ជាតិ
សង្គមជាតិ
ច្បាប់ និងបច្ចេកវិទ្យា កំពុងប្រណាំងគ្នានៅកម្ពុជា
20, Sep 2021 , 9:30 am        
រូបភាព
រូបថតផ្តល់ដោយលោក គួច ឧត្តមវិជ្ជា
រូបថតផ្តល់ដោយលោក គួច ឧត្តមវិជ្ជា
 ភ្នំពេញ៖ នៅពេលដែលបច្ចេកវិទ្យា បានក្លាយជាផ្នែកដ៏កាន់តែធំមួយនៃជីវិត របស់ប្រជាជនទូទៅ វាពិតជារឿងមួយសំខាន់ ក្នុងការអនុវត្តច្បាប់ ដើម្បីពិនិត្យមើលថាតើ អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ហើយក៏ដូចជាព្រំដែននៃការទាញយកទិន្នន័យ ពីសំណាក់ប្រជាជនទូទៅ ឬអាជីវកម្មនានា។  លោក គួច ឧត្តមវិជ្ជា ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ លោក និងក្រុមរបស់លោកដែលមានសមាជិកចំនួន ៥ នាក់ បានចូលរួមតំណាងឲ្យសាកលវិទ្យាល័យ នៅក្នុងកម្មវិធីប្រឡងប្រជែងច្បាប់មួយ មានឈ្មោះថា Philip C. Jessup International Law Moot Court ដែលមានការចូលរួមពីសាលាច្បាប់ចំនួន ៥៥០ សាលាមកពីប្រទេសចំនួន ៩០ ផ្សេងៗគ្នា។ នៅក្នុងកិច្ចសម្ភាសនេះ លោកបានចែករំលែកទិដ្ឋភាពរបស់លោក ទៅលើការប្រឈមដែលអាចកើតចេញពីបញ្ញាសិប្បនិម្មិត (Artificial Intelligence / AI) និងបច្ចេកវិទ្យាកុំព្យូទ័រ ទៅលើប្រព័ន្ធនីតិបញ្ញត្តិរបស់ប្រទេសកម្ពុជា។



ដើម្បីជ្រាបព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញអានបទសម្ភាសរវាងលោក គី ចំណា អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey.com) និងលោក គួច ឧត្តមវិជ្ជា ដូចតទៅ៖

គី ចំណា៖ ជាមួយនឹងការធ្វើដំណើរយ៉ាងលឿននៃបច្ចេកវិទ្យា ជាពិសេសនៅក្នុងប្រព័ន្ធបណ្ដាញសង្គមអនឡាញ ដែលមានដូចជា TikTok, Facebook ឬ Telegram តើអំណាចនីតិបញ្ញត្តិនៅក្នុងប្រទេសកម្ពុជា គួរធ្វើយ៉ាងដូចម្ដេចដើម្បីដើរឲ្យទាន់ជាមួយនឹងដំណើរមួយនេះ ហើយដើម្បីធ្វើឱ្យសង្គមយើងមានសុវត្ថិភាព និងភាពរីកចម្រើន?

គួច ឧត្តមវិជ្ជា៖ នៅក្នុងសម័យកាលនេះ យើងអាចចាប់យកទិន្នន័យបានយ៉ាងងាយស្រួលនៅក្នុងដៃរបស់យើង។ វាមានល្បឿនលឿនខ្លាំងណាស់ ហើយវាក៏ត្រូវបានគេចែកចាយ ទៅសឹងតែគ្រប់ទីកន្លែងផងដែរ។ បើតាមតែខ្ញុំឃើញ ខ្ញុំអាចនិយាយបានថាកម្ពុជា បាននឹងកំពុងតែពិនិត្យមើល និងញែកចេញនូវព័ត៌មានមិនពិត ហើយអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញជាច្រើន ក៏ត្រូវបានគេជួយជំរុញឲ្យមានភាពទទួលខុសត្រូវ ទៅលើសកម្មភាពអនឡាញរបស់ពួកគេដែរ។ ខ្ញុំគិតថា នៅពេលដែលបច្ចេកវិទ្យានេះ ធ្វើដំណើរទៅមុខយ៉ាងលឿនដូច្នេះវាមិនមែនគ្រាន់តែជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលតែម្នាក់ឯងនោះទេ វាគឺជាការទទួលខុសត្រូវ របស់មហាជនទូទៅក្នុងការគិតគូរ ពិចារណាឲ្យបានច្បាស់លាស់ ទៅលើប្រភពទិន្នន័យ ដែលពួកគេទទួលបាន។ ហេតុដូច្នេះ វាគឺជាការទទួលខុសត្រូវរួម រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។

គី ចំណា៖
តើលោកគិតថា វាលំបាកដែរឬទេ សម្រាប់វិស័យច្បាប់នៅក្នុងប្រទេសកម្ពុជា ក្នុងការធ្វើដំណើរឲ្យទាន់ នឹងការរីកចម្រើននៃបច្ចេកវិទ្យាដែលមាននៅក្នុងប្រទេសបច្ចុប្បន្ន និងបច្ចេកវិទ្យាដែលអាចហូរចូលមក នៅក្នុងថ្ងៃអនាគត?

គួច ឧត្តមវិជ្ជា៖ សម្រាប់ខ្ញុំ ខ្ញុំអាចចាត់ទុកថាវាលំបាកដែរ ប៉ុន្តែវាមិនមែនលំបាក រហូតដល់យើងមិនអាចទប់ទល់វាបាននោះទេ។ ដើម្បីផ្លាស់ប្ដូរទៅរកអ្វីថ្មី យើងមិនមែនអាចធ្វើវា ក្នុងពេលមួយថ្ងៃនោះទេ។ ពេលខ្លះ វាទាមទារពេលរាប់ឆ្នាំឯណោះ។ ដំបូង យើងត្រូវដឹងពីបរិបទសង្គមកម្ពុជា ទៅលើភាពរីកចម្រើននៃបច្ចេកវិទ្យា។ យើងគួរតែផ្សព្វផ្សាយ ឲ្យមានការយល់ដឹងទៅលើរឿងនេះ ប៉ុន្តែវានៅតែជារឿងលំបាកបន្តិចដែរ នៅពេលដែលប្រជាជនកម្ពុជាជាច្រើនទៀត មិនទាន់មានប្រព័ន្ធអ៊ីនធឺណិតប្រើប្រាស់ល្អនៅឡើយ។ លើសពីនេះទៅទៀត មនុស្សមួយចំនួន ក៏មិនទាន់ដឹងឲ្យច្បាស់ថាអ៊ីនធឺណិត ជាអ្វីនោះដែរ។ ហេតុដូចនេះ ដើម្បីឲ្យមានការផ្លាស់ប្ដូរ ប្រហែលជាយើង គួរតែអនុវត្តកម្មវិធីមួយចំនួន ដែលមានការទាក់ទងជាមួយនឹងចំណេះដឹងផ្នែកបច្ចេកវិទ្យា។ បើនិយាយទៅលើវិស័យច្បាប់វិញ វាអាចថាជារឿងថ្មីមួយ សម្រាប់ប្រទេសកម្ពុជា។ ពួកខ្ញុំ បានធ្វើការទៅលើរឿងនេះយ៉ាងខ្លាំងដែរ ដើម្បីតាមឲ្យទាន់ នូវអ្វីដែលយើងមិនទាន់បានធ្វើ។

គី ចំណា៖ ជាមួយនឹងបញ្ញាសិប្បនិមិត្ត និងយានយន្តដែលអាចបើកបរដោយខ្លួនឯងបាន បើនិយាយដោយទូទៅ និងដោយលម្អិត តើច្បាប់ចរាចរណ៍របស់ប្រទេសកម្ពុជា នឹងអនុវត្តយ៉ាងដូចម្ដេចទៅ លើរថយន្តដែលបើកបរដោយប្រព័ន្ធកុំព្យូទ័រ ?

គួច ឧត្តមវិជ្ជា៖
ខ្ញុំគិតថា វាមិនលំបាកនោះទេ ក្នុងការដឹងថាតើនរណាគេ ជាអ្នកមានទំនួលខុសត្រូវ នៅពេលបើកបររថយន្តស្វ័យប្រវត្តិ។ ជាឧទាហរណ៍ បើទោះបីជារថយន្តនោះដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិក៏ពិតមែន ក៏មនុស្សនៅតែជាអ្នកអង្គុយនៅជិតចង្កូតដដែលដែរ។ ហេតុដូច្នេះ វាមិនមែនដំណើរការ នៅក្រោមប្រព័ន្ធស្វ័យប្រវត្តិទាំងស្រុងនោះទេ។ បើនិយាយពីបញ្ញាសិប្បនិមិត្តវិញ រឿងនេះគឺជារឿងថ្មីសម្រាប់ប្រទេសកម្ពុជា។ ដោយសារវាជារឿងថ្មីនេះហើយ យើងគួរតែឃ្លាំមើលទៅលើបញ្ហា ដែលអាចកើតចេញពីវា។ ក្នុងន័យនេះ យើងអាចបង្កើតច្បាប់ដើម្បីគ្រប់គ្រង កាត់បន្ថយ ឬបញ្ឈប់វាទាំងស្រុង។ ប្រធានបទបញ្ញាសិប្បនិម្មិតនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ជាឧទាហរណ៍ យើងអាចប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងនាមជាអ្នកជំនួយការខាងច្បាប់។ ប្រសិនបើនៅថ្ងៃអនាគត មនុស្សអាចបង្កើតបញ្ញាសិប្បនិម្មិត ក្នុងការជួយទៅកាន់មនុស្សដទៃទៀត ដើម្បីធ្វើការទាញយកទិន្នន័យ ដែលមានតម្លៃចេញពីប្រព័ន្ធយុត្តិធម៌ វានឹងអាចជួយសម្រួលការងារបានច្រើន។ យ៉ាងហោចណាស់ បញ្ញាសិប្បនិម្មិត ក៏អាចជួយកាត់បន្ថយពេលវេលា ដែលមនុស្សប្រើប្រាស់ ក្នុងការស្រាវជ្រាវទៅលើផ្នែកច្បាប់ផងដែរ។ នេះអាចមានឥទ្ធិពល ក្នុងការផ្លាស់ប្ដូរវិស័យច្បាប់។ យើងបានដឹងថា មិនមែនមនុស្សទាំងអស់ អាចមានឱកាសក្នុងការទទួលបានទិន្នន័យដូចគ្នានោះទេ។ ជាឧទាហរណ៍មួយទៀត ការដាក់ឲ្យដំណើរការនូវប្រព័ន្ធយុត្តិធម៌ ទៅលើកម្រិតសេដ្ឋកិច្ចសង្គម តាមរយៈបញ្ញាសិប្បនិម្មិតនោះ ក៏អាចចូលរួមបន្ថយគម្លាតនានាបានដែរ។

គី ចំណា៖ នៅពេលដែលប្រព័ន្ធព័ត៌មានអនឡាញ ប្រព័ន្ធធនាគារអេឡិចត្រូនិក និងប្រព័ន្ធបណ្ដាញសង្គម កំពុងតែរីកដុះដាលនៅកម្ពុជា តាមគំនិតរបស់លោក តើច្បាប់មួយណា គួរតែត្រូវបានគេកែប្រែ ដើម្បីឲ្យវិស័យច្បាប់របស់កម្ពុជា ដើរទាន់សម័យកាល?

គួច ឧត្តមវិជ្ជា៖ ទិន្នន័យរបស់ពួកយើង គឺជាផ្នែកមួយដ៏សំខាន់ទៅលើដំណើរការនៃបច្ចេកវិទ្យាទាំងនេះ។ ទិន្នន័យរបស់ពួកយើង មានតម្លៃណាស់ ប៉ុន្តែមនុស្សទូទៅ មិនដឹងអំពីរឿងនេះ ប៉ុន្មាននោះទេ។ ហេតុដូច្នេះ ច្បាប់នានាដែលមានទំនាក់ទំនង ជាមួយនឹងទិន្នន័យទាំងនោះ ពិតជាមានសារសំខាន់ណាស់ដែរ ក៏ប៉ុន្តែការបង្កើតច្បាប់មួយ គឺជារឿងដែលលំបាកបាត់ទៅហើយ។ លើសពីនេះទៀត ការអនុវត្តច្បាប់ គឺជារឿងមួយកម្រិតលើសហ្នឹងទៀត។ គេទាមទារប្រភពធនធានជាច្រើន ដើម្បីដាក់ឲ្យច្បាប់មួយ ដំណើរការទៅរួចបាន។ ដោយសារតែប្រធានបទបច្ចេកវិទ្យា គឺជារឿងមួយថ្មី វាអាចទាមទារឲ្យមានការផ្លាស់ប្ដូរ ក្នុងទម្រង់ធំមួយ ដើម្បីឲ្យច្បាប់ទាំងនោះអាចដំណើរការបាន។

គី ចំណា៖ សព្វថ្ងៃនេះ តើលោកគិតថាកម្ពុជា មានអ្នកជំនាញច្បាប់ ដែលយល់ដឹងអំពីទំនាក់ទំនងរវាងច្បាប់ និងបច្ចេកវិទ្យាច្រើនរូបដែរឬទេ? ហើយលោកគិតថា ប្រទេសកម្ពុជា នឹងត្រូវការអ្នកជំនាញទាំងនេះច្រើនទៀតដែរឬ នៅក្នុងថ្ងៃអនាគត?

គួច ឧត្តមវិជ្ជា៖ កម្ពុជា នឹងត្រូវការមនុស្សដូចពួកគាត់កាន់តែច្រើន។ ការបង្កើតច្បាប់ថ្មី គឺជាដំណើរការដ៏យូរមួយ។ វាគឺជារឿងល្អ បើយើងមានមនុស្សកាន់តែច្រើន ដែលអាចដឹងពីទំនាក់ទំនងរវាងច្បាប់ និងបច្ចេកវិទ្យា តាមរយៈទិដ្ឋភាពថ្មីៗរបស់ពួកគេ។ លើសពីនេះទៀត បច្ចេកវិទ្យានោះ នឹងមិនឈប់រីកចម្រើននោះទេ។ យើងនឹងត្រូវបន្តសិក្សា និងសម្របខ្លួនទៅតាមរបៀបរស់នៅបែបថ្មី។ ហេតុដូច្នេះ នៅពេលដែលច្បាប់មួយត្រូវបានគេដាក់ឲ្យប្រើប្រាស់ គេទាមទារឲ្យមានមនុស្សតាមដាន ពិនិត្យការអនុវត្តនៃច្បាប់នោះ។ វាជាគំនិតមួយដ៏ល្អ ក្នុងការមានអ្នកជំនាញច្រើន ក្នុងនាមជាធនធានចម្រុះសម្រាប់កម្ពុជា៕


Tag:
 ច្បាប់
  បច្ចេកវិទ្យា
  គួច ឧត្តមវិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com