ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងកម្ពុជាប្រចាំUN៖ បារាំងនិងអាមេរិក រិះគន់បញ្ហាសិទ្ធិមនុស្សកម្ពុជា ត្រូវមានតុល្យភាព ចៀសវាងមើលតែមួយជ្រុង
19, Sep 2021 , 9:59 pm        
រូបភាព
លោក អាន សុខខឿន តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប) ។
លោក អាន សុខខឿន តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប) ។
ភ្នំពេញ៖ បារាំងនិងអាមេរិក ដែលរិះគន់បញ្ហាសិទ្ធិមនុស្សកម្ពុជា ត្រូវមានតុល្យភាព ចៀសវាងមើលតែមួយជ្រុង។ នេះបើតាមលោក អាន សុខខឿន តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប) បានចោទសួរបីសំនួរទៅគណៈប្រតិភូបារាំងនិងអាមរិកវិញថា ការរិះគន់ស្ថានភាពសិទ្ធិមនុស្សកម្ពុជា មានហេតុផលត្រឹមត្រូវនិងសមាមាត្រឬទេ?



បើតាមបទអន្តរាគមន៍របស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខខឿន ក្នុងសម័យប្រជុំលើទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប កាលពីថ្ងៃទី១៥កញ្ញា បានប្រតិកម្មជាមួយនឹងប្រតិភូប្រទេសបារាំងនិងអាមេរិក ដែលបានរិះគន់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបញ្ជាក់ថា ការរិះគន់ប្រទេសណាមួយ គឺជាសិទ្ធរបស់គណៈប្រតិភូគ្រប់រូប ប៉ុន្តែត្រូវរិះគន់ឲ្យមានតុល្យភាព ដោយមិនត្រូវពិនិត្យតែមួយជ្រុងឡើយ។

លោកចោទសំនួរ៣ទៅគណៈប្រតិភូជាន់ខ្ពស់ប្រទេសទាំងពីរថា៖ «១តើគណៈប្រតិភូទាំងពីរជឿជាក់ថា មតិលើឡើងរបស់ខ្លួនមានហេតុផលត្រឹមត្រូវឬទេ?...២ តើគណៈប្រតិភូទាំងពីរប្រាកដហើយថា បទអន្តរាគមន៍របស់ខ្លួន មានតុល្យភាព និងមិនជ្រើសរើសតែមួយជ្រុង?...៣ តើគណៈប្រតិភូទាំងពីរជឿថា សេចក្ដីថ្លែងការណ៍របស់ខ្លួនមានភាពសមាមាត្រឬទេ នៅពេលគណៈប្រតិភូទាំងពីរបំប៉ោងសិទ្ធិពលរដ្ឋនិងនយោបាយ ឲ្យសំខាន់ជាងសិទ្ធិផ្សេងទៀត ដូចជាសិទ្ធិរស់រានមានជីវិត សុខភាព ទទួលបានអាហារ ការអប់រំ និងការអភិវឌ្ឍន៍?»។

សម្រាប់លោក សុខខឿន ការរិះគន់របស់ប្រទេសទាំងពីរនោះ គឺផ្ដោតសំខាន់លើការរឹតត្បិតសិទ្ធិនយោបាយ និងវិធានការទប់ស្កាត់កូវីដ-១៩។ លោក សុខខឿន ដែលយល់ពីបំណងរបស់ប្រតិភូទាំងពីរនេះ បានបកស្រាយថា ការវិសោធនកម្មច្បាប់គណបក្សនយោបាយនៅឆ្នាំ២០១៩ សម្រាប់ផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ។ ជាក់ស្ដែង មានអតីតអ្នកនយោបាយប្រឆាំង២៦រូប បានសិទ្ធិធ្វើនយោបាយឡើយវិញ។ ចំណែក វិធានការទប់ស្កាត់កូវីដ-១៩វិញ រដ្ឋបានឧបត្ថម្ភសាច់ប្រាក់ រៀបយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋបានជាង៧០ភាគរយ រហូតឈានដល់បើកសាលារៀនឡើងវិញ។

«សិទ្ធិមនុស្ស មិនប្រើជាអាវុធនយោបាយសម្រាប់វាយប្រហារប្រទេសដទៃ ដោយស្ដង់ដារពីរឡើយ»។ នេះបើតាមការសង្កត់ធ្ងន់របស់លោក សុខខឿន ដោយចំអកវិញថា ប្រទេសខ្លះ ដែលតាំងខ្លួនជាអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្ស បែរជាឃើញមាន របាយការណ៍ផ្ដន្ទាទោសមនុស្សជា៤ម៉ឺននាក់វិញក្នុងឆ្នាំ២០១៨ ដោយសារពលរដ្ឋទាំងនោះ បានចូលរួមធ្វើបាតុកម្ម បង្កហិង្សា និងប្រមាថមន្រី្តជាដើម។

កាលពីពេលថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា សកម្មជនសង្គមនៅទូទាំងពិភពលោក តែងទទួលបានការគាំទ្រ ការលើកទឹកចិត្តពីសាធារណជន និងអាជ្ញាធរ តែសកម្មជនសង្គម ឬសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា ដែលឈរជួរមុខ មានភាពសកម្មក្នុងកិច្ចការពារសិទិ្ធមនុស្ស ការពារផលប្រយោជន៍កម្មករ គ្រូបង្រៀន និង បញ្ហាសង្គម មិនសូវទទួលបានការគាំទ្រ ការលើកទឹកចិត្តពីអាជ្ញាធរឡើយ ហើយថែមទាំងទទួលការគំរាមកំហែង ការបំភិតបំភ័យ និងការជាប់ពន្ធនាគារថែមទៀត។
អត្ថបទទាក់ទង

តែយ៉ាងណាលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការប្រៀបធៀបរបស់ក្រុមអង្គការសង្គមស៊ីវិល ថាមិនត្រឹមត្រូវនោះទេ។ លោក បកស្រាយថា សកម្មជននៅស្រុកគេ ទទួលបានការការពារ និងការលើកទឹកចិត្ត ព្រោះបំពេញការងារស្របច្បាប់ មិនប៉ះពាល់ដល់ប្រយោជន៍ជាតិ មិនបំពានសិទ្ធិអ្នកដទៃ តែសកម្មជននៅកម្ពុជាវិញ ពុំបានអនុវត្តសិទ្ធិតាមច្បាប់ឡើយ។ លោក បន្តថា សកម្មជននៅកម្ពុជា ដែលត្រូវចាប់ខ្លួនទាំងនោះ គឺបានប្រព្រឹត្តបទល្មើស ហើយសមត្ថកិច្ច មានភស្តុតាង មានសក្ខីកម្មរឹងមាំ ក្នុងការចោទប្រកាន់ និងការផ្តន្ទាទោស៕



Tag:
 សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com