ជាតិ
សង្គមជាតិ
កម្ពុជា នឹងរងឥទ្ធិពលសម្ពាធទាបជាថ្មី មួយសប្ដាហ៍ទៀត
20, Sep 2021 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ កម្ពុជា នឹងមានអាកាសធាតុប្រែប្រួលខ្លាំងដោយសារប្រព័ន្ធសម្ពាធទាប កើតឡើងសារជាថ្មី ដែលភ្ជាប់ជាមួយសម្ពាធទាបសកម្មនៅក្នុងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះ អាចធ្វើឱ្យបណ្ដាខេត្តខ្លះ នៅកម្ពុជាមានភ្ញៀង ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ និងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២០ ដល់២៣ ខែកញ្ញា។ នេះបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ។



ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា អាកាសធាតុអាចនឹងប្រែប្រួលខ្លាំង ក្នុងរយៈមួយសប្ដាហ៍នេះ ដែលធ្វើឱ្យផ្នែកខាងជើងនៃប្រទេសកម្ពុជា មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំង។

ក្នុងចន្លោះថ្ងៃទី២៤ និង២៥ នឹងមានវិសម្ពាធមួយកើតឡើង នៅសមុទ្រចិនខាងត្បូង ដែលអាចបង្កើនឥទ្ធិពលទៅជាកូនព្យុះទី១៥។ ព្យុះទី១៥នោះ នឹងធ្វើដំណើរមកប្រទេសវៀតណាម ហើយអាចមានឥទ្ធិពល ទៅលើតំបន់ភាគឦសានកម្ពុជាទៀតផង។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយមដដែល។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះ អាចធ្វើឱ្យផ្ទៃមេឃមានពពកច្រើន មានអ័ព្ទនៅតាមតំបន់វាលទំនាប នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។

ចំណែកឯ តំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ មានផ្ទៃមេឃអាប់អួរមានពពកច្រើន អ័ព្ទផ្សែង និងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅច្រើន នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់(ស្រុកវាលវែង ) ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ តាមរយៈស្ទឹងសែន ដែលអាចនឹងបង្កជាជំនន់ទឹកភ្លៀងដែរ។ នេះបើតាមក្រសួងធនធានទឹក។

ដោយឡែកតំបន់មាត់សមុទ្រ នឹងមានភ្លៀងខ្យល់ និងរលកសមុទ្រមានកម្ពស់មធ្យម ជាពិសេសជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តកោះកុង និងផ្លូវជាតិលេខ៤ជាដើម។
យោងតាមស្ថានភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម សុំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមខ្លួន និងប្រុងប្រយ័ត្នទុកជាមុន ដើម្បីធ្វើយ៉ាងណាអាចជៀសផុតពីបញ្ហា ដែលអាចបង្កដោយគ្រោះធម្មជាតិនោះ៕


Tag:
 អាកាសធាតុ
  សម្ពាធទាប
© រក្សាសិទ្ធិដោយ thmeythmey.com