ជាតិ
សេដ្ឋកិច្ច
ខេត្តព្រះសីហនុ ចាប់ផ្តើមសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់មួយកន្លែងទៀត
18, Sep 2021 , 9:59 am        
រូបភាព
គំរូប្លង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលត្រូវសាងសង់ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ រូបថត៖ AKP
គំរូប្លង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលត្រូវសាងសង់ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ រូបថត៖ AKP
ដោយ: ថ្មីៗ
 អាងប្រព្រឹត្តិកម្មទឹកកខ្វក់មួយកន្លែងទៀត ក្នុងខេត្តព្រះសីហនុ ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ២០ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ បានចាប់ផ្តើមសាងសង់ហើយ។ ពិធីបើកការដ្ឋានសាង់សង់ ត្រូវបានរៀបចំឡើង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។



រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣(PS3) នេះ  ត្រូវសង់ឡើងលើផ្ទៃដី ១,១២ ហិកតា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤។ បើតាមរដ្ឋបាលខេត្ត ការសាងសង់អាងប្រព្រឹត្តិកម្មនេះ ដើម្បីបញ្ចៀសទឹកកខ្វក់ហូរចូលដោយផ្ទាល់ទៅក្នុងសមុទ្រ ចៀសវាងការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុ ទើបតែដាក់ឱ្យដំណើរការអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២កន្លែង កាលពីថ្ងៃទី១៥ កញ្ញាកន្លងទៅ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ៥ ២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ចំណែកអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧ ២០០ម៉ែត្រគូប ក្នុង១ថ្ងៃ៕

អត្ថបទទាក់ទង


 

Tag:
 អាងប្រព្រឹត្តិកម្មទឹក
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com