ជាតិ
សង្គមជាតិ
២ថ្ងៃ មន្ត្រីឧទ្យានុរក្សនៅជួរភ្នំក្រវាញ ចាប់បានឧបករណ៍ល្មើសច្បាប់៣០ដើម ដែលច្រើនជាងមុន
18, Sep 2021 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានបាន បង្ក្រាបបានរណារយន្តចំនួន២៨គ្រឿង និងកាំភ្លើងខ្យល់ចំនួន២ដើម ប្រតិបត្តិការស្រាវជាវរុករកបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែកញ្ញា។



លោក គង់ ពុទ្ធិរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មានថ្មីៗថា ប្រតិបត្តិការស្រាវជាវរុករកបទល្មើសធនធានធម្មជាតិ បានបង្ក្រាបបានឧបករណ៍ខុសច្បាប់ពីក្នុងព្រៃច្រើន ជាងពេលមុន។
 
« ដោយសារខែនេះ ជារដូវវស្សា ដូច្នេះហើយកម្លាំងឧទ្យានុរក្សមានបញ្ហាច្រើនក្នុងនៅពេលចុះល្បាតព្រៃ ដែលជាហេតុធ្វើឱ្យបទល្មើសមានការកើនឡើងជាងធម្មតា។ខ្ញុំឃើញថាចំនួនរណារដែលចាប់បានច្រើនជាងពេលមុនបើប្រៀបពេលចុះល្បាតពេលមុនៗ»។ នេះជាការបញ្ជាក់របស់លោក ពុទ្ធីរ៉ា។

ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់រូបនេះ បានបន្ថែមថា ជាធម្មតានៅរដូវវស្សាបទល្មើសខុសច្បាប់ក្នុងក្នុងខេត្តពោធិ៍សាត់ តែងកើតឡើងជារឿយ ដោយសារកម្លាំងពាក់ព័ន្ធ និងឧទ្យានុរក្សនៅមានកម្រិតនៅឡើយ ។

បើតាមលោក ពុទ្ធិរ៉ា ដីព្រៃដែលត្រូវការការពារមានទំហំធំ ខណៈកម្លាំងឧទ្យានុរក្សមានតិចតួចនៅឡើយ ដូច្នេះជាហេតុផលមួយ ធ្វើឱ្យការការពារមិនគ្រប់ជ្រុងជ្រោយ។
« ណាមួយខែនេះមានច្រើនភ្លៀងផង ពួកយើងលំបាកក្នុងការធ្វើដំណើរណាស់។  ណាមួយកម្លាំងឧទ្យានុរក្សមានត្រឹម៦២នាក់ទេ សម្រាប់ខេត្តពោធិ៍សាត់ទាំងមូល ហើយត្រូវការពារទាំងលើដែនគោក និងក្នុងទឹក។ ផ្ទៃដីត្រូវការពារសរុបមាន៦២ម៉ឺនហិកតា ដូច្នេះឧទ្យានុរក្សម្នាក់អាចត្រូវការពារដីមួយម៉ឺនហិកតា ហើយដើរយ៉ាងម៉េចសព្វ គិតតិចមើល»។ នេះជាការរៀបរាប់ពីកត្តាប្រឈមរបស់ប្រធានមន្ទីរខេត្តពោធិ៍សាត់  ។

ប្រធានមន្ទីរបរិស្ថានរូបនេះ ស្នើឱ្យពលរដ្ឋគ្រប់រូបចូលរួម គោរពច្បាប់ និងការពារព្រៃឈើដែលជាសម្បត្តិធម្មជាតិទាំងអស់គ្នា ដើម្បីជាប្រយោជន៍ជារួម សម្រាប់ភពផែនដី និងអ្នកអាស្រ័យផលដោយផ្ទាល់ផងដែរ៕







Tag:
 ពោធិ៍សាត់
  ក្រសួងបរិស្ថាន
  ឧទ្យានជាតិជួរភ្នំក្រវាញ
© រក្សាសិទ្ធិដោយ thmeythmey.com