ជាតិ
សង្គមជាតិ
កសិករដាំបន្លែក្នុងផ្ទះសំណាញ់ មិនបារម្ភពីការខូចខាតដំណាំនៅរដូវវស្សា
18, Sep 2021 , 9:59 pm        
រូបភាព
 
កសិករដាំបន្លែមួយចំនួនលែងបារម្ភពីហានិភ័យ និងបញ្ហាខូចខាតដំណាំ ដោយសារភ្លៀងធ្លាក់នៅរដូវវស្សាក្រោយផ្លាស់ប្តូរការដាំដុះក្នុងផ្ទះសំណាញ់។ ដ្បិតអ្នកខ្លះទើបចាប់ផ្ដើមដាំបានរយៈពេលខ្លីតែសម្លឹងឃើញភាពខុសគ្នារវាងការដាំដុះទាំង២ប្រភេទនេះព្រោះកន្លងមកពួកគេធ្លាប់ជួបបញ្ហាប្រឈមច្រើន ពិសេសនៅរដូវភ្លៀង។



លោក ទក់ សុខា ជាកសិករដាំបន្លែស្លឹកមានដូចជា សាលាដ ស្លឹកខ្ទឹម និងស្ពៃក្រញាញ់ នៅខេត្តសៀមរាប។ ទើបតែជាង៧ខែប៉ុណ្ណោះដែលកសិកររូបនេះ បានផ្លាស់ប្តូរពីការដាំបន្លែធម្មតា មកដាំក្នុងផ្ទះសំណាញ់ហើយចំពេលរដូវវស្សាផងដែរ។ លោក សុខា អ្នកស្រុកប្រាសាទបាគងបានប្រាប់សារព័ត៌មានថ្មីៗ២៥ថា រដូវវស្សាឆ្នាំនេះ លោក មិនបារម្ភឡើយព្រោះផ្ទះសំណាញ់នេះ បានជួយទ្រទ្រង់ដំណាំ ដោយទប់ទឹកភ្លៀងធ្លាក់ និងសត្វល្អិតចង្រៃជាដើម។
លោក ទក់ សុខា កសិករនៅខេត្តសៀមរាប

ដ្បិតមានភ្លៀងធ្លាក់ច្រើន ស្ទើររាល់ថ្ងៃ ប៉ុន្តែលោកនៅតែបន្តការដាំដុះបន្លែ ផ្គត់ផ្គង់ទីផ្សារបានធម្មតា។ «រដូវវស្សាអ៊ីចឹងភ្លៀងរហូតដូចតែរាល់ឆ្នាំអ៊ីចឹង។ តែឆ្នាំនេះខ្ញុំដាំបន្លែធម្មតា
ប្រមូលផលបណ្ដាក់ៗគ្នារាល់ថ្ងៃហ្នឹង ព្រោះខ្ញុំត្រូវយកទៅលក់នៅផ្សារសៀមរាប។ ហើយគ្មានបញ្ហាអីទេ តម្លៃក៏បានថ្លៃគួរសម ហើយក៏អត់ពិបាកលក់អីដែរ»។

នេះជាការលើកឡើងរបស់លោក ទក់ សុខា ដោយបន្តថាការដាំបន្លែក្នុងផ្ទះសំណាញ់នេះ កសិករត្រូវចំណាយទុនច្រើនប៉ុន្តែវាក៏ផ្ដល់ប្រយោជន៍ត្រឡប់មកច្រើនផងដែរ។
មិនខុសពី លោក ទក់ សុខាកសិករក្នុងស្រុកប្រាសាទបាគងម្នាក់ទៀត លោក សាន សំណាងក៏លែងបារម្ភពីបញ្ហាខូចខាតបន្លែក្នុងរដូវវស្សាហើយនៅតែអាចផ្គត់ផ្គង់លើទីផ្សារបានធម្មតា។

កសិកររូបនេះបានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទថា៖«បន្លែដាំក្នុងរោងសំណាញ់ហ្នឹង ទោះភ្លៀងក៏អត់ខូចខាតប៉ះពាល់អីដែរ ព្រោះរោងហ្នឹងជួយទប់ទឹកភ្លៀងធ្លាក់ ប៉ុន្តែបើទឹកជំនន់លិចលង់វាក៏មិនអាចទប់បានដែរ។ ប៉ុន្តែឥឡូវអត់ឃើញមានអីផង ខ្ញុំដាំបានធម្មតាខុសពីរាល់ឆ្នាំ ឱ្យតែដល់តែភ្លៀងអ្នកដាំបន្លែស្លឹកហ្នឹងគឺពិបាក ខូចខាតច្រើន»។
បន្លែដែលលោក សាន សំណាងដាំក្នុងផ្ទះសំណាញ់មានដូចជា សាលាដ និងស្ពៃ។ លោក សាន សំណាង បានបញ្ជាក់ថាបច្ចុប្បន្នបន្លែទាំងនោះ ពិបាកនាំចេញទៅលក់ ព្រោះអាជ្ញាធរ បានបិទផ្សារសាមគ្គីខេត្តសៀមរាប បណ្ដោះអាសន្ន។ជាមួយគ្នានេះ លោក សុខ សុធាមន្រ្តីបច្ចេកទេសដំណាំបន្លែ នៃអង្គការ GRET ក៏លើកទឹកចិត្តឱ្យកសិករដែលមានលទ្ធភាព
ដំាដុះបន្លែក្នុងផ្ទះសំណាញ់ ព្រោះវាអាចជួយបង្កើនគុណភាពដំណាំទិន្នផលទទួលបានតម្លៃថ្លៃ និងសុវត្ថិភាពអ្នកប្រើប្រាស់ផងដែរ។

មន្រ្តីបច្ចេកទេសរូបនេះ បានលើកឡើងថា៖«នៅពេលរដូវវស្សាដូចបច្ចុប្បន្នបន្លែក្នុងផ្ទះសំណាញ់រងការខូចខាតតិច ជាងដំណាំក្រៅរោង។ ព្រោះដំណាំបន្លែហ្នឹងងាយងាប់
បើត្រូវទឹកខ្លាំង វារលួយស្លឹក ឬគល់ ហើយហូរជីវជាតិដែលកសិករបានស្រោចស្រពលើដំណាំហ្នឹង»។ លោក បន្តថា ម្យ៉ាងពេលកសិករដាំធម្មតា គ្មានរោង គឺភាគច្រើននៅលើដីទាប
ងាយជន់លិច៕
 
 
 

Tag:
 ដំណាំ
  ផ្ទះសំណាញ់
  រដូវវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com