កីឡាជាតិ
ជាតិ
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដាក់សំណើទិញក្លិប Saint-Etienne នៃក្របខណ្ឌ Ligue 1
19, Sep 2021 , 5:20 pm        
រូបភាព
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងព្រះមាតាព្រះអង្គ។ ប្រភពរូប Norodom Norodom Buddhapong
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងព្រះមាតាព្រះអង្គ។ ប្រភពរូប Norodom Norodom Buddhapong
យោងតាមការផ្សាយរបស់សារព័ត៌មានបារាំង Le Parisien នាថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ក្លិប AS Saint-Etienne នៃក្របខណ្ឌ Ligue 1 បារាំង ទំនងជាមានម្ចាស់ថ្មី។ សមាសភាពដ៏គួរឲ្យភ្ញាក់ផ្អើលនោះ គឺព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ សមាជិករាជវង្សានុវង្សខ្មែរ។ សារព័ត៌មានថ្មីៗ ក៏ទទួលបានការអះអាងព័ត៌មាននេះ ជាផ្លូវការផងដែរពីព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស ដែលជាព្រះរៀមរបស់ព្រះអង្គ រ៉ាវីចក្រ។

 
AS Saint-Etienne ត្រូវបានប្រកាសលក់ជាផ្លូវការកាលពីថ្ងៃទី១៣ ខែមេសា កន្លងមក ហើយតាមរបាយការណ៍ដែល Le Parisien ទទួលបាន ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើ១០០លានអឺរ៉ូ តាមរយៈធនាគារ KPMG ដើម្បីទិញក្លិបដែលមានមូលដ្ឋាននៅក្រុង Saint-Etienne មួយនេះ។
 
ទោះបីជាយ៉ាងណាក៏ដោយ កាសែតបានអះអាងថា ម្ចាស់ក្លិបមិនទាន់ផ្តល់ការឆ្លើយតបណាមួយឡើយ។
 
ទាក់ទងនឹងព្រះវត្តមានរបស់ព្រះអង្គម្ចាស់ រ៉ាវីចក្រ កាសែតបារាំង បានរំលឹកពីទំនាក់ទំនងដ៏ស្អិតរមួតពីអតីតកាលរវាងសម្តេចព្រះវររាជបិតា នរោត្តម សីហនុ ជាមួយឧត្តមសេនីយ៍ សាល ដឺហ្គោល។
 
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៤ ជាបុត្រាមួយអង្គរបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រព័ង្ស់និងអ្នកម្នាង ហ៊ុន សឿន។ និយាយរួម ព្រះអង្គជាព្រះរាជនត្តាមួយព្រះអង្គរបស់ព្រះបរមរតនកោដ្ឋ។
 
AS Saint-Etienne ដែលមានរហស្សនាម ក្រុមពណ៌ខៀវ ឬ Les Stéphanois ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩១៩។ ក្លិបនេះ ឈ្នះជើងឯក Ligue 1 ជាកំណត់ត្រារហូតដល់ទៅ១០លើក ហើយបច្ចុប្បន្នស្ថិតក្រោមការដឹកនាំបង្វឹករបស់លោក Claude Puel។
 
ទាក់ទងនឹងព័ត៌មាននេះ សារព័ត៌មានថ្មីៗ ទទួលបានការអះអាងជាផ្លូវការផងដែរពីព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស ដែលជាព្រះរៀមរបស់ព្រះអង្គម្ចាស់ រ៉ាវីចក្រ។ «ជាព័ត៌មានពិត។ នេះជាគម្រោងរបស់ព្រះអនុជខ្ញុំជាមួយមិត្តភក្តិព្រះអង្គដែលអ្នកជំនួញអឺរ៉ុប។ ខ្ញុំរំពឹងថា Saint-Etienne នឹងជ្រើសរើសសំណើនេះ»។ ព្រះរាជបុត្រច្បងរបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រព័ង្ស់ បានអះអាងយ៉ាងដូច្នេះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com