ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖«យើងសុំ យើងរង់ចាំឲ្យមានការជជែកគ្នា តែលោក ហ៊ុន សែន ថាមិនចរចា»
22, Sep 2021 , 1:30 pm        
រូបភាព
លោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន ដឹកនាំសហការីរៀងៗខ្លួន ជួបចរចានយោបាយជាមួយគ្នានៅវិមានរដ្ឋសភា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។ រូបពី AFP
លោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន ដឹកនាំសហការីរៀងៗខ្លួន ជួបចរចានយោបាយជាមួយគ្នានៅវិមានរដ្ឋសភា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។ រូបពី AFP
លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលកំពុងរស់នៅឯក្រៅប្រទេស បង្ហាញជំហរខាងភាគីរបស់លោក ថា តែងមានបំណងចង់ជជែកគ្នាជាមួយភាគីកាន់អំណាច ពិសេសសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែ លោក អះអាងថា ឧបសគ្គ ដែលមិនអាចនាំឲ្យមានការចរចា គឺដោយសារមេដឹកនាំគណបក្សកាន់អំណាច មិនព្រមបន្ទន់ឥរិយាបថ។



ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក សម រង្ស៊ី លើកឡើងថា លោក ចង់បានជាងអ្នកណាទាំងអស់ ក្នុងការចរចាជាមួយភាគីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឆ្ពោះទៅរកដំណោះស្រាយរួមគ្នា និងទុកជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសកម្ពុជា។ លោក ថ្លែងថា៖«យើងត្រៀម យើងស្នើ យើងសុំ យើងរង់ចាំ ឲ្យមានការជជែកគ្នា រកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា ប៉ុន្តែលោក ហ៊ុន សែន គាត់ប្រកាសហើយប្រកាសទៀត ថាមិនចរចាជាមួយពួកប្រឆាំង ពួកក្បត់ជាតិស្អីណា ឧទាមអី ទណ្ឌិតអី ដាច់ខាត់អត់មានការចរចាទេ ហ្នឹងអារម្មណ៍គាត់»។

សម្រាប់ស្ថានភាពនាពេលបច្ចុប្បន្ន ផ្លូវនាំទៅរកការចរចាជាថ្មីរវាងអ្នកកាន់អំណាច និងអ្នកប្រឆាំង ហាក់តូចចង្អៀតណាស់។ ប្រមុខគណបក្សកាន់អំណាច ប្រកាសឡើងវិញក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យកុមារអាយុពី៦ឆ្នាំទៅ១២ឆ្នាំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា៖«អញ គ្មានត្រូវការចរចាជាមួយទេ ប្រាប់អ្នកឯងឲ្យហើយទៅ។ ឥឡូវនេះ បញ្ហារបស់អញ គឺដោះស្រាយកូវីដ ដោះស្រាយសេដ្ឋកិច្ចសង្គម ឈានទៅបោះឆ្នោតឃុំ-សង្កាត់២០២២ និងឈានទៅបោះឆ្នោតថ្នាក់ជាតិ២០២៣។ ការងាររបស់អញ មានតែប៉ុណ្ណឹង។ រឿងរបស់ពួកឯង ទុកនៅតុលាការទៅ»។

លោក សម រង្ស៊ី បន្តថា៖«មិនមែនខាងសម រង្ស៊ី ខាងគណបក្សសង្គ្រោះជាតិទេ ដែលត្រូវបន្ទន់ឥរិយាបថ គឺខាងលោក ហ៊ុន សែនទេ ត្រូវបន្ទន់ឥរិយាបថ»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច សរសេរក្នុងបណ្តាញតេឡេក្រាមថា៖«ទណ្ឌិតក្រៅច្បាប់ ចង់បានណាស់រឿងចរចា ដើម្បីបានរស់ឡើងវិញ តែហួសពេលហើយ ព្រោះបានប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងររួចហើយ»។

លោក សម រង្ស៊ី រំពឹងថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដែលជាខួបទី៣០នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ភាគីប្រឆាំង និងភាគីកាន់អំណាច នឹងបន្ទន់ឥរិយាបថរៀងខ្លួន ហើយនាំគ្នាបែរទៅអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់គ្នា។ បើមានការបន្ទន់ឥរិយាបថ និងមានការចរចាគ្នា ក្នុងឱកាសខួបទី៣០នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពិតមែន លោក វាយតម្លៃមុនថា ប្រជាពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិ នឹងអបអរសាទរយ៉ាងពេញទំហឹង។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងឲ្យកុមារ សម្តេច ហ៊ុន សែន បញ្ជាក់ជាថ្មីថា៖«គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទី២ទេ កុំសង្ឃឹម​ ព្រោះប្រទេសនេះ មិនមែនជាប្រទេសវាយគ្នាឯណា»៕

Tag:
 ហ៊ុន សែន
  សម រង្ស៊ី
  ចរចា
© រក្សាសិទ្ធិដោយ thmeythmey.com