ជាតិ
សង្គមជាតិ
ការ​ប្រើ​ប្រាស់​ស្នាដៃ ដោយគ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​សិទ្ធិ ឬ​អ្នក​និពន្ធ ​ជា​បទ​ល្មើសសិទ្ធិ​អ្នក​និពន្ធ
18, Sep 2021 , 9:00 pm        
រូបភាព
លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ការ​ប្រើ​ប្រាស់​ស្នាដៃ ដោយគ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់កម្ម​សិទ្ធិ ឬ​អ្នក​និពន្ធ មិន​មែន​ជា​ការ​លើក​ស្ទួយ ឬ​ការ​អភិរក្ស​ស្នាដៃ​នោះទេ ប៉ុន្តែ​វា​​ជា​បទ​ល្មើស​សិទ្ធិ​អ្នក​និពន្ធ​​។​ ស្នាដៃ​របស់​អ្នក​និពន្ធ​គឺ​ជា​ទ្រព្យ​សម្បត្តិ​ឯក​ជន​របស់​អ្នក​និពន្ធ​ ដោយគ្មាន​នរណា​ម្នាក់​ដែល​អាច​យក​ទ្រព្យ​សម្បត្តិនោះ​ ទៅ​ប្រើ​ប្រាស់​ ឬ​ទៅ​ធ្វើ​​អាជីវកម្ម​បាន​ឡើយ​។ នេះ​គឺ​ជា​ការបញ្ជាក់​ របស់​​លោក ស៊ឹម សត្តា ប្រធាន​នាយកដ្នាន​សិទ្ធិ​អ្នក​និពន្ធ​ និង​សិទ្ធិ​ប្រហាក់​ប្រហែល។


 
​​លោក ស៊ឹម សត្តា ប្រធាន​នាយកដ្នាន​សិទ្ធិ​អ្នក​និពន្ធ​ និង​សិទ្ធិ​ប្រហាក់​ប្រហែល បាន​បញ្ជាក់​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា កម្ពុជា​មាន​ច្បាប់​ស្ដី​ពី​សិទ្ធិអ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​ ដូច្នេះ​ប្រជា​ជន​គ្រប់​រូប​ត្រូវ​តែ​គោរព​ច្បាប់​ ពិសេស​អ្នក​នៅ​ក្នុង​​វិស័យ​ពាក់​ព័ន្ធទាំង​អស់​​​។ 
 
ប្រធាន​នាយក​ដ្ឋាន​រូប​នេះ លើក​យក​តែ​គោល​ការ​ណ៍សិទ្ធិ​អ្នក​និពន្ធ​មក​ពន្យល់​ប៉ុណ្ណោះ​។ លោកថា អ្នក​និពន្ធ​មាន​សិទ្ធិ​​ធំ​ៗ២ គឺ​សិទ្ធិ​សីលធម៌ និង​សិទ្ធិ​បេតិកភណ្ឌ។​ សិទ្ធិបេតិកភណ្ឌ​ សំដៅ​ដល់​​សិទ្ធិ​ធ្វើ​អាជីវកម្ម​របស់​អ្នក​និពន្ធ​ ដូច​ជា​សិទ្ធិ​ផលិត​ឡើង​វិញ សិទ្ធិ​ផលិត​បន្ត​ សិទ្ធិ​ជួល សិទ្ធិ​លក់ និង​សិទ្ធិ​ឱ្យ​​នរណា​ម្នាក់​ធ្វើ​អាជីវកម្ម​លើ​ស្នាដៃ​របស់​ខ្លួន តាម​កិច្ច​សន្យា​ជា​ដើម​​។ 
 
អ្នក​និពន្ធ​មាន​សិទ្ធិ​ផ្ដាច់​មុខ​ ក្នុង​ការ​ធ្វើ​អាជីវកម្ម​លើ​ស្នាដៃ​របស់​ខ្លួន​ ប្រសិន​បើ​នរណាចង់​យក​ស្នាដៃ​របស់​​អ្នក​និពន្ធ​ ​ទៅ​ធ្វើ​អាជីវកម្ម​ ត្រូវ​តែ​សុំ​សិទ្ធិ​ពី​ម្ចាស់​ស្នាដៃ​។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ច្បាប់បាន​​ចែង​ថា​សិទ្ធិ​បេតិកភណ្ឌ ត្រូវ​បាន​ផ្ដល់​ឱ្យ​អ្នក​និពន្ធ​ ពេញ​មួយ​ជីវិត​ និង​បូកបន្ថែម​៥០​ឆ្នាំ​ ក្រោយ​ពេលអ្នក​និពន្ធ​​ទទួល​មរណភាព​។ ដូច្នេះមាន​ន័យ​ថា​ ​អ្នក​និពន្ធ​ចែក​ឋាន​​ទៅ​ អស់​រយៈ​ពេល​៥០​ឆ្នាំ ទើប​សិទ្ធិ​នោះ​​ផុត​រលត់​​។​
 
ចំណែក​សិទ្ធិ​សីលធម៌វិញ​ ជា​សិទ្ធិ​ដែល​តម្រូវ​ឱ្យ​គោរព​ឈ្មោះ ឋានៈ និង​ប្រភពរបស់​អ្នក​និពន្ធ​ជា​ដើម​​ ដោយ​មិន​ត្រូវ​បំភ្លើស​ខ្លឹម​សារ ឬ​កាត់​ត​ខ្លឹម​សារ​​ ឱ្យ​ខុស​ទម្រង់​ដើម​ ដែល​ជា​ហេតុធ្វើ​ឱ្យ​​ខូច​កេរ្ដិ៍​ឈ្មោះ និង​កិត្តិយស​របស់​អ្នក​និពន្ធឡើយ​។ ហើយ​សិទ្ធិ​នេះ​ជា​សិទ្ធ​អចិន្ត្រៃយ៍​ ទោះ​អ្នក​និពន្ធ​ស្លាប់​ទៅ​ហើយ ​ក៏​សិទ្ធិ​នេះ​នៅ​មាន​រហូត​​។ 
 
លោក ស៊ឹម សត្តា ពន្យល់​៖«សិទ្ធិ​អ្នក​និពន្ធ​នឹង​ម្ចាស់​​កម្ម​សិទ្ធិ​ខុស​គ្នា ប៉ុន្តែ​ខ្ញុំ​និយាយ​តែ​សិទ្ធិ​អ្នក​និពន្ធ​ទេ​។ សិទ្ធិ​អ្នក​និពន្ធ​មាន​២​គឺ​ការ​អនុញ្ញាត​និង​ការ​ហាម​ឃាត់។ ពេល​សុំម្ចាស់​ស្នាដៃ ​​គេ​ត្រូវ​ធ្វើ​កិច្ច​សន្យា​អនុញ្ញាត​ជូន​ក្នុង​កម្រិត​ណា​មួយ​ ហើយ​តម្រូវ​ឱ្យ​អ្នក​សុំ​សិទ្ធិយក​ទៅ​​ប្រើប្រាស់​ ត្រូវ​គោរព​សិទ្ធិ​សីលធម៌។ ចំណែក​ការ​ហាម​ឃាត់​ យើង​ប្រើ​​នៅ​ពេល​ជន​ណា​មួយ​ ប្រើ​ប្រាស់​ស្នាដៃ​របស់​អ្នក​និពន្ធ​ដោយ​គ្មាន​ការអនុញ្ញាត​»​។​ 
 
លោក ស៊ឹម សត្តា ប្រធាន​នាយកដ្នាន​សិទ្ធិ​អ្នក​និពន្ធ​ និង​សិទ្ធិ​ប្រហាក់​ប្រហែល បាន​បន្ថែម​ថា​ ពាក្យ​ថា “​មរតកដើម»​ ក្នុង​ភាសារ​ច្បាប់​ គេ​ហៅ​ថា ស្នាដៃ​គ្មាន​អ្នក​ទទួល​មរតក ឬ​គ្មាន​មរតក​សាស្ត្រ​ ដោយ​សារ​អ្នក​និពន្ធ​ទទួល​មរណភាពទៅ​ហើយ ​​តែ​​អ្នក​និពន្ធ​មិន​បាន​ធ្វើ​បណ្ដាំមរតក​​ទៅឱ្យ​​ទាយាទណា​​ម្នាក់​។ លោក​ថា​ ក្នុង​មាន​ត្រា​​​៣៣ នៃ​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​​​ មាន​តែ​រដ្ឋប៉ុណ្ណោះ​ ដែល​គ្រប់​គ្រង​លើ​ស្នាដៃគ្មាន​មរតក​សាស្ត្រ​​ទាំង​នោះ​។
 
ទោះ​ជា​យ៉ាងណា​ ប្រសិន​បើ​សាច់​ញាតិ​របស់​អ្នក​និពន្ធ​ មាន​ភស្តុតាង​ច្បាស់​លាស់​ បញ្ជាក់​ថា​ស្នាដៃ​ណា​មួយ​ គឺ​ជា​របស់​សាច់​ញាតិ ឬ​ឪពុក​ ឬ​ម្ដាយ​របស់​ខ្លួន​ ពួក​គេ​អាច​ស្នើ​សុំ​ទៅ​ក្រសួង​ នោះ​​ក្រសួង​នឹង​ផ្ទេរ​សិទ្ធិ​នោះ​ ឱ្យ​ទៅ​ទាយាទ​ជា​អ្នក​កាន់​កាប់​វិញ​។
 
លោក​ ស៊ឹម សត្តា សង្កត់​ធ្ងន់​ថា បើ​ទោះ​បី​​ជា​​ចម្រៀង​មរតក​ដើម​ ឬ​ជា​​ចម្រៀង​ប្រភេទ​ណា​​ ឬ​ស្ថិត​ក្នុង​សម័យកាល​​ណា​ក៏​ដោយ​​​ បុគ្គល​​ឬ​ក្រុម​ដែល​ចង់​យក​ទៅ​ប្រើ​ប្រាស់បន្ត​​គ្រប់​រូប​ភាព​​ ត្រូវ​តែ​សុំការ​អនុញ្ញាត​ពី​អ្នក​និពន្ធ ឬ​ម្ចាស់​កម្ម​សិទ្ធិ​​។ 
 
«ម្ចាស់​ស្នាដៃ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ហាម​ឃាត់​ ប្រសិន​បើ​គាត់​យល់​ឃើញ​ថា ការ​យកស្នាដៃ​​ទៅ​ប្រើ​ប្រាស់​នោះ​ អាច​ប៉ះ​ពាល់​ដល់​អាជីវកម្ម ​ឬ​កិត្តិយស​របស់​គាត់​។ អ្នក​យក​ស្នាដៃ​របស់​ម្ចាស់​សិទ្ធិ​ទៅ​ប្រើ​ប្រាស់​ ឬ​ផលិត​បន្ត​ ហើយ​​លើក​ហេតុ​ផល​ថា បើ​ទុកចោល​​អាច​បាត់​បង់​ ហើយ​យក​របស់​គេ​ទៅ ដើម្បី​ជា​ការ​អភិរក្ស​ ឬ​លើក​ស្ទួយ​ នោះ​ជា​ការ​គិត​ខុស។ ឥឡូវ​​មាន​ការ​យល់ច្រើន​ ពី​ការ​ប្រើ​ប្រាស់​ស្នាដៃ​របស់​ម្ចាស់​ដើម​ លើក​លែង​តែ​បុគ្គល​មួយ​ចំនួន​ ដែលមាន​​ភាពអាត្មានិយម​ គិត​តែ​ពី​បាន​​ប្រយោជន៍​ផ្ទាល់​ខ្លួន»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក សត្តា​។ 
 
យ៉ាង​ណា​ក៏​ដោយ ប្រធាន​នាយក​ដ្ឋាន​សិទ្ធិអ្នក​និពន្ធ​ និង​សិទ្ធិ​ប្រហាក់​ប្រហែល​ លោក ស៊ឹម សត្តា ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ប្រជា​ជន​ខ្មែរ ទាំង​អ្នក​ប្រើ​ប្រាស់​ស្នាដៃ និង​​​អ្នក​និពន្ធ​ផ្ទាល់​ បាន​កំពុង​ព្យាយាម​ ស្វែង​យល់​​ពី​ច្បាប់​សិទ្ធិ​អ្នក​និពន្ធ​កាន់​តែ​ច្រើន​។ បន្ថែម​ពី​នោះ​ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ​ក្រសួង​​នៅ​តែ​ខំ​ផ្សព្វ​​ផ្សាយពីច្បាប់កម្មសិទ្ធិបញ្ញា​​បន្ត​បន្ទាប់​ទៀត ដើម្បីឱ្យពលរដ្ឋបានយល់។
 
សូម​រំលឹក​ផង​ដែរ​​ថា កន្លង​មក​អ្នក​និពន្ធ​បទ​ចម្រៀង​ និពន្ធ​រឿង​ប្រលោម​លោក និពន្ធ​ភាព​យន្ត​ រួម​ទាំង​តារា​ចម្រៀង​​មួយ​ចំនួន​ផង​ បាន​យក​ស្នាដៃ​របស់​​ម្ចាស់​ដើម​ ទៅ​ផ្សព្វ​ផ្សាយ​បន្ត​ ផលិត​ឡើង​វិញ ច្រៀង​ឡើងវិញ​ ឬ​យក​ទៅ​កាឡៃ​ឱ្យ​ខុស​ពី​ទម្រង់​ដើម ជា​បន្ត​បន្ទាប់​។ ជន​ខ្លះ​មិន​ត្រឹម​តែ​មិន​បាន​ដឹង​កំហុស​ឡើយ​ ថែម​ទាំង​ប្រើ​ភាសា​មិន​ឱ្យ​តម្លៃ និង​មិន​សមរម្យ​ទៅ​កាន់​​​ម្ចាស់​ស្នាដៃ​ដើម ឬ​ម្ចាស់​កម្ម​សិទ្ធិ​ថែម​ទៀត​ផង​៕
 

Tag:
 សិល្បៈ
  ចម្រៀង
  តន្ត្រី​
  កម្ម​សិទ្ធិ​បញ្ញា​
  សិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com