ជាតិ
អភិវឌ្ឍន៍បែបណា ទើបពលរដ្ឋមិនរងគ្រោះ ហើយមិនប៉ះពាល់ដល់បរិស្ថាន?
22, Sep 2021 , 8:59 pm        
រូបភាព
តំណាងពលរដ្ឋប្រមាណ៧០០គ្រួសារពីខេត្តកោះកុង កំពង់ស្ពឺ ឧត្តរមានជ័យ និង ព្រះវិហារ បាននាំគ្នាទៅមុខក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
តំណាងពលរដ្ឋប្រមាណ៧០០គ្រួសារពីខេត្តកោះកុង កំពង់ស្ពឺ ឧត្តរមានជ័យ និង ព្រះវិហារ បាននាំគ្នាទៅមុខក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍សង្គមនិងអ្នកសេដ្ឋកិច្ច យល់ស្របឲ្យមានការអភិវឌ្ឍក្នុងតំបន់អនាធិបតេយ្យនៅទីក្រុង បឹង និងតាមជនបទជាដើម ប៉ន្តែត្រូវអភវិឌ្ឍ ដោយមានការអភិរក្សបរិស្ថាន និងគិតពីសុវត្ថិភាពពលរដ្ឋផង ទើបមិនមានបញ្ហា។ ប៉ុន្តែ រដ្ឋាភិបាលថា វិវាទកើតចេញពីគម្រោងអភិវឌ្ឍន៍នេះ គឺរដ្ឋតែងតែគិតគូពួកគេ តែពលរដ្ឋខ្លះ បែរជាមានគំនិតកេងចំណេញ ។

 
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី សង្កេតឃើញថា បច្ចុប្បន្នពលរដ្ឋចាប់ផ្ដើមខ្លាចពាក្យអភិវឌ្ឍន៍ ដោយសារគម្រោងអភិវឌ្ឍន៍ទៅដល់ទីណា គឺមានជម្លោះនៅទីនោះ។ បញ្ហានេះ លោក មាស នី ដាក់បន្ទុកធ្ងន់ទៅលើរដ្ឋាភិបាល ដែលជាអាជ្ញាកណ្ដាលដោះស្រាយបញ្ហា និងជាអ្នកគ្រប់គ្រង។ 
 
ដើម្បីអភិវឌ្ឍតំបន់មួយទៅមុខដោយរលូន និងគ្មានផលប៉ះពាល់ដល់សិទ្ធិមនុស្សនិងបរិស្ថាននោះ អ្នកវិភាគសង្គមរូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖ «រដ្ឋត្រូវសិក្សាផលប៉ះពាល់ឲ្យច្បាស់លាស់ ហើយត្រៀមឲ្យមានតុល្យភាពរវាងដីសម្បទានសេដ្ឋកិច្ច និងដីសង្គមកិច្ច សម្រាប់ផ្ដល់សំណងដល់ពលរដ្ឋ»។ 
 
លោក មាស នី បន្ថែមថា ការផ្ដល់សំណងជាទឹកប្រាក់វិញ ភាគីរដ្ឋាភិបាលនិងក្រុមហ៊ុន ក៏ត្រូវគិតឲ្យសមតាមតម្លៃទីផ្សារដល់ពលរដ្ឋដែរ។ 
 


 លោក មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម។ (រូបពី៖ រាជបណ្ឌិតសភាពកម្ពុជា)

លោក ស៊ឹង សែងករុណា មន្រី្តផ្នែកស៊ើបអង្កេតនិងសិទ្ធិមនុស្សនៃសមាគមអាហុក(ADHOC) ក៏សង្កេតឃើញដែរថា បញ្ហាចម្បង ដែលកើតចេញពីគម្រោងអភិវឌ្ឍន៍នានា ដោយសារតែក្រុមវាយតម្លៃផលប៉ះពាល់ មិនបានចុះសិក្សាជាមួយពលរដ្ឋមូលដ្ឋាន។ ជាពិសេសការរៀបចំឯកសារមិនត្រឹមត្រូវ ពីសំណាក់មន្ត្រីរដ្ឋាភិបាល និងគ្រប់ហ៊ុនអភិវឌ្ឍន៍។ 
 
មន្រី្តផ្នែកស៊ើបអង្កេតនិងសិទ្ធិមនុស្សនៃសមាគមអាហុក ពន្យល់ថា៖ «ក្រុមដែលចុះសិក្សាធ្វើរបាយការណ៍ខ្លះ រៀបចំឯកសារឲ្យតែល្អមើលនិងគ្រប់លក្ខខណ្ឌ។ ជាក់ស្ដែង ពលរដ្ឋមូលដ្ឋានមិនដឹងរឿងឡើយ។ ដូច្នេះ ចាំបាច់បំផុតឲ្យពលរដ្ឋចូលរួមដឹងឮ បញ្ចេញមតិ និងដោះស្រាយឲ្យហើយ ចាំអនុវត្តគម្រោង។ មិនមែនចុះទៅអភិវឌ្ឍតាមតែផែនការកំណត់នៃគម្រោងឡើយ»។ 
 


 លោក ស៊ឹង សែងករុណា មន្រី្តផ្នែកស៊ើបអង្កេតនិងសិទ្ធិមនុស្សនៃសមាគមអាដហុក(ADHOC)។ (រូបពីទំព័រហ្វេសប៊ុករបស់លោក ករុណា) 

ជុំវិញបញ្ហាបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏ទទួលស្គាល់ថា គ្រប់កន្លែងដែលអភិវឌ្ឍន៍មិនថាតំបន់អនាធិបតេយ្យ បឹង ទីក្រុងឬជនបទក៏ដោយ តែងតែកើតមានបញ្ហាប្រឈមផ្សេងៗគ្នា។ តែយ៉ាងណាអ្នកនាំពាក្យរូបនេះ បានពន្យល់ថា បើបញ្ហារវាងក្រុមហ៊ុន និងពលរដ្ឋដែលមានទីលំនៅត្រឹមត្រូវ មុនគម្រោងអភិវឌន្ឍ៍កើតឡើងនោះ គឺងាយស្រួលដោះស្រាយ ពោលគឺគ្រាន់តែផ្ដល់សំណងសមរម្យប៉ុណ្ណោះ។ ប៉ុន្តែក្នុងករណីវិវាទរវាងក្រុមហ៊ុន និងក្រុមពលរដ្ឋដើរយកដី នៅគម្រោងអភិវឌ្ឍន៍ទើបពិបាកដោះស្រាយ។ 
 
«ក្រុមខ្លះដើរធ្វើអាជីវកម្មតែជាមួយដីសម្រាប់គម្រោងអភិវឌ្ឍន៍នេះឯង មានន័យថា ឈ្នះបានដីចាញ់បានលុយ»។ នេះបើតាមលោក ផៃ ស៊ីផាន។
 
ក្រៅពីកត្តាជនខិលខូចនេះ លោក ផៃ ស៊ីផាន ក៏ទទួលស្គាល់ថា មន្ត្រី និងអាជ្ញាធរខ្លះ ក៏បានគប់គិតជាមួយក្រុមហ៊ុនវិនិយោគ បង្កើតជាបញ្ហាដល់ពលរដ្ឋដែរ។ លោក ផៃ ស៊ីផាន បានឲ្យដឹងថា៖ «យើងឃើញមានសមត្ថកិច្ចមួយចំនួនតូចទេ គាត់អត់មានភាពស្មោះត្រង់ជាមួយច្បាប់ អត់មានការទទួលខុសត្រូវជាមួយកាតព្វកិច្ចរបស់ខ្លួន។ គាត់ច្រើនតែផ្សំគំនិតជាមួយអ្នកអភិវឌ្ឍហ្នឹង បានវារំលោភច្បាប់»។ 
 


 លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។

លោក មាស នី ក៏មើលឃើញថា មានជនខិលខូចខ្លះ បានទៅតាំងទីលំនៅក្នុងកន្លែងអភិវឌ្ឍន៍ ហើយរង់ចាំតែទាមទារសំណងពីរដ្ឋាភិបាលដែរ។ តែយ៉ាងណាអ្នកតាមដានការអភិវឌ្ឍសង្គមរូបនេះ នៅតែដាក់បន្ទុកទៅលើរដ្ឋាភិបាល ដែលត្រូវចុះពិនិត្យការអនុវត្តរបស់ក្រុមហ៊ុនវិនិយោគជាប្រចាំ។ 
 
«រដ្ឋមិនត្រូវអនុញ្ញាតឲ្យក្រុមវិនិយោគមានសិទ្ធិវិនិយោគហើយ លែងខ្វល់នោះទេ។ រដ្ឋមានតួនាទីជាអ្នកជួយដោះស្រាយ កុំបញ្ជូនកម្លាំងទៅសម្រាប់តែបង្ក្រាបនិងបង្កហិង្សាជាមួយពលរដ្ឋ»។ នេះជាការលើកឡើងរបស់លោក មាស នី ដែលសង្កេតឃើញថា កន្លងមកដីសម្បាទានខ្លះ បានទុកចោល ហើយខ្លះទៀត អភិវឌ្ឍខុសពីគម្រោងដែលក្រុមហ៊ុនស្នើសុំ។ 
 
ឆ្លើយតបការលើកឡើងរបស់លោក មាស នី , អ្នកនាំពាក្យរដ្ឋាភិបាល បានបកស្រាយវិញថា អ្នកវិនិយោគទទួលបានគម្រោងអភិវឌ្ឍន៍ ស្របតាមគោលការណ៍បទដ្ឋាននៃច្បាប់។
ដោយឡែករាល់បញ្ហាចម្រូងចម្រាសរវាងក្រុមហ៊ុនវិនិយោគនិងពលរដ្ឋ សមត្ថកិច្ចជាអ្នកចុះទៅដោះស្រាយ។ 
 
 
ទោះមានបញ្ហាប្រឈមបែបនេះក្ដី លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលនៅតែបន្តការអភិវឌ្ឍ ដោយមិនអាចទុកដីទំនេរឡើយ ព្រោះរដ្ឋមានចុក្ខុវិស័យវែងឆ្ងាយ ដែលត្រូវទាញចំណូល ឬបង្កើនសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍន៍នេះ។
 
 «គោលការណ៍អភិវឌ្ឍន៍មានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ បើយើងទុកដីសម្រាប់ដើមឈើដុះទៅ វាអត់ចំណូលចូលក្នុងសង្គមយើងទេ។ បើអភិវឌ្ឍគឺត្រូវតែប្រឈម នឹងពលរដ្ឋទាំងពីក្រុមខាងលើ»។ នេះបើតាមលោក ផៃ ស៊ីផាន ដែលបានបន្ថែមថា ការអភិវឌ្ឍផ្ដោតលើប្រយោជន៍មនុស្សភាគច្រើន ដើម្បីទាញយកពន្ធដារ និងឱកាសការងារ។ 
 
 
 
លោក សឹង សែនករុណា ឯកភាពចំពោះការអភិវឌ្ឍ ព្រោះគ្រប់ប្រទេសទាំងអស់ ត្រូវការភាពរីកចម្រើននិងការប្រកួតប្រជែង។ ប៉ុន្តែការអភិវឌ្ឍនេះ រដ្ឋចាំបាច់បំផុត បញ្ជៀសនូវផលប៉ះពាល់សង្គមនិងបរិស្ថាន។ ជាពិសេសអភិរក្សតំបន់សំខាន់ៗដូចជា បឹងបួរ និងទន្លេជាដើម។
 
«អភិវឌ្ឍន៍ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅបានស្រួល មិនមែនយូរៗទៅ ពលរដ្ឋកាន់តែលំបាកហើយក្រុងកាន់តែលិចទឹកនោះទេ»។ បើតាមមន្រី្តជាន់ខ្ពស់សិទ្ធិមនុស្សអាដហុក ដែលបានបន្ថែមថា បើអភិវឌ្ឍន៍ប៉ះពាល់ដល់បរិស្ថាន និងសង្គម ជាពិសេសពលរដ្ឋនោះ រដ្ឋពុំគប្បីអនុញ្ញាតឲ្យមានការអភិវឌ្ឍឡើយ។ 
 
ពាក់ព័ន្ធនឹងការយកទីតាំងណាមួយទៅអភិវឌ្ឍន៍នេះ លោក ឆេង គីមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ថា បណ្ដាក្រុមហ៊ុន ដែលចុះទៅអភិវឌ្ឍន៍ ត្រូវសហការជាមួយរដ្ឋ និងប្រជាជនតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ចប់បញ្ហានានា ដែលកើតមាន។ បើតាមលោក គីមឡុង ការអភិវឌ្ឍន៍តំបន់ណាមួយ ត្រូវផ្ដោតលើការអភិរក្ស ដើម្បីរក្សានិងការពារប្រព័ន្ធអេកូឡូស៊ី រួមទាំងបរិស្ថាននៅជុំវិញ។ 
 
«ជាគំនិតខ្ញុំ តំបន់មួយចំនួន ដូចបឹង គួរតែអភិរក្ស។ ទន្ទឹមនោះ មួយផ្នែកណានៃបឹងឬតំបន់ ដែលអាចអភិវឌ្ឍគឺអភិវឌ្ឍ ដោយរក្សានិងការពារប្រព័ន្ធអេកូឡូស៊ី និងពង្រឹងបន្ថែមប្រព័ន្ធការពារកុំឲ្យមានគ្រោះមហន្តរាយ ទឹកជំនន់ឬផលប៉ះពាល់បរិស្ថានណាមួយ ដែលបង្កឡើងពីគម្រោងអភិវឌ្ឍនបឹងឬតំបន់ធម្មជាតិផ្សេងទៀត»។ អ្នកវិភាគសេដ្ឋកិច្ចរូបនេះ ក៏ទទួលស្គាល់ដែរថា ការអភិវឌ្ឍន៍នឹងជំរុញឲ្យមានឱកាសការងារ រួមទាំងប្រភពចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់។ 
 

 លោក ឆេង គីមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។ 

កន្លងមកសម្ដេច ហ៊ុន សែន ក៏ដឹងពីបញ្ហាអភិវឌ្ឍន៍នេះដែរ។ ប៉ុន្តែសម្ដេច បានបកស្រាយវិញថា ការអភិវឌ្ឍតែងតែមានផលប៉ះពាល់ដល់ពលរដ្ឋ តែរដ្ឋត្រូវសម្រេចចិត្តលើការអភិវឌ្ឍន៍ ដើម្បីភាពរីកចម្រើន និងផលប្រយោជន៍រួមប្រទេសជាតិ៕
 
 

Tag:
 សង្គម
  ការអភិវឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com