ពីនេះ ពីនោះ
ជើងក្រាន និង ចង្ក្រាន សរសេរបានដូចគ្នា
21, Sep 2021 , 7:29 am        
រូបភាព
ប្រដាប់សម្រាប់តម្កល់ឆ្នាំងចម្អិនអាហារ មានន័យថា «ជើងក្រាន» ហើយ​ក៏អាចសរសេរ «ចង្ក្រាន» បាន​ផងដែរ។ នេះ​បើតាម​សេចក្តីពន្យល់ក្នុង​វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ដោយបញ្ជាក់ថា ចង្ក្រាន ជាពាក្យសាមញ្ញ។

 
ក្រៅពីនេះ យើង​ក៏បានឃើញ​ការពន្យល់ពាក្យមួយចំនួនទៀតដែលពាក់ព័ន្ធនឹង ជើងក្រាន ឬចង្ក្រាន ផងដែរ។ ពាក្យសំសង្ក្រឹត «អង្គារិ ឬ អង្គារិណី»  សំដៅ​លើ​ជើងក្រានតូចដែលលើកចុះលើកឡើងបាន; ជើងក្រានសៀម; អាំងឡូវ ឬ ជើងក្រានអាំងឡូវ ។
 
ពាក្យ «អន្ទិកា» មានន័យ​ថា ជើងក្រាន ដែលធ្វើដោយដីដុតឆ្អិន  ជើងក្រានលើកបាន, អាំងឡូវ ។ ចំណែកពាក្យ «អាំងឡូ» កម្ចីពីចិន គឺជាជើងក្រានធ្វើដោយដីឥដ្ឋដុតឆ្អិន មានរាងច្រឡោ តូចក្រោមធំលើជាងបន្តិច មានផ្លូវខ្យល់ពីខាងម្ខាង សម្រាប់ដុតធ្យូងប្រើការដាំទឹកក្ដៅជាដើម ( ខ្មែរច្រើនហៅ អុងឡូ ឬ អុងឡូវ, ច្រើនហៅ អុងឡូវ ជាង ) ។
 
មានពាក្យមួយទៀត គឺ «ពោង» ដែលមានន័យថា ចង្ក្រានធំធ្វើដោយដីស្អិតបន្ទើតលើផ្ទៃដីសម្រាប់ដាំខ្ទះធំរម្ងាស់ទឹកត្នោតធ្វើស្ករ ឬសម្រាប់ដាំខ្ទះស្លដណ្ដាំ។ ពោងស្ករ អ្នកស្រុកខ្លះហៅ គុក ថា :  គុកស្ករ, គុកដាំស្ល ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com