋានអាជីវកម្ម ដែលមានប្រមាណ ៤ ០០០បន្ទប់ គ្រប់កម្រិត ចាប់ពីបន្ទប់ធម្មតា រហូតដល់ទំនើប។ ចំណែកសេវាភោជនីយដ្ឋានមានជិត ២០០ទីតាំង៕



Tag:
 កំពត
  សម្ភាស
  វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com