រថយន្ត
អន្តរជាតិ
លោក Elon Musk សរសើរក្រុមហ៊ុនយានយន្តចិនលើការអភិវឌ្ឍន៍បច្ចេកទេសរថយន្តអគ្គិសនី
20, Sep 2021 , 7:29 pm        
រូបភាព
លោក Elon Musk នាពិធីបង្ហាញម៉ូដែល Tesla មួយនៅសៀងហៃ កាលពីឆ្នាំ២០២០។ រូបថត Xinhua
លោក Elon Musk នាពិធីបង្ហាញម៉ូដែល Tesla មួយនៅសៀងហៃ កាលពីឆ្នាំ២០២០។ រូបថត Xinhua
ដោយ: ធីតា
លោក Elon Musk បានកោតសរសើរក្រុមហ៊ុនផលិតយានយន្តចិនចំពោះការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តអគ្គិសនី។ ស្ថាបនិកក្រុមហ៊ុន Tesla បានបង្ហាញវត្តមានដ៏ខ្លីនាសន្និសីទមួយតាមប្រព័ន្ធអនឡាញកាលពីថ្ងៃសុក្រ។


ក្រុមហ៊ុន Tesla នឹងសហការជាមួយអាជ្ញាធរនៅជុំវិញពិភពលោកដើម្បីធានាសុវត្ថិភាពទិន្នន័យពីយានយន្តស្វ័យប្រវត្តិ។ នេះជាការអះអាងរបស់លោក Elon Musk នាសន្និសីទ World New Energy Vehicle Congress ដែលរៀបចំនៅខេត្តហៃណាន ប្រទេសចិន។
 
យោងតាម Bloomberg News លោក Musk បានសម្តែងនូវការគោពខ្ពស់ចំពោះបណ្តាក្រុមហ៊ុនផលិតយានយន្តចិនដែលបានជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាយានយន្តអគ្គិសនី ដោយវាយតម្លៃថា ផលិតផលចិនជាសក្តានុពលដ៏អស្ចារ្យនៅលើទីផ្សារយានយន្តអគ្គិសនី។
 
កាលពីឆ្នាំ២០១៩ Tesla បានរោងចក្រមួយនៅក្រុងសៀងហៃ ហើយបានបង្កើតការប្រកួតប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុកមួយចំនួនដូចជា Nio Inc. និង Li Auto Inc. ជាដើម។ ក្នុងឆ្នាំ២០២០ Tesla លក់រថយន្តបាន ១៤៧ ៤៥៥គ្រឿងនៅក្នុងប្រទេសចិន ដែលស្មើ៣០ភាគរយនៃទីផ្សារសាកលរបស់ក្រុមហ៊ុនមួយនេះ។
 
ជាមួយគ្នានេះ លោក Musk បានកត់សម្គាល់ពីកំណើននៃការព្រួយបារម្ភអំពី ការប្រមូលទិន្នន័យពីសំណាក់យានយន្តស្វ័យប្រវត្តិ ហើយលោកអះអាងថា Tesla នឹងធ្វើការជាមួយអាជ្ញាធរជាតិតាមបណ្តាប្រទេសនានា ដើម្បីធានាពីសុវត្ថិភាពទិន្នន័យ និងបញ្ហាផ្សេងៗពាក់ព័ន្ធរថយន្ត។
 
កាលពីដើមឆ្នាំ លោក Musk ក៏បានចេញមុខបដិសេធផងដែរទាក់ទងនឹងការបំពាក់កាម៉េរាក្នុងរថយន្តដែលអាចបញ្ជូនរូបភាពវីដេអូរស៊ើបទៅរដ្ឋាភិបាលអាម៉េរិក។ ករណីដែលប្រទាំងប្រទើសកន្លងមកនេះ គឺបន្ទាប់ពីមានរបាយការណ៍ថា ចិនបានហាមឃាត់សមាជិកយោធា និងបុគ្គលិករដ្ឋមួយចំនួន កុំឲ្យប្រើប្រាស់ Tesla។
 
លោក Musk បានអះអាងថា៖ «យើងយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបញ្ហានេះ យើងគោរពគោលការណ៍ និងរក្សាការសម្ងាត់រាល់ព័ត៌មានទាំងអស់»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com