ជាតិ
សង្គមជាតិ
កម្មករនិយោជិត អាចឈប់សម្រាក៣ថ្ងៃ នាពិធីបុណ្យភ្ជុំបិណ្ឌ
04, Oct 2021 , 7:59 am        
រូបភាព
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការឈប់សម្រាក៣ថ្ងៃ សម្រាប់កម្មករនិយោជិត នាពិធីបុណ្យភ្ជុំបិណ្ឌ។ ពួកគេទាំងនោះ ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួល ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា។



ក្រសួងការងារ បានបញ្ជាក់ថា រោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាក ដោយមានប្រាក់ឈ្នួលក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចពិភាក្សាជាមួយតំណាងកម្មករនិយោជិត ក្នុងការរៀបចំផ្លាស់ប្តូរថ្ងៃឈប់សម្រាកបាន ក្នុងករណីព្រមព្រៀងគ្នា។

ចំពោះស្ថាប័ន ឬក្រុមហ៊ុនណា ដែលមិនអាចឲ្យនិយោជិតឈប់សម្រាកថ្ងៃដូចគ្នាបានទាំងអស់ ដោយសារវាប៉ះពាល់ដល់ដំណើរការការងារនោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចប្តូរវេនឈប់សម្រាកសម្រាប់និយោជិតបាន។ សម្រាប់កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវទទួលបានប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ធ្វើការរាល់ថ្ងៃ(ទឹកប្រាក់គុណ២)។

ក្រៅពីនេះ ក្រសួងក៏បានអំពាវនាវ ដល់កម្មករនិយោជិតទាំងអស់ ដែលឈប់សម្រាកត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៕


Tag:
 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
© រក្សាសិទ្ធិដោយ thmeythmey.com