កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Man Utd វាយបកយកឈ្នះ West Ham ខណៈ Chelsea ឡើងឈរកំពូលតារាង
20, Sep 2021 , 7:50 am        
រូបភាព

Manchester United បន្តរកបាន៣ពិន្ទុបន្ថែមពីការប្រកួតដណ្តើមពានរង្វាន់ Premier League តាមរយៈការវាយបកយកឈ្នះ West Ham United ក្នុងលទ្ធផល ២-១។ Chelsea ឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយឈ្នះ Tottenham Hotspur ៣-០។ ឈ្នះពីរប្រកួតចុងក្រោយជាប់គ្នា Arsenal ឡើងទៅឈរលេខ១៣ក្នុងតារាងលីគកំពូលអង់គ្លេស។


Cristiano Ronaldo នៅតែអាចរកគ្រាប់បាល់ជាបន្តបន្ទាប់សម្រាប់ក្រុម Man Utd។ នៅជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី៥នៅយប់ថ្ងៃទី១៩ ខែកញ្ញា ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ ជាអ្នករកគ្រាប់តាមស្មើឱ្យក្រុមបិសាចក្រហមនៅនាទី៣៥ មុនពេល Said Benrahma ស៊ុតគ្រាប់នាំមុខឱ្យក្រុមញញួរនៅនាទី៣០។

Jesse Lingard ដែលទើបប្តូរចូលនៅវគ្គទី២ រកបានគ្រាប់នាំមុខ និងជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមលោក Ole Gunnar Solskjaer នៅនាទី៨៩។
ក្រុមលោក David Moyes មានឱកាសតាមស្មើវិញ ក្រោយទទួលបានបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារ Luke Shew ធ្វើឱ្យបាល់ប៉ះដៃនៅតំបន់គ្រោះថ្នាក់។ អ្នកចាត់ការសញ្ជាតិស្កុតឡែនរូបនេះ បានសម្រេចឱ្យ Mark Noble ប្តូរចូលដើម្បីទាត់បាល់ប៉េណាល់ទីនេះ ប៉ុន្តែធ្វើមិនបានសម្រេច ក្រោយអ្នកចាំទី David De Gea សង្គ្រោះបាន។ លទ្ធផលក្រុមភ្ញៀវ Man Utd ឈ្នះ West Ham ២-១។

តាមរយៈជ័យជម្នះនេះ Man Utd រកបាន១៣ពិន្ទុពីការប្រកួត៥លើក ឈរចំណាត់ថ្នាក់ទី៣ក្នុងតារាង Premier League និងជាក្រុមដែលមិនទាន់ស្គាល់ចាញ់ដូច Chelsea និង Liverpool ដែរ។

ក្រុមតោខៀវបានឡើងទៅកាន់កំពូលតារាង បន្ទាប់ពីពួកគេរកបានជ័យជម្នះ ៣-០ លើក្រុម Spurs ដោយមាន១៣ពិន្ទុស្មើ Liverpool និង Man Utd។ ក្នុងចំណោម៥ប្រកួត Chelsea ដែលមានលោក Thomas Tuchel ជាអ្នកចាត់ការរបូតតែមួយគ្រាប់ប៉ុណ្ណោះពេលប៉ះស្មើ Liverpool ១-១ នៅសប្តាហ៍ទី២ និងស៊ុតចូលទីគេបាន១២គ្រាប់។

ហង្សក្រហមក្រហមដែលស្ថិតនៅចំណាត់ថ្នាក់ទី២ក្នុងតារាងលីគកំពូលអង់គ្លេស មានសំណល់គ្រាប់ស៊ុតបញ្ចូលទី១១គ្រាប់ស្មើ Chelsea ដែរ។ ជំនួបចុងក្រោយ Liverpool ឈ្នះ Crystal Palace ៣-០។

ក្រុមការពារតំណែងជើងឯក Manchester City បានត្រឹមស្មើ ០-០ ជាមួយ Southampton និងធ្លាក់ទៅលេខ៥មាន១០ពិន្ទុពីការប្រកួត៥លើក។
Brighton & Hove Albion បង្ហាញខ្លួនបានយ៉ាងល្អនៅដើមរដូវកាល ២០២១-២២នេះ។ ក្នុងចំណោម៥ប្រកួតដំបូង Brighton ឈ្នះ៤ និងចាញ់១ពិន្ទុប៉ុណ្ណោះ ជាមួយពិន្ទុសរុប១២ពិន្ទុ និងឈរនៅលេខរៀងទី៤។

Arsenal បន្តជ័យជម្នះលើកទី២របស់ពួកគេ ក្រោយ៣ប្រកួតដំបូងរកបានមិនបាន១ពិន្ទុសោះ។ កាំភ្លើងធំឈ្នះ Burnley នៅជំនួបចុងក្រោយរបស់ពួកគេ និងឡើងទៅឈរលេខរៀងទី១៣ មាន៦ពិន្ទុក្នុងតារាងលីគកំពូលអង់គ្លេស។

Newcastle United, Burnley និង Norwich City នៅបាតតារាង បន្ទាប់ពីពួកគេមិនទាន់ស្គាល់ជ័យជម្នះរៀងខ្លួន៕


Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com