ជាតិ
សង្គមជាតិ
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ខេត្តព្រះសីហនុ អាចបន្សុទ្ធទឹកកខ្វក់ ទ្វេរដង ដើម្បីការពារបរិស្ថាន
19, Sep 2021 , 4:39 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣(PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។ តាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ ស្ថានីយ៍ទី៣នេះ អាចបន្សុទ្ធទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលមានលទ្ធភាពខ្ពស់ជាងស្ថានីយ៍ទី១ និងទី២ ទ្វេរជាបី។


 
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទី៣ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។ បើតាមលោក គួច ចំរើន កាប្រើបចេ្ចកវិទ្យា MABR និងត្រូវបានទទួលស្គាល់តាមបច្ចេកវិទ្យា ដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន ជាពិសេសគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។
 
អភិបាលខេត្តព្រះសីហនុរូបនេះ បញ្ជាក់ដូច្នេះ៖ «ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ចំណែកឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅពេលនេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ សាងសង់ដោយក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD» ។
 
លោក ជា សុផារ៉ា បាននិយាយថា មូលហេតុដែលត្រូវសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ឡើង ដើម្បីធ្វើឱ្យឆ្នេរសមុទ្រស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អ រួមទាំងគ្រប់គ្រងសំណល់រាវ ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។
 
លោក ជា សុផារ៉ា ពន្យល់ថា ស្ថានីយ៍ប្រព្រឹត្តកម្មនេះ ជាដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៉ីស្រាអែល MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៉ីត បាក់តេរី និងសារធាតុពុល ។ លោក សុយផារ៉ា បានបន្ថែមថា ទឹកដែលប្រព្រឹត្តកម្មរួច មិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រឡើយ វាមានគុណភាពប្រកបដោយស្តង់ដារខ្ពស់ និងជាស្នាដៃរបស់កូនខ្មែរ ដែលអាចធ្វើបាន។
 
 « ស្ថានីយប្រព្រឹត្តកម្មនេះផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ»។ នេះបើតាមលោក ជា សុផារ៉ា។
 
សូមបញ្ជាក់ថា ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ខាងលើ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត។ ក្នុងនោះមាន ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុ ៕

 
 



Tag:
 ខេត្តព្រះសីហនុ
  បន្សុទ្ធទឹក
  កខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com