អន្តរជាតិ
ប្រមុខ UN ប្រាប់ចិននិងអាម៉េរិក ចៀសវាងសង្គ្រាមត្រជាក់ថ្មី
21, Sep 2021 , 11:09 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ក្នុងសន្និសីទសារព័ត៌មានមួយ។ រូបថត Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ក្នុងសន្និសីទសារព័ត៌មានមួយ។ រូបថត Xinhua
ប្រមុខអង្គការសហប្រជាជាតិ (UN)  អាន់តូនីញ៉ូ ហ្គូតេរ៉េស បានព្រមានពីសង្គ្រាមត្រជាក់ថ្មី ដែលអាចកើតមានរវាងចិននិងអាម៉េរិក។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP ប្រមុខ UN បានអំពាវនាវឱ្យមហាអំណាចធំៗទាំងពីរជួសជុលទំនាក់ទំនងដែលបាក់បែកទាំង​ស្រុង​នេះឡើងវិញ មុនជះឥទ្ធិពលដល់ប្រទសផ្សេងៗ។ ប៉ុន្តែអាម៉េរិកបានឆ្លើយតបវិញថា​ ទំនាក់ទំនងចិន និងអាម៉េរិក មិនមែនជាជម្លោះ តែជាការប្រកួតប្រជែងគ្នា។


«យើងត្រូវចៀសវាងសង្គ្រាមត្រជាក់ថ្មីដែលអាចមានលក្ខណៈខុសពីសង្គ្រាមកាលពីមុន ហើយប្រហែលជាគ្រោះថ្នាក់ និងពិបាកគ្រប់គ្រងជាងមុនទៅទៀត»។ អគ្គលេខាធិការ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស និយាយបែបនេះក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៨ ខែកញ្ញា មុនកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។
 
លោក ហ្គូតេរ៉េស លើកទឹកចិត្តឱ្យមហាអំណាចទាំងពីរ សហការគ្នាដោះស្រាយបញ្ហាអាកាសធាតុ និងរពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំលើវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា បើទោះបីជាមានការខ្វែងគំនិតគ្នាទាក់ទិននឹងរឿងនយោបាយក៏ដោយ។ យ៉ាងណាមិញ លោក ហ្គូតេរ៉េស នៅមើលឃើញថា បច្ចុប្បន្នប្រទេសទាំងពីរ តែងតែប្រឈមមុខដាក់គ្នាលើបញ្ហាផ្សេងៗ ជាជាងការសហការគ្នា។ 
 
សម្រាប់ប្រមុខ UN រូបនេះ ទំនាក់ទំនងរវាងមហាអំណាចទាំងពីរជារឿងចាំបាច់ក្នុងការដោះស្រាយបញ្ហាវ៉ាក់សាំង បម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមលើពិភពលោកជាច្រើនទៀត។ លោកសង្កត់ធ្ងន់ថា បញ្ហាទាំងនេះនឹងមិនអាចដោះស្រាយបានឡើយ ប្រសិនសហគមន៍អន្តរជាតិ និងជាពិសេសប្រទេសមហាអំណាចគ្មានទំនាក់ទំនងនឹងគ្នា។
 
តបនឹងការលើកឡើងរបស់ប្រមុខ UN សេតវិមាននៅថ្ងៃទី២០ ខែកញ្ញាបានឆ្លើយតបថា ទំនាក់ទំនងអាម៉េរិក និងចិនមិនមែនជាជម្លោះឡើយ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បញ្ជាក់ថា រដ្ឋបាលលោក ចូ បៃឌិន មិនយល់ស្របនឹងអ្វីដែលលោក ហ្គូតេរ៉េស លើកឡើងពីទំនាក់ទំនងអាម៉េរិក-ចិន។ 
 
«ទំនាក់ទំនងរបស់យើងជាមួយចិន មិនមែនជាជម្លោះទេប៉ុន្តែជាការប្រកួតប្រជែង»។ មន្រ្តីរដ្ឋបាលលោក បៃឌិន បញ្ជាក់បែបនេះ មុនបន្តថា អាម៉េរិកមិនដែលចង់បង្កើតសង្គ្រាមត្រជាក់ថ្មីជាមួយប្រទេសណាមួយនៅលើពិភពលោកឡើយ៕
 

Tag:
 UN
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com