កីឡាអន្តរជាតិ
អន្តរជាតិ
Jimmy Greaves វីរបុរសអង់គ្លេសនិង Spur ទទួលមរណៈភាពវ័យ ៨១ឆ្នាំ
20, Sep 2021 , 12:59 pm        
រូបភាព
លោក Jimmy Greaves ដែលជាវីរបុរសក្រុមតោកំណាចអង់គ្លេស ធ្លាប់បានជួយក្រុមជម្រើសជាតិឈ្នះពានរង្វាន់ World Cup ឆ្នាំ១៩៦៦ បានទទួលមរណភាពក្នុងវ័យ ៨១ឆ្នាំ នាថ្ងៃទី ១៩ ខែកញ្ញា។ នេះបើតាមក្លិប Tottenham Spur។


វីរបុរសក្រុមអង់គ្លេសនឹងក្រុម Spur រូបនេះ គឺជាកីឡាករទី១របស់ក្រុមមាន់ក្នាយមាស ដែលរកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ក្លិប។ លោក Jimmy រកបាន២៦៦គ្រាប់ក្នុងចំណោម ៣៧៩ប្រកួត អំឡុងឆ្នាំ ១៩៦៦ដល់១៩៧០។ លោកបានជួយអង់គ្លេសឈ្នះ World Cup និងក្រុម Spur ឈ្នះពានរង្វាន់ FA Cup ២លើកនិងពានរង្វាន់ European Cup Winners Cup ១លើកផងដែរ។
 
សម្រាប់តោកំណាចអង់គ្លេសលោក Jimmy គឺជាកីឡាករមួយរូប ដេលជាប់ប្រវត្តិសាស្រ្តអង់គ្លេស ក្នុងការរកបាន ៤៤គ្រាប់ ក្នុងចំណោម ៥៧ប្រកួតឲ្យអង់គ្លេស។
 
«យើងពិតជាសោកស្តាយខ្លាំងណាស់អំពីមរណភាពរបស់លោក Jimmy Greaves ដែលជាវីរៈបុរសរបស់ពួកយើង មិនត្រឹមតែក្លិប Spur នោះទេ ប៉ុន្តែគឺជាវីរបុរសខ្សែប្រយុទ្ធអង់គ្លេស ដែលមិនធ្លាប់មានពីមុនមកផងដែរ»។ នេះបើតាមការសរសេរលើគេហទំព័ររបស់ Tottenham Spur។
 
លោក Jimmy ក៏ធ្លាប់លេងឲ្យក្លិប Chelsea និង Westham ហើយលោកក៏ជាកីឡាករម្នាក់ ដែលមានកំណត់ត្រាខ្ពស់ជាងគេ រកបានគ្រាប់បាល់រហូតដល់ ៣៥៧គ្រាប់ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ប្រទេសអង់គ្លេសទាំងមូល៕

© រក្សាសិទ្ធិដោយ thmeythmey.com