ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មេធាវីម្នាក់ ប្រឈមចំណាត់ការធ្ងន់ធ្ងរ ក្រោយប្រកាសលក់សន្លឹកឆ្នោត ខណៈសាមីខ្លួនថា និយាយលេង
21, Sep 2021 , 4:20 pm        
រូបភាព
មហាសន្និបាទលើកទី២៤របស់គណៈមេធាវីកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៩។ រូបពីគណៈមេធាវីកម្ពុជា
មហាសន្និបាទលើកទី២៤របស់គណៈមេធាវីកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៩។ រូបពីគណៈមេធាវីកម្ពុជា
សាមីខ្លួន បកស្រាយថា ការប្រកាសលក់សន្លឹកឆ្នោត គ្រាន់តែជាការលេងសើចប៉ុណ្ណោះ ហើយក៏បង្កឲ្យគណៈមេធាវី យល់ច្រឡំ។



គណៈមេធាវីកម្ពុជា ចាប់បានកំហុសរបស់សមាជិកម្នាក់ គឺលោកមេធាវី ផាន់ ច័ន្ទស័ក្តិ ដែលប្រកាសលក់សន្លឹកឆ្នោត តាមក្រុមតេឡេក្រាមឈ្មោះ CLO-មតិមេធាវីកម្ពុជា។ ករណីរបស់លោកមេធាវី ផាន់ ច័ន្ទស័ក្តិ អំពីការប្រកាសលក់សន្លឹកឆ្នោត ត្រូវបានគណៈមេធាវីកម្ពុជា យកទៅលាតត្រដាងជាសាធារណៈ តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។

សេចក្តីថ្លែងការណ៍ ប្រកាសថា៖«គណៈមេធាវី នឹងមានវិធានការយ៉ាងតឹងរឹងចំពោះលោកមេធាវី ផាន់ ច័ន្ទស័ក្តិ ដែលបានបំពានក្រមសីលធម៌មេធាវី និងសេចក្តីសម្រេចស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០នេះ»។

បើតាមគណៈមេធាវីកម្ពុជា លោកមេធាវី ផាន់ ច័ន្ទស័ក្តិ ប្រកាសលក់សន្លឹកឆ្នោត ស្របពេលការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) នឹងមកដល់នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២១នេះ។  គណៈមេធាវីកម្ពុជា អះអាងថា លោកមេធាវី ផាន់ ច័ន្ទស័ក្តិ ប្រកាសលក់សន្លឹកឆ្នោតរបស់លោក ក្នុងតម្លៃ១ពាន់ដុល្លារ ឲ្យបេក្ខជនឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា ដែលចង់ទិញ។

លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗពីវិធានការ ដែលលោកមេធាវី ផាន់ ច័ន្ទស័ក្តិ នឹងត្រូវឈមថា បើលោកមេធវី ផាន់ ច័ន្ទស័ក្តិ ឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាគណៈមេធាវីកម្ពុជាដែរនោះ បេក្ខភាពរបស់លោក អាចនឹងត្រូវដកចេញ តែបើលោក មិនឈរឈ្មោះទេ លោក អាចនឹងត្រូវដកសិទ្ធិមិនឲ្យចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាគណៈមេធាវីកម្ពុជាអាណត្តិទី១០នេះ។

ប្រធានគណៈមេធាវីកម្ពុជា សង្កត់ធ្ងន់ថា៖«បើយើង ពិនិត្យឃើញថាធ្ងន់ធ្ងរជាងហ្នឹងទៀត អាហ្នឹង គឺយើង អាចរហូតដល់ផ្អាកការប្រកបវិជ្ជាជីវៈជាមេធាវី ឬក៏បណ្តេញចេញពីគណៈមេធាវីតែម្តង»។

យ៉ាងណាក៏ដោយ លោកមេធាវី ផាន់ ច័ន្ទស័ក្តិ បែរជាអះអាងថា ការប្រកាសលក់សន្លឹកឆ្នោតនោះ គឺលោក គ្រាន់តែនិយាយលេងសើចជាមួយមេធាវីជាមិត្តភក្តិ ក្នុងក្រុមតេឡេក្រាមប៉ុណ្ណោះ។ លោក បកស្រាយថា បច្ចុប្បន្ន អ្នករាល់គ្នា កំពុងមានបញ្ហាលុយកាក់ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដូច្នេះ លោក ក៏និយាយលេងសើចក្នុងក្រុមតេឡេក្រាមថា បើចង់ឲ្យលោក ទៅចូលរួមបោះឆ្នោត លុះត្រាជួយសោហ៊ុយខ្លះដល់លោក ហើយលោក ក៏ប្រកាសលេងសើចថា លោក ចង់លក់សន្លឹកឆ្នោត។ លោក ថ្លែងថា លោក បានពន្យល់និងបកស្រាយទៅកាន់គណៈមេធាវីតាមបណ្តាញតេឡេក្រាមរួចហើយ អំពីការនិយាយលេងសើចនេះ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកមេធាវី ផាន់ ច័ន្ទស័ក្តិ បញ្ជាក់ដូច្នេះថា៖«គ្រាន់តែជាការយល់ច្រឡំគ្នា អត់មានអីធំដុំ មិនមានអីកើតឡើងធ្ងន់ធ្ងរទេ»។

លោក ផាន់ ច័ន្ទស័ក្តិ ក៏ជាមេធាវីម្នាក់ ដែលធ្លាប់ការពារក្តីឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែរ។ បច្ចុប្បន្ន លោក ជាមន្រ្តីរបស់គណបក្សថ្មីមួយ គឺគណបក្សកែទម្រង់កម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ គណៈមេធាវីកម្ពុជា ចាត់ទុកការប្រកាសលក់សន្លឹកឆ្នោតរបស់លោកមេធាវី ផាន់ ច័ន្ទស័ក្តិ ថាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់គណៈមេធាវីកម្ពុជា៕

Tag:
 គណៈមេធាវី
  លី ចាន់តុលា
  ផាន់ ច័ន្ទស័ក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com